ប្រដាល់ ៖ ម៉ន សាម៉េត ក្លិបកងចក្ររាជសីហ៍ និង គួន ប៊ុមហ៊ីម អ្នកប្រដាល់ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង បានដឹកដៃគ្នាទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីពួកគេទាំងពីរ បានវាយឈ្នះលើគូប្រកួតក្នុងជម្រុះចុងក្រោយ វគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍TV5 Boxing Knock-Out Series by K-Cement កាលពីយប់ថ្ងៃទី២៦មករានោះ។
នៅក្នុងការប្រកួតជម្រុះចុងក្រោយ វគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ(៨នាក់ចុងក្រោយ) អ្នកប្រដាល់ពូកែឌឺយុគ យក្សផ្លែ ក្លិបបូរីរាជសីហ៍មានរិទ្ធ ទទួលបរាជ័យក្រោមកណ្ដាប់ដៃម៉ន សាម៉េតក្លិបកងចក្ររាជសីហ៍ ។ យក្សផ្លែ គេហាក់ញញើតចំពោះម៉ន សាម៉េតតែម្តង ដោយក្នុងទឹក១និងទឹក២ គេមិនសូវចូលវាយប្តូរទេ ទាល់តែដល់ទឹក៣ទើបឃើញយក្សផ្លែចូលវាយប្ដូរកណ្ដាប់ដៃជាមួយ ម៉ន សាម៉េត ប៉ុន្តែអ្វីៗគឺវាយហួសពេលបាត់ទៅហើយ ដោយយក្សផ្លែចាញ់ សាម៉េត ពីរទឹកដំបូងដាច់បាត់ទៅហើយ។
អ្នកប្រដាល់ទាំង២រូបនេះ សុទ្ធតែពូកែឌឺដាក់គូប្រកួតដូចគ្នាតែ សាម៉េត ឌឺ ហើយ វាយល្អចំពោះយក្សផ្លែ ឌឺ តែវាយអន់។ យក្សផ្លែ ដែលមានជំនឿចិត្តថានឹងប្រជែងបានកៅអីសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះ ត្រូវសាម៉េត ប្រើកណ្ដាប់ដៃវាយរាប់៨ នៅទឹកទី២។
ដោយការប្រកួតមានតែ៣ទឹកនោះ ទោះបីយក្សផ្លែរកឱកាសដើម្បីវាយសង្គ្រុបលើ សាម៉េត វិញ ក៏ ទៅមិនរួចដែរ មិនតែប៉ុណ្ណោះ គេបែរជាត្រូវ សាម៉េត ច្រាស់សងមកវិញយ៉ាងចាស់ដៃ។ បញ្ចប់ការប្រកួត សាម៉េត ឈ្នះយក្សផ្លែ ដោយពិន្ទុដាច់ ៥ទល់០ គឺចៅក្រមទាំង៥សុទ្ធតែផ្ដល់ពិន្ទុឲ្យ សាម៉េតឈ្នះទាំងអស់គ្នា។
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរ គួន ប៊ុនហ៊ីម ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង បានយកឈ្នះអ្នកប្រដាល់យ៉ន ពិសី មកពីក្លិបសាលវ័ន្តកីឡាដោយពិន្ទុដាច់ដែរ។
ការប្រកួតដែលមានតែ៣ទឹកនោះ ប៊ុនហ៊ីម មានប្រៀបលើ ពិសី ទាំង៣ទឹកតែម្ដង។ ចៅក្រមទាំង៥សុទ្ធតែផ្ដល់ពិន្ទុឲ្យ ប៊ុនហ៊ីម ឈ្នះទាំងអស់គ្នា។
ជាមួយនឹងជ័យជំនះនេះ គួន ប៊ុនហ៊ីម និង ម៉ន សាម៉េត ដឹកដៃគ្នា ឡើងទៅប្រកួតបន្តវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឯ យុគ យក្សផ្លែ និង យ៉ន ពិសី ហាលអាវត្រឹមនេះ។
ការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះ មាស សុជាតិ ក្លិបឃ្លាំងមឿងកីឡាប្រកួតចាញ់អ្នកប្រដាល់ជើងខ្លាំង ថៃភេច ណាំអេក (Phich Nam Ek)ដោយពិន្ទុដាច់តែម្ដង។
ការប្រកួតរវាងអ្នកប្រដាល់រួមជាតិ ក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះ សុខ វីរ៉ា ក្លិបសំរោងកោង ខេត្តបាត់ដំបង ប្រកួតចាញ់ ហ៊ឹម គឹមរៀង ក្លិបតាព្រហ្មមានជ័យដោយពិន្ទុ។ ម៉ៃ សុភ័ក្ត្រ ក្លិបស្វាយរលំឬទ្ធិជ័យប្រកួតចាញ់អ្នកប្រដាល់ អេន ស៊ាងឡុង ក្លិបតាព្រហ្មមានជ័យដោយពិន្ទុ៕
Source: Kampuchea Thmey Daily
0 Comments