បាត់ដំបង ៖ ករណីចោរកម្ម ក្នុងក្រុងបាត់ដំបងកន្លងមក តែងកើតមានឡើងជាញឹកញាប់ ហើយមិនបានរំខានដល់សមត្ថកិច្ចនោះទេ ដោយជនល្មើសគេចខ្លួនបានយ៉ាងរលូន។ ជាក់ស្តែងថ្មីៗនេះជនល្មើស បានធ្វើសកម្មភាពនៅចន្លោះម៉ោង០៧និង០០នាទី ដល់ម៉ោង១១និង៣០នាទី នាថ្ងៃទី២៧ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចក្រុមទី១៧ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបង ហើយជនល្មើស ក៏គេចខ្លួនបានដោយសុវត្ថិភាពផងដែរ ក្រោយពីធ្វើសកម្មភាពបានសម្រេច។
តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ករណីចោរលួច(គាស់ស្រយូវសោផ្ទះ)ខាងលើនេះ បានកើតឡើងនៅវេលា និងថ្ងៃខែខាងលើនោះ បានបង្កដោយជនសង្ស័យមិនស្គាល់សាវតារ បានធ្វើសកម្មភាពគាស់ស្រយូវសោផ្ទះ ចូលលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ឈ្មោះ វ៉ាត់ ថាវី ភេទស្រីអាយុ៥០ឆ្នាំ មុខរបរលក់ដូរ ទីលំនៅចំណុចកើតហេតុខាងលើ ខណៈជនរងគ្រោះចាក់សោផ្ទះ ហើយចេញទៅរកស៊ីនៅខាងក្រៅ ក៏ស្រាប់តែមានចោរគាស់យកទ្រព្យសម្បត្តិតែម្ដង។
របាយការណ៍បានលំអិតថា សម្ភារៈដែលជនរងគ្រោះបាត់បង់រួមមាន ខ្សែដៃមាសចំនួន០១ខ្សែ ទម្ងន់៥ជី,ខ្សែកមាសចំនួន០១ខ្សែ ទម្ងន់៥ជី,ប្រាក់ដុល្លារ១.៨០០ដុល្លារ(មួយពាន់ប្រាំបីរយដុល្លារ) និងប្រាក់បាតថៃ១.០០០បាត(មួយពាន់បាត)ផងដែរ។
ពាក់ព័ន្ធនឹងករណីនេះ ត្រូវបានមតិប្រជាពលរដ្ឋរិះគន់ថា បច្ចុប្បន្ន លោកអធិការក្រុងបាត់ដំបង ហាក់ដូចជាបន្ធូរដៃពេកហើយ ដែលជាកត្តាធ្វើឲ្យពួកគាត់លែងចង់ដើរប្រកបមុខរបរចោលផ្ទះឆ្ងាយដោយគ្មានភាពកក់ក្តៅពីសមត្ថកិច្ច។
បើទោះបីមតិរបស់ពលរដ្ឋបែបនេះក៏ដោយចុះ ចំណែកមតិរបស់សមត្ថកិច្ចក្រុងបាត់ដំបងឯណេះវិញបានបញ្ជាក់ថា ចំពោះករណីនេះ បច្ចុប្បន្នកម្លាំង នៃអធិការក្រុងកំពុងធ្វើការស្រាវជ្រាវដើម្បីកំណត់មុខសញ្ញា និងឈានដល់ការចាប់ខ្លួនជនល្មើសមកផ្ដន្ទាទោសទៅតាមច្បាប់ឲ្យខានតែបាន៕
Source: Kampuchea Thmey Daily
0 Comments