Ad Code

ឃុន ឌី​ម៉ា ផ្ដួល​ជើង​ខ្លាំង​ថៃ Phan Phayak ឲ្យ​សន្លប់ ​ក្នុង​ទឹក​ទី​៣



​ប្រដាល់ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង និង​ជា​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម​ឆ្នាំ​២០១៧​របស់​កម្ពុជា គឺ ឃុន ឌី​ម៉ា ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ បាន​យកឈ្នះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​ថៃ Phan Phayak ក្នុង ទឹក​ទី​២ ក្នុង​កម្មវិធី​ប្រដាល់​មិត្តភាព​អន្តរជាតិ​Boostrong Fighter On Fire នៅលើ​សង្វៀន​SEA-TV កាលពី​ព្រឹក​ថ្ងៃទី​២៧​ ខែមករា​ ឆ្នាំ​២០១៩។​

Phan Phayak នេះ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​ថៃ ជា​ជើង​ខ្លាំង​ប្រចាំ​Thai Fight ដែល​គេ​យកមក​ដើម្បី​បំបាក់​ជើង​ខ្លាំង​កម្ពុជា​ឃុន ឌី​ម៉ា​នោះ បាន​វាយ​ចាញ់​ឃុន ឌី​ម៉ា ត្រង់​ឌី​ម៉ា​គេ​រហ័ស​ជាង ប្រើ​កែង​ឆ្វេង​វាយ​ចំ​គុម្ព​ថ្គាម​ស្តាំ​មួយ​កែង​ពេញ​ទំហឹង បណ្តាលឲ្យ​ Phan Phayak ដួលសន្លប់​លែង​ក្រោក ទោះបី​អាជ្ញាកណ្ដាល​រាប់​ដល់​ដប់​ហើយ​ក្តី។

ក្នុងការ​ប្រកួត​ពីរ​ទឹក​ដំបូង ឌី​ម៉ា ក៏​ពិបាក​នឹង​យក​ប្រៀប​លើ Phan Phayak នេះដែរ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ ពិតជា​ជើង​ខ្លាំង​មែន ដោយ​គេ​រឹងមាំ​ និង​មាន​កលល្បិច​ក្នុងការ​ប្រកួត តែ​យ៉ាងណា Phan Phayak ភ្លេច​គិតថា​គេ​ប៉ះ​ប្រកួត​ជាមួយ​ជើង​ខ្លាំង​កម្ពុជា និង ជា​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម​ផង​នោះ គួបផ្សំ​នឹង​ឌី​ម៉ា​រហ័ស​ និង​មាន​ផ្លែ​កែង​ជាង បានធ្វើឲ្យ​គេ​សន្លប់​យ៉ាង​ងាយស្រួល​បែបនេះ​។​

សូមបញ្ជាក់ថា ឃុន ឌី​ម៉ា ក្នុងការ​ប្រកួត​ចំនួន​១០៤​លើក គេ​វាយ​ឈ្នះ​៩០​លើក​ទៅហើយ​ទាំង​លើក​នេះ​ផង។ ហើយ​មុន​ឈ្នះ Phan Phayak នេះ ឌី​ម៉ា​ក៏បាន​ផ្ដួល​អ្នក​ប្រដាល់​ថៃ​YuokPhit ក្នុង​ទឹក​ទី​២ ផ​ង​ដែរ។

ចំពោះ រិ​ន សា​រ័ត្ន អ្នក​ប្រដាល់​ក្លិប​អប់រំ​កាយ​កីឡា​ស្រុក​អន្លង់វែង ដែល​គេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Fa Mechhai ក្នុង​ទម្ងន់​៦៥​គីឡូក្រាម​នោះ បាន​វាយ​ឈ្នះ Mechhai ដោយ​ពិន្ទុ។

ហើយ​អ្នក​ប្រដាល់​ម៉ន ព្រហ្ម​ម៉ាញ ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ដែល​ត្រូវគេ​ផ្គូ​ឲ្យ​ប្រកួត​ជា​មួយ​អ្នក​ប្រដាល់​អ៊ីរ៉ង់ Ali Farazadeh ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម​វិញ​នោះ គឺ​បាន​ត្រឹម​ស្មើគ្នា​ប៉ុណ្ណោះ។​

សូមបញ្ជាក់ថា ម៉ន ព្រហ្ម​ម៉ាញ មាន​កំណត់​ត្រា​ប្រកួត​ចំនួន​៦៦​លើក ក្នុងនោះ​វាយ​ឈ្នះ​៥១​លើក ចាញ់​១៤​លើក និង​ស្មើ ០១​លើក​។ ចំណែក​Ali Farazadeh គេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​១៣​លើក ឈ្នះ​១០​លើក ចាញ់​០៣​លើក និង​មិនដែល​ស្មើ។
•​ចាន់ សំអាត និង ហេង វាសនា ចាញ់​ថៃ​ដូចគ្នា ក្នុង​ជម្រុះ​ខ្សែក្រវាត់​Wurkz លើក​ទី​២
​ការប្រកួត​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​ជើងឯក​Wurkz ទម្ងន់​៦០​គីឡូក្រាម នៅ​សង្វៀន​ទូរទស្សន៍​SEATV កាលពី​រសៀល​ថ្ងៃអាទិត្យ​ ទី​២៧​ ខែ​មករា ឆ្នាំ​​២០១៩ ដែលជា​ការប្រកួត​ជម្រុះ​សប្ដាហ៍​ទី​២ លើក​ទី​២ រវាង​អ្នក​ប្រដាល់​កម្ពុជា ចាន់ សំអាត ក្លិប​អប់រំ​កាយ​កីឡា​ស្រុក​អន្លង់វែង និង​អ្នក​ប្រដាល់​ថៃ Yorth Katang You ហើយ​អ្នក​ប្រដាល់​កម្ពុជា​ហេង វាសនា ក្លិប​ព្រៃទទឹង ខេត្តបាត់ដំបង និង​អ្នក​ប្រដាល់​ថៃ Chhav Vallit នោះ គឺ​ខ្មែរ​ចាញ់​ទាំងពីរ​នាក់​តែម្តង។​
​ ​
ចាន់ សំអាត បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ Yorth Katang You ដោយ​ពិន្ទុ ហើយ​ហេង វាសនា អ្នក​ប្រដាល់​កម្ពុជា​ក្លិប​ព្រៃទទឹង​ខេត្តបាត់ដំបង ក៏​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ Chhav Vallit​ដោយ​ពិន្ទុ​ដែរ បន្ទាប់ពី​ប្រកួត​គ្នា​៥​ទឹក​ពេញ​នោះ។

ជាមួយនឹង​ការបរាជ័យ​នេះ ចាន់ សំអាត និង​ហេង វាសនា ទទួលបាន​១​ពិន្ទុ​ម្នាក់ ក្នុងការ​ប្រកួត​មួយ​ប្រកួត​ដំបូង​នេះ។ ចំណែក អ្នក​ប្រដាល់​ថៃ Yorth Katang You និង Chhav Vallit ពួកគេ​បាន​៣​ពិន្ទុ​ម្នាក់ ។​

ចំពោះ​ការ​ការប្រកួត​ក្រៅពី​គូ​ខ្សែក្រវាត់​នេះ ងួន គា អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្តរតនគិរី​បាន​សង​សឹក សង គង់ អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា​បានសម្រេច ដោយ​វាយ​ឈ្នះ​សង គង់ ដោយ​ពិន្ទុ​។​ ពីរ​នាក់​នេះ ជួប​គ្នា​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu