ភ្នំពេញ ៖ ប្រុស/ស្រី២នាក់ ប្ដីប្រពន្ធ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់ខ្លួនបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកព្រលឹមថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងសំណុំរឿងឆបោក ក្រោមរូបភាពលក់ដីខ្យល់ប្រមូលប្រាក់ពីអ្នកទិញប្រមាណ១លានដុល្លារ។
ជនសង្ស័យទាំង២នាក់មាន ១-ឈ្មោះ ជៀម ច័ន្ទបុរី អាយុ៥០ឆ្នាំ ជាប្រពន្ធ មានស្រុកកំណើតនៅភូមិគោកទ្រា ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ បច្ចុប្បន្នរស់នៅផ្ទះលេខ៥៤៥៥ ផ្លូវសម្បត្តិមាស១ បុរីសម្បត្តិមាស ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ ២-ឈ្មោះ អ៊ូ សៀករ៉ាន់ អាយុ៤៨ឆ្នាំ ជាប្ដី។
ប្រភពព័ត៌មានបានបញ្ជាក់ថា រូបភាពឆបោក នៃបុគ្គលទាំង២នាក់ ដោយមុនដំបូងឡើយ ពួកគេបានចាត់តាំងគ្នីគ្នាឲ្យមានអ្នកដើរតួនៅខាងក្រៅប្រទេស ជាមួយនឹងមេធាវីផង ទៅចុះកិច្ចសន្យាជាមួយធនាគារ ដើម្បីឲ្យអ្នកទិញបង់ប្រាក់លក់ដីខ្យល់ឲ្យប្រជាពលរដ្ឋ ដោយមានប្ដីប្រពន្ធ២នាក់ ជាជនសង្ស័យដើរឃោសនាអូសទាញប្រជាពលរដ្ឋឲ្យជឿស៊ប់ ព្រមទិញ និងបង់ប្រាក់ឲ្យពួកគេ។
ក្នុងនោះមានប្រជាពលរដ្ឋចំនួន១២គ្រួសារ បានចាញ់កលល្បិចលក់ដីខ្យល់នេះ បានបង់លុយទិញដីជាបន្តបន្ទាប់ គ្រួសារខ្លះ៥ម៉ឺនដុល្លារ ខ្លះ៨ម៉ឺនដុល្លារ ខ្លះរហូតដល់៣៥ម៉ឺនដុល្លារ សរុបប្រមាណ១លានដុល្លារឯណោះ ប៉ុន្តែមិនឃើញមានអ្វីជាថ្នូរទេ ក្រៅអំពីក្រដាសបង្ហាញពីដីអភិវឌ្ឍនៅកន្លែងនេះកន្លែងនោះមិនច្បាស់លាស់។
ដោយកើតការសង្ស័យ ម្ចាស់លុយ ក៏ដាក់ពាក្យប្ដឹងមកសមត្ថកិច្ចតែម្ដង ទើបប៉ូលិសបានចាប់ខ្លួនជនសង្ស័យទាំង២នាក់ កាលពីថ្ងៃទី១៥មករា នាំមកក្រសួងមហាផ្ទៃ ដើម្បីសាកសួរកសាងសំណុំរឿងបញ្ជូនមកអយ្យការអមសាលាដំបូងដើម្បីបន្តនីតិវិធី។
ចំណែកព្រះសង្ឃមួយអង្គដែលទៅជាប់ជំពាក់ក្នុងសាច់រឿងនឹងគេដែរនោះ ដោយសារកន្លងមក ព្រះសង្ឃនេះបានឲ្យប្រាក់ចំនួន២ពាន់ដុល្លារទៅប្ដីប្រពន្ធ២នាក់នេះខ្ចី លុះពេលឃើញសមត្ថកិច្ចចុះទៅចាប់ខ្លួន ប្ដីប្រពន្ធ២នាក់ ឆ្ងល់ ក៏ចូលមកសួរ ទើបដឹងថា ញោមគាត់ឆបោកគេបានប្រាក់ច្រើនណាស់កន្លងទៅ។
ឥឡូវនេះអយ្យការអមសាលាដំបូងកំពុងសាកសួរជនសង្ស័យនៅឡើយ មិនទាន់មានការសម្រេចតាមផ្លូវច្បាប់បែបណាទេ៕
Source: Kampuchea Thmey Daily
0 Comments