Ad Code

ចោរ​ឆក់​កាបូប​ស្រី​ស្អាត​​ លេច​មុខ​យុវជន​បី​នាក់​មក​សួរនាំ​ហើយ​ជិះ​ដេញ​តាម​ចោរ ​តែ​ត្រូវ​ជាប់​ការ​សង្ស័យ​ពី​សមត្ថកិច្ច



ភ្នំពេញ​ ៖ ​សង្ស័យ​ជា​មុខសញ្ញា​ដដែលៗ​ ព្រោះ​កន្លែង​កើតហេតុ​ និង​សកម្មភាព​ពេលវេលា​ជាដើម​ដែល​ជនល្មើស​បានធ្វើ​សកម្មភាព​ វា​ហាក់​ដូចជា​ដដែលៗ​ តែ​សមត្ថកិច្ច​ហាក់​មិនសូវ​ចាប់អារម្មណ៍​យកចិត្តទុកដាក់​នៅ​ចំណុច​នោះ​សោះ​ ជាហេតុ​នាំ​ឲ្យ​ក្រុម​ជនល្មើស​នៅតែ​មាន​ឱកាស​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​បានសម្រេច​ជាប្រចាំ។

ជាក់ស្ដែង​នៅពេលនេះ​ នារី​ម្នាក់​ ទើប​ចេញ​មកពី​ធ្វើការ​វិញ ជិះ​ម៉ូតូ​មកដល់​ចំណុច​កើតហេតុ ​ត្រូវ​ក្រុម​ចោរ​ធ្វើ​សកម្មភាព​ឆក់​កាបូប​បាន​សម្រេច ហើយ​សមត្ថកិច្ច​តាម​ឃាត់ខ្លួន​អ្នក​ផ្សេង​បីនាក់​ មក​សួរ​នាំ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ ថ្ងៃទី​១៦​ ខែ​មករា ​ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ទល់មុខ​ប្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ​ស្ថិតនៅ​ភូមិ​ក្បាលដំរី​២​ សង្កាត់​កា​កាប​ទី​២ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

ចំពោះ​ចំណុច​ទីតាំង​កើតហេតុ​នេះ​ កាលពី​សប្ដាហ៍​មុន ​ក៏​ត្រូវ​បាន​ចោរឆក់​ទូរស័ព្ទ​ពី​បុរស​ម្នាក់​បាន​សម្រេច​ផងដែរ​ ដោយ​ជនសង្ស័យ​ធ្វើ​សកម្មភាព​នៅ​ចន្លោះ​ម៉ោង​ប្រហែល​គ្នា​ ហើយ​ជិះ​ត្រឡប់​ក្រោយ​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព។​

ជនរងគ្រោះ ​ឈ្មោះ អៀង លីដា​ណេ ភេទ​ស្រី​ អាយុ​២១​ឆ្នាំ​ មុខរបរ​រដ្ឋបាល​ក្រុមហ៊ុន​សិប្បកម្ម​ត្បូង​ពេជ្រ ​ស្នាក់នៅ​បុរី​ពិភពថ្មី​កំបូល ​​ស្ថិតនៅ​សង្កាត់ កន្ទោក​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានី​ភ្នំពេញ​​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ ស៊េរី​២០១៧​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CE-9250​។ សម្ភារៈ បាត់​បង់​រួមមាន ទូរស័ព្ទ​ចំនួន​២​គ្រឿង ​លុយ​ជាង​២០​ដុល្លារ អត្តសញ្ញាណប័ណ្ណ​ និង​កាត ATM​មួយ​ចំនួន។

ជនសង្ស័យ​ទី​១​-ឈ្មោះ ផាវ សុផាត ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ ​មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោងក្រោម​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ ទី​២​-ឈ្មោះ វ៉ែន ធី​ម ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មុខ​របរ ជាង​ផ្សារ​ដែក ​រស់នៅ​ភូមិ​ចាក់​ជ្រូក​សង្កាត់​សំរោងក្រោម​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ទី​៣-​ឈ្មោះ កុយ សឿន ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ​ មុខរបរ​ជាងផ្សារដែក​ ស្នាក់នៅ​ភូមិ​ចាក់​ជ្រូក ​សង្កាត់​សំរោង​ក្រោម​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្រុកកំណើត​នៅ​ស្រុក​រំដួល​ ខេត្ត​ស្វាយរៀង​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ​តាមពិត​អ្នក​ទាំង​បីនាក់​ខាងលើនេះ ​គ្រាន់តែ​ជា​ជនសង្ស័យ​ប៉ុណ្ណោះ​ដោយសារ​ក្រោយពេល​កើតហេតុ​ភ្លាមៗ ​ពួកគេ​ឃើញ​ជនរងគ្រោះ​ជា​ស្រី​ស្អាត ​ក៏បាន​ឈប់​ម៉ូតូ​សួរ​សុខទុក្ខ​ ដោយ​សួរ​ជនរងគ្រោះ​ថា ចោរឆក់​កាបូប​មែន ក្រោយពេល​ដឹងថា​នាង​ស្អាត​ម្នាក់នេះ​ត្រូវ​ចោរឆក់​កាបូប​យុវជន​ទាំងបី​នាក់​នេះ​ធ្វើជា​អ្នកក្លាហាន​ជួយ​ស្រី​ស្អាត ដោយ​ជិះ​ម៉ូតូ​ដេញចោរ​ទាំង​មិនដឹងថា​ ចោរ​ជិះ​គេច​ទៅតាម​ណា​ផង​ ហើយ​ត្រូវបាន​សមត្ថកិច្ច​ និង​ជនរងគ្រោះ​ដាក់​ការ​សង្ស័យ​ថា ​ជា​ក្រុមបក្ខ​ពួកចោរ​ទៅវិញ​ ហើយ​សមត្ថកិច្ច​ដេញចាប់​មក​សួរនាំ ​ទើប​ដឹងថា​ពួកនេះ​មិនដឹង​អី​សោះ។​

តាម​ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ​បាន​និយាយថា ​មុនពេល​កើតហេតុ ​គាត់​បាន​ត្រឡប់​មកពី​ធ្វើការ​ក្នុង​ក្រុមហ៊ុន​វិញ ដោយ​ជិះ​ម៉ូតូ​ម្នាក់ឯង​ និង​ស្ពាយ​កាបូប ​ក្នុង​នោះ ​ដោយមាន​ទូរស័ព្ទ​ចំនួន​២​គ្រឿង ម៉ាក​អាយ​ហ្វូ​ន​ស៊ិច​ផ្លឺ​ស មួយគ្រឿង ​និង​ម៉ាក​អូ​ប៉ូ ​​ចំណែក​លុយ​មាន​តិចតួច​ទេ ប្រមាណ​ជាង​២០​ដុល្លារ​តែប៉ុណ្ណោះ។ លុះ​បើក​មកដល់​ចំណុចកើតហេតុ ​​ឃើញ​ជនសង្ស័យ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក ស៊ុយ​សូ​គី​និ​ច ​ដោយ​មិនបាន​ចាំ​ពណ៌ និង​ស្លាក​លេខ​ឡើយ ដោយ​ជិះ​គ្នា​២​នាក់ ​ក្នុងទិសដៅ​ស្រប​ជាមួយគ្នា ពី​កើ​តទៅ​លិច ​នៅពេល​ជិះ​មកដល់​ទន្ទឹមគ្នា​ បានធ្វើ​សកម្មភាព​ឆក់​យក​កាបូប របស់​គាត់ ដោយ​គាត់​ស្រែក​ថា ចោរឆក់​កាបូបៗ ​ពេលនោះ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ត្រឡប់​ក្រោយ​វិញ​។

ប្រភព​បន្ដថា​ ពេល​ឆក់​បាន​ភ្លាមៗ ​ស្រាប់​តែមាន​យុវជន​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ​បានមក​សួរ​គាត់​ថា​ចោរឆក់​កាបូប​មែន ហើយ​ក្រុមយុវជន​នោះបាន​ជិះ​ដេញតាម​ចោរ​ភ្លាមៗ​ផងដែរ។ ពេលដែល​ជន​រងគ្រោះ​ដេញ​ជនសង្ស័យ​ឆក់​កាបូប​នោះ​ ក៏​មាន​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ បាន​ជួយ​សហការ​ដេញ​ឃាត់​ជនសង្ស័យ​ដែល​មក​សួរនាំ​នោះ​ភ្លាមៗ​ផងដែរ​ ព្រោះ​កាយវិការ​គួរ​ឲ្យ​សង្ស័យ ​អាចជា​អ្នក​ចាំ​បិទគូទ ហើយ​ឈានដល់​ការឃាត់​បាន​៣​នាក់​នេះ​ភ្លាមៗ ដើម្បី​នាំយកទៅ​សាកសួរ​ បន្ទាប់ពី​សួរនាំ​រួច​ ដោយ​មិនមាន​ហេតុផល​គ្រប់គ្រាន់​សម្រាប់​ដាក់​បន្ទុក​ទើប​បាន​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​ភ្លាមៗ​ផងដែរ​។

ក្រោយពេល​កើតហេតុ ​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្ដឹង​ដើម្បីឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ ជួយ​ស៊ើបអង្កេត​ស្រាវជ្រាវ​រកមុខ​សញ្ញា​ចោរឆក់​នោះ​មក​ផ្ដន្ទាទោស​តាមច្បាប់​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu