ប្រដាល់ ៖ អ្នកប្រដាល់កម្ពុជា ពុទ្ធ ឆាយរិទ្ធី ក្លិបពុទ្ធសេរីវង្សកីឡា ត្រូវគេផ្គូឲ្យជួបជាមួយថៃ ហើយ ចៅ ផលឌឿ អ្នកប្រដាល់ក្លិបសំរោងកោងខេត្តបាត់ដំបង ត្រូវជួបជាមួយអ្នកប្រដាល់បារាំង នៅសង្វៀនទូរទស្សន៍SEATV នាយប់ថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ២០១៩នេះ។
ពុទ្ធ ឆាយរិទ្ធី នឹងជួបអ្នកប្រដាល់ថៃចំណូលថ្មីឈ្មោះ Phat Phisanouk ដោយប្រកួតក្នុងទម្ងន់៦៧គីឡូក្រាម ឯអ្នកប្រដាល់កម្ពុជាចៅ ផលឌឿ ត្រូវជួបជាមួយអ្នកប្រដាល់បារាំងចំណូលថ្មីដែរ គឺAduol ក្នុងទម្ងន់៦៧គីឡូក្រាមដូចគ្នា។
សម្រាប់ជំនួបរវាងពុទ្ធ ឆាយរិទ្ធី និង Phat Phisanouk នេះ ពួកគេទាំងពីរនាក់នេះ មិនធ្លាប់ជួបគ្នាទេកន្លងមក ព្រោះអ្នកប្រដាល់ថៃរូបនេះ ទើបតែមកស្រុកខ្មែរជាលើកដំបូងប៉ុណ្ណោះ។
ពុទ្ធ ឆាយរិទ្ធី និង Phat Phisanouk នេះ បើតាមការកត់សម្គាល់នោះ Phat Phisanouk ប្រហែលជាពុំអាចឈ្នះពុទ្ធ ឆាយរិទ្ធី នោះទេ ដោយសារ Phat Phisanouk គេមិនជាខ្លាំងប៉ុន្មាននោះ។ គេមានប្រវត្តិប្រកួតចំនួន៦៤លើក ឈ្នះ៥២លើក ចាញ់១១លើក និងស្មើ០១លើក ខណៈដែល ពុទ្ធ ឆាយរិទ្ធី គេមានកំនត់ត្រាប្រកួត១១៥លើក ឈ្នះ៨៨លើក ចាញ់២៥លើក និងស្មើ០២លើក។
ទោះជាយ៉ាងណាក្តី សម្រាប់ការជួបគ្នានេះ ពុំអាចសន្និដ្ឋានមុនថា អ្នកណាឈ្នះ អ្នកណាចាញ់នោះឡើយ ហើយពីរនាក់នេះ ក៏មិនអាចអ្នកណាមើលស្រាលអ្នកណាបានដែរ។
ចំពោះអ្នកប្រដាល់ចៅ ផលឌឿ និង Aduolអ្នកប្រដាល់បារាំងវិញនោះ ក៏ពុំដឹងថា ចៅ ផលឌឿ ដែលជាអ្នកប្រដាល់ចាស់នោះ អាចយកឈ្នះអ្នកប្រដាល់ជនជាតិបារាំងចំណូលថ្មី បានឬអត់នោះដែរ។
ចៅ ផលឌឿ គេធ្លាប់ប៉ះជាមួយបរទេសតែម្តងគត់ កាលពីជាង៣ឆ្នាំមុន ដែលកាលណោះគេជួបជាមួយថៃ ហើយវាយចាញ់ថៃដោយពិន្ទុ។
សម្រាប់ជំនួបថ្ងៃទី១៩មករានេះ បើតាមក្រុមអ្នកវិភាគប្រដាល់អះអាងនោះថា ចៅ ផលឌឿ ប្រហែលជាយ៉ាប់ជាមួយAduol ហើយ បើទោះជាAduol ទើបមកថ្មីនិងមានប្រវត្តិប្រកួតតិចតួចក្តី ព្រោះ ផលឌឿ គេទាបពិបាកវាយជាមួយអ្នកខ្ពស់ណាស់។
តែសម្រាប់ការកត់សម្គាល់ឃើញវិញ ចៅ ផលឌឿ ជាអ្នកប្រដាល់ដែលមានកម្លាំងកាយសម្បទារឹងមាំ និងស៊ុហ្វខ្លាំង វាយមិនចេះហត់ឡើយ។ ដោយសារ អាងកម្លាំងបាយបែបនេះ ផលឌឿ គេវាយអត់ខ្លាចទាល់តែសោះ ផ្ទុយទៅវិញគេរឹតតែសម្រុកចូលវាយគូប្រកួតខ្លាំងលើសដើម។
អ្នកប្រដាល់ណា ដែលចាប់គូប៉ះផលឌឿ គឺពិបាកស៊ីបន្តិចហើយ។ ចង់អ្នកនោះខ្លាំង ឬខ្សោយ ឲ្យតែប៉ះ ផលឌឿ គឺរាងយ៉ាប់ស៊ីបន្តិចហើយ ព្រោះផលឌឿ វាយមិនប្រណីដៃទេ ធ្វើម៉េចឲ្យតែបានឈ្នះលើគូប្រកួត។
ប៉ុន្តែទោះជាយ៉ាងនេះក្តី ប៉ះជាមួយបារាំងAduol ចៅផលឌឿ ក៏វេទនាខ្លួនដែរ ព្រោះ Aduol ក៏ចេញប្រដាល់ស្ទាត់គួរសមដែរ បើតាមអ្នកដឹកនាំកីឡាករបរទេសឲ្យដឹង។ និយាយរួម ផលឌឿ គេមានផ្លែល្អជាងAduol ល្បិចកលក្នុងការប្រកួត ក៏សំបូរបែបដែរ គ្រាន់តែអន់កម្ពស់មួយមុខប៉ុណ្ណោះ។
ចៅ ផលឌឿ គេមានកំណត់ត្រាប្រកួតចំនួន៨៩លើក ឈ្នះ៦៦លើក ចាញ់១៩លើក និងស្មើ០៤លើក ។ការប្រកួតចុងក្រោយរបស់ចៅ ផលឌឿ គឺវាយស្មើជាមួយធា នុរាជ អ្នកប្រដាល់ជើងចាស់ក្លិបមកុដរាជសីហ៍។ ឯ Aduol គេមាកំណត់ត្រាប្រកួតចំនួន៤៥លើក ឈ្នះ៣៣លើក និងស្មើ០១លើក។ ចាំមើល ចៅ ផលឌឿ និង អ្នកប្រដាល់បារាំងAduol តើនរណា ជាអ្នកឈ្នះនោះ?។
ចំពោះការប្រកួតរវាងខ្មែរ និងខ្មែរវិញ វ៉ែន សុវណ្ណ អ្នកប្រដាល់ជើងចាស់ក្លិបកងកេងមានរិទ្ធ នឹងឡើងសងសឹក នន់ ជំនិត អ្នកប្រដាល់ជើងចាស់ក្លិបស្វាយរលំឫទ្ធិជ័យ ដោយជួបគ្នាក្នុងទម្ងន់៦៩គីឡូក្រាម ហើយចាន់ សាន់ អ្នកប្រដាល់ក្លិបនិរោធមានជ័យ គេក៏នឹងជួបសងសឹកជាមួយ ម៉ន វ៉ាន្នី អ្នកប្រដាល់ក្លិបការិយាល័យទី៥ កងទ័ពជើងគោកដែរ ដោយជួបប្រកួតគ្នាក្នុងទម្ងន់៥៤គីឡូក្រាម៕
Source: Kampuchea Thmey Daily
0 Comments