សៀមរាប ៖ កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ា ស៊ីហ្វិក ដែលសភាកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ជោគជ័យ នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ បន្ទាប់ពីដំណើរការប្រជុំរយៈពេល៣ថ្ងៃ នៅសណ្ឋាគារសុខា ខេត្តសៀមរាប។
ថ្លែងក្នុងពិធីវេទិកានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧។
សម្តេចប្រធានរដ្ឋ សភាបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រAPPF នៅលើទឹកដីអង្គរនេះ បានផ្តល់គោលគំនិត និងទស្សនៈវិស័យវែងឆ្ងាយ និងបានដាក់ចេញនូវយុទ្ធសាស្ត្រជាគន្លឹះ ដើម្បីស្ថាបនារួមគ្នានូវតំបន់មួយ មានសុខសន្តិភាព ស្ថិរភាព សុខដុមរមនា និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលជាសេចក្តីប្រាថ្នារួមរបស់ប្រជាជាតិ។
សម្តេចបន្តថា កិច្ចប្រជុំរយៈពេល៣ថ្ងៃកន្លងមកនេះ ពិតជាបានដំណើរការទៅយ៉ាងមមាញឹក ក្នុងបរិយាកាសមិត្តភាព សាមគ្គី ភាព សហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាននូវសេចក្តីសម្រេចសំខាន់ៗ។ សន្តិភាពនៅក្នុងតំបន់ និងសកលលោក គឺជាកត្តាចម្បងចាំបាច់សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ។
កិច្ចប្រជុំលើកទី២៧ APPF បានប្រារព្ធធ្វើឡើងក្រោមប្រធានបទ “ពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព” ដោយបានប្រជុំពិភាក្សាគ្នាលើវិស័យចំនួន៤ គឺ កិច្ចប្រជុំសមាជិកសភាស្ត្រីAPPF វិស័យសហប្រតិបត្តិការតំបន់ វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម វិស័យនយោបាយ និងសន្តិសុខ ដែលសរុបមានសេចក្ដីព្រាងសេចក្តីសម្រេចចំនួន៤៣ ដែលប្រទេសសមាជិក APPF លើកឡើង ហើយជាចុងបញ្ចប់កិច្ចប្រជុំAPPF បានធ្វើសំយោគបញ្ចូលមកនៅត្រឹម១៥សេចក្តីព្រាងសេចក្តីសម្រេច។
កិច្ចប្រជុំបានអនុម័តលើសេចក្ដីព្រាងសេចក្តីសម្រេចចំនួន១៤ ដោយទុកសេចក្ដីព្រាងសេចក្តីសម្រេចមួយបន្តពិភាក្សានៅប្រទេសអូស្ត្រាលី នៅឆ្នាំ២០២០ទៀត។
ក្នុងសុន្ទរកថាបិទកិច្ចប្រជុំ សម្ដេចប្រធាន APPF លើកទី២៧ បានគូសបញ្ជាក់ថា អ្វីដែលជាលទ្ធផលនៃសេចក្ដីសម្រេចនានា ដែលបានអនុម័ត នៅក្នុងកិច្ចប្រជុំរយៈពេលបីថ្ងៃមកនេះ បានសំដៅដល់ការដោះស្រាយបញ្ហារួមក្នុងតំបន់ ដែលមានដូចជាការកសាងទំនុកចិត្តគ្នាទៅវិញទៅមក ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងបទល្មើសតាមប្រព័ន្ធអ៊ីនធឺណិត ការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ការពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូលើវិស័យពាណិជ្ជកម្ម និងវិនិយោគជាដើម។
សម្តេចប្រធាន APPF បានសង្កត់ធ្ងន់ថា ជាការពិតណាស់ សន្តិភាព និងស្ថិរភាព ជាបុរេលក្ខខ័ណ្ឌដ៏ចាំបាច់សម្រាប់ការកសាង និងអភិវឌ្ឍន៍សង្គមជាតិ។
បើប្រទេសមួយកំពុងស្ថិតនៅក្នុងគ្រោះមហន្តរាយ មានសង្គ្រាម ឬអស្ថិរភាពនោះ គ្មានទេការអភិវឌ្ឍន៍ និងភាពរុងរឿងរបស់ប្រទេសជាតិ។
សម្តេចបានមានប្រសាសន៍បន្តថា “សន្តិភាព និងការអភិវឌ្ឍន៍” ត្រូវដើរទន្ទឹម គ្នា។ បើប្រទេសមួយមានតែសន្តិភាព ប៉ុន្តែគ្មានការអភិវឌ្ឍន៍រីកចម្រើន ប្រទេសនោះក៏មិនអាចមានសន្តិភាពនៅស្ថិតស្ថេរគង់វង្សយូរអង្វែងបានឡើយ។ “ដូច្នេះយើង ត្រូវបន្តលើកកម្ពស់កិច្ចសហ ប្រតិបត្តិការលើគ្រប់វិស័យ ក្នុងនោះវិស័យ នយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ ប្រទេសនីមួយៗត្រូវការពឹងផ្អែកសេដ្ឋកិច្ចគ្នាទៅវិញទៅមក ដើម្បីទទួលបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងវិបុល ភាព។ ក្នុងន័យនេះពាណិជ្ជកម្ម និងវិនិយោគ គឺជាចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិរបស់យើង។
ក្នុងពិធីបិទនេះ សមាជិកវេទិកាសភាអាស៊ី-ប៉ា ស៊ីហ្វិក ដែលចូលរួមប្រជុំបានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួម ព្រមទាំងបានប្រកាសជ្រើសយកប្រទេសអូស្ត្រាលី ជាប្រទេសទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំAPPF លើកទី២៨ បន្តពីកម្ពុជា នៅឆ្នាំ២០២០។ ចំណែកសាធារណរដ្ឋកូរ៉េ ទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APPF លើកទី២៩ នៅឆ្នាំ២០២១៕
Source: Kampuchea Thmey Daily
0 Comments