Ad Code

អ្នក​ប្រដាល់​ទម្ងន់​៦៥​គ​.​ក្រ ៤​រូប ជួបគ្នា​ដណ្តើមរ​ង្វាន់​ប្រាក់​លាន​បាយ័ន​



•​នី​ម នន ជួប លីន វិ​រៈ​
​ប្រដាល់ ៖ អ្នក​ប្រដាល់​ទម្ងន់​៦៥​គ​.​ក្រ ចំនួន​៤​រូប នឹង​ជួបគ្នា​ដើម្បី​ប្រកួត​ដណ្តើមយក​ពានរង្វាន់​ប្រាក់​លាន​របស់​ស្ថានីយទូរទស្សន៍​បាយ័ន។ អ្នកខ្លាំង​ទាំង​៤​រូបនោះ គឺ​វ៉ែន ហុង​ជី​វ៉ុ​ង អ្នក​ប្រដាល់​ក្លិប​មកុដ​រាជសីហ៍ , សំខាន់ ប៉ាវ​ចិន អ្នក​ប្រដាល់​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក , នូវ ដា​រ៉ូ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ និង ធឹ​ម ទាន់ អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្តរតនគិរី។​

ការប្រកួត​ជម្រុះ​ដណ្តើមពាន​រង្វាន់​ប្រាក់​លាន​ទូរទស្សន៍​បាយ័ន​ទម្ងន់​៦៥​គីឡូក្រាម ឆ្នាំ​២០១៩ នឹង​ចាប់​ផ្តើម​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ ទី​១៩​មករា​នេះ នៅលើ​សង្វៀន​ស្ទឹងមានជ័យ។​
​ ​
ក្នុងចំណោម​អ្នក​ប្រដាល់​ទាំង​៤​រូបនេះ សុទ្ធតែ​ធ្លាប់​ជួបគ្នា​ក្នុងការ​ប្រកួត​កន្លងមក គ្រាន់តែ​លើក​នេះ គេ​ផ្គូ​មិន​ឲ្យ​ជួបគ្នា​ក្នុង​វគ្គ​ជម្រុះ​ដំបូង​ប៉ុណ្ណោះ។ ការប្រកួត​ដណ្តើមពាន​រង្វាន់​ប្រាក់​លាន​ទូរទស្សន៍​បាយ័ន ដែល​ប្រព្រឹត្ត​ទៅតាម​រូបមន្ត​ប្រកួត​ម៉ា​រ៉ា​តុង​នេះ គឺមាន​ពីរ​វគ្គ​នេះ វគ្គ​ជម្រុះ​លើក​ទី​១ និង វគ្គ​ផ្ដាច់ព្រ័ត្រ។​

សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​លើក​ទី​១​នោះ វ៉ែន ហុង​ជី​វ៉ុ​ង​ក្លិប​មកុដ​រាជសីហ៍ នឹងត្រូវ​ប៉ះ​ជាមួយ​សំខាន់ ប៉ាវ​ចិន ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ហើយ​នូវ ដា​រ៉ូ ក្លិប​អាណាចក្រ​គុន​ខ្មែរ ប៉ះ​ជាមួយ ធឹ​ម ទាន់ ក្លិប​រាជ​សីហ៍​ខេត្តរតនគិរី។​

រវាង​វ៉ែន ហុង​ជី​វ៉ុ​ង និង សំខាន់ ប៉ាវ​ចិន ពួកគេ​ទាំងពីរ មិន​ធ្លាប់​ជួបគ្នា​ទេ តែ​យ៉ាងណា​២​នាក់​នេះ វ៉ែន ហុង​ជី​វ៉ុ​ង គេ​ល្អ​និង​ខ្លាំង​ជាង​សំខាន់ ប៉ាវ​ចិន។ ​យ៉ាងណា សំខាន់​ប៉ាវ​ចិន ថ្វីត្បិតតែ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ តែ​គេ​ក៏​វាយ​ល្អ​និង​ខ្លាំង​ដែរ។ ប៉ុន្តែ​យ៉ាងណា​ប្រហែលជា​មិនអាច​ឈ្នះ ហុង​ជី​វ៉ុ​ង​នោះ​ទេ។

ឯ នូវ ដា​រ៉ូ ដែល​ត្រូវ​ជួប​ជាមួយ ធឹ​ម ទាន់ នោះ ក៏​ពិបាក​ទស្សន៍ទាយ​ដែរ ព្រោះ​ពីរ​នាក់​នេះ​ពុំ​ធ្លាប់​ជួប​គ្នា។ តែ​យ៉ាងណា​រវាង​ពួកគេ​ពីរ​នាក់​នេះ នូវ ដា​រ៉ូ ហាក់​មានប្រៀប​ឈ្នះ​ច្រើនជាង។

ដូច្នេះ​ ក្នុងចំណោម​៤​នាក់​ខាងលើ អ្នក​ដែល​អាច​ឈានទៅ​ប្រកួត​ផ្តាច់ព្រ័ត្រ​នោះ គឺមាន​តែ វ៉ែន ហុង​ជី​វ៉ុ​ង និង​នូវ ដា​រ៉ូ ដែល​អាច​នឹង​ឡើងទៅ​ជួបគ្នា​នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ។

គួរ​បញ្ជាក់ថា ការប្រកួត​ដណ្តើម​ប្រាក់​លាន​នេះ ប្រព្រឹត្តិ​ទៅតាម​រូបមន្ត​ជាការ​ប្រកួត​Marathon គឺ​ចាញ់​ហាលអាវ ឈ្នះ​ត្រូវ​បន្ត​ការប្រកួត​ទៀត ទាល់តែ​រកឃើញ​ជើងឯក​ម្ចាស់​ពាន ក្នុងពេល​តែមួយ។

ដោយឡែក សម្រាប់​ការប្រកួត​គូ​ឯក​វិញ​នោះ គឺ​នី​ម នន អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ នឹង​ជួប​ប្រកួត​ជាមួយ​លីន វិ​រៈ អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ។ ពួកគេ​ទាំងពីរ​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម។

ពីរ​នាក់​នេះ មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក។ រវាង​នី​ម នន និង លីន វិ​រៈ​នេះ អ្នកណា​ឈ្នះ អ្នកណា​ចាញ់ គឺ​សុទ្ធតែ​តឹងតែង​និង​វេទនា​ហើយ ព្រោះ​អ្នក​ប្រដាល់​ទាំងពីរ​នេះ សុទ្ធតែជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​ដូចគ្នា​។​

នី​ម នន គេ​ប្រកួត​ចុងក្រោយ​នេះ វាយ​ឈ្នះ​សេក គឹម​សាន្ត អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្ត​សៀមរាប ដោយ​ពិន្ទុ ឯ លីន វិ​រៈ ប្រកួត​ចុងក្រោយ​គេ​វាយ​ឈ្នះ​លី តឿន អ្នក​ប្រដាល់​ក្លិប​មកុដ​រាជ​សីហ៍ ដោយ​ពិន្ទុ៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu