ស្វាយរៀង ៖ ដំណាំស្វាយចន្ទី មានកំណើនកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ គប្បីក្រសួង មន្ទីរ កសិកម្ម និងផ្នែកពាក់ព័ន្ធ ចុះជួយបណ្ដុះបណ្ដាលពីបច្ចេកទេស ដាំ និង ថែទាំ ដើម្បីបានទិន្នផលខ្ពស់។
លោក សុខ ជាដាលីន ពលរដ្ឋរស់នៅ ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ បានអំពាវនាវ និងស្នើដល់ក្រសួង និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទជួយចុះធ្វើការបណ្តុះបណ្តាលបច្ចេកទេស ដាំ និងថែទាំ ដំណាំស្វាយចន្ទី ដើម្បីទទួលបានទិន្នផលខ្ពស់បន្តិច និងជួយរកទីផ្សារទទួលទិញឲ្យច្បាស់លាស់ផង ខណៈដែលក្រុមគាត់ដាំបាន ហើយប្រមូលផលមិនគ្រប់នឹងតម្លៃដើមផង។
លោកបានបន្តទៀតថា បច្ចុប្បន្ន ការដាំដំណាំស្វាយចន្ទី នៅក្នុងឃុំត្រស់ និងស្រុករមាសហែកមានការដាំកើនឡើងច្រើនជាងបណ្តាឆ្នាំមុនៗ រីឯការថែទាំលើដំណាំ មិនសូវមានបច្ចេកទេសត្រឹមត្រូវទេ ដូច្នេះហើយ មន្ទីរ និងក្រសួង គួរចុះ អប់រំ ផ្សព្វផ្សាយពីវិធី ថែទាំ បច្ចេកទេសដាំ ឲ្យបានញឹកញាប់ ដើម្បីពួកគាត់ទទួលបាន បច្ចេកទេសយក ទៅអនុវត្តដាំឲ្យទទួលបានទិន្នផល និងតម្លៃបានខ្ពស់ជាងនេះបន្តិច ពីព្រោះសព្វថ្ងៃពុំទាន់មានក្រុមហ៊ុនណាមួយមកទទួលទិញនោះទេ ដោយធ្វើបានផលហើយត្រូវដឹកទៅលក់ឈ្មួញដែលបានទាបស្ទើរពុំរួចដើមផង។
ទាក់ទងទៅនឹងការស្នើសុំរបស់ពលរដ្ឋ ឲ្យមន្ទីរកសិកម្ម ក៏ដូចក្រសួងចុះជួយបណ្តុះបណ្តាល បច្ចេកទេសដាំ និងថែទាំ ដំណាំស្វាយចន្ទី នោះ លោក ថាច់ រតនា ប្រធានមន្ទីរកសិកម្មខេត្ត បានប្រាប់ឲ្យដឹងតាមទូរស័ព្ទថា សំណើ ដែលពលរដ្ឋស្នើឲ្យមន្ទីរជួយបណ្ដុះបណ្ដាលនោះ មន្ទីរ នឹងទទួលចុះផ្សព្វផ្សាយ អប់រំ បច្ចេកទេស និងរបៀបថែទាំនៅពេលខាងមុខ ខណៈដែលមន្ត្រីជំនាញចុះស្វែងយល់ពីទិន្នន័យដាំដំណាំទាំងនោះ តែទោះជាយ៉ាងណាមន្ទីរបានចុះស្វែងយល់ដំណាំកសិឧស្សាហកម្មនេះ ញឹកញាប់ណាស់ហើយ ព្រមទាំងជំរុញចលនាដាំបន្ថែម ឲ្យអស់លទ្ធភាពដី ដើម្បីបម្រើការនាំចេញ។
ជុំវិញការស្នើសុំរកទីផ្សារប្រមូលទិញផលិតផល( គ្រាប់ស្វាយចន្ទី ) ដែលផលិតបាននោះ មន្ទីរ នឹងសហការជាមួយផ្នែកពាក់ព័ន្ធ ដើម្បីស្វែងរកនៅពេលណាមួយសមស្រប បន្ទាប់ពីផលិតផលយើងសម្រេចផលិតបានច្រើន និងតម្រូវការរោងចក្រ សហគ្រាសណាមួយ៕
Source: Kampuchea Thmey Daily
0 Comments