Ad Code

ការប្រើប្រាស់​ប័ណ្ណឥណទាន​ពន្ធ​វី​សា​ និង​ប័ណ្ណឥណទាន​ប្រភេទ​វី​សា​មានការ​កើនឡើង​នៅ​កម្ពុជា​



​ភ្នំពេញ ​៖​ បច្ចុប្បន្ន​ការប្រើប្រាស់​ប័ណ្ណឥណទាន​ពន្ធ​និង​ប័ណ្ណឥណទាន​ប្រភេទ​វី​សា​មានការ​កើនឡើង​គួរ​ឲ្យ​កត់សំគាល់​នៅ​ប្រទេស​កម្ពុជា ​ព្រោះថា​ការប្រើប្រាស់​ប័ណ្ណ​ទាំងនេះ​ងាយស្រួល​ដល់​អតិថិជន​ក្នុងការ​ទូទាត់​សាច់ប្រាក់​ និង​ទិញ​ឬ​កក់​ទំនិញ​ឬ​សណ្ឋាគារ​តាមរយៈ​អន​ឡាញ​នៅ​ទូទាំង​ពិភពលោក​ផងដែរ​។​

លោក រ័ត្ន សុវណ្ណ​នរៈ អគ្គនាយក​ត្រួតពិនិត្យ​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​ការធ្វើ​ប្រតិបត្តិ​ការផ្តល់សេវា​ទូទាត់​ជា​ប័ណ្ណ​ឥណ​ពន្ធ និង​ឥណទាន ដែលជា​សេវា​ធនាគារ​កំពុងមាន​ភាព​រីកចម្រើន និង​ប្រកួតប្រជែង​ខ្លាំង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយក៏ បាន​ចូលរួមចំណែក​គាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​អភិវឌ្ឍ​វិស័យ​ធនាគារ និង ហិរញ្ញវត្ថុ​នៅ​កម្ពុជា ជាពិសេស​ការជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​តាមរយៈ​ការពង្រីក សេវា​ទូទាត់​សង ប្រាក់​សំដៅ​ជួយ​ពង្រឹង​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ទាំងមូល​។​

ថ្លែង​នៅក្នុង​ពិធី​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ជា​ផ្លូវការ​ប័ណ្ណ​ឥណ​ពន្ធ​វី​សា និង​ប័ណ្ណឥណទាន​វី​សា​របស់​ធនាគារ​ស្ថាបនា​សហការ​ជាមួយ​ក្រុមហ៊ុន​វី​សា​កាលពី​ល្ងាច​ថ្ងៃទី​១៥​ខែមករា​នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល​ភ្នំ ពេញ លោក​បាន​បន្តថា ​ការទូទាត់​តាមរយៈ​ប្រតិបត្តិការ​ទាំងនេះ​បានបញ្ជាក់​ពី​ការធ្វើ​ពិពិធ​កម្ម​សេវា​ហិរញវត្ថុ​របស់​គ្រឹះស្ថាន​ហិរញវត្ថុ​ក្នុង​គោលដៅ​ផ្តល់នូវ​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់​សេវ​ហិរញវត្ថុ​កាន់តែ​សំបូរបែប​និង​ស្វែងរក​ប្រភប​ចំណូល​បន្ថែម​ដល់​ធនាគារ​ក្រៅពី​ប្រភព​ចំណូល​ចម្បង​ដែល​បានមកពី​ការផ្តល់​ឥណទាន​។​

ជាងនេះទៀត​លោក​បាន​បន្ថែមថា ​ការផ្តល់សេវា​ទូទាត់​ជា​ប័ណ្ណ​ឥណ​ពន្ធ និង​ឥណទាន​នេះ​កំពុងផ្តល់​អំណោយផល​ជាច្រើន​ដល់​សាធារណជន​ក្នុងការ​ប្រើប្រាស់​សេវា​ធនាគារ​ប្រកបដោយ​សុវត្ថិភាព ប្រសិទ្ធភាព​និង​មានការ​ចំណាយ​លើ​ថ្លៃ​ទូទាត់​ទាប​។​

លោក​បាន​បញ្ជាក់ថា​ ការ​ប្រើ​សេវា​ទូទាត់​តាម​ប័ណ្ណ​ឥណ​ពន្ធ​បាន​កើន​ឡើង​១៧,៧០​ភាគរយ​ដល់​២០៤ ៧០៦៨​ប័ណ្ណ​ ខណៈ​ប័ណ្ណឥណទាន​បាន​កើន​ឡើង​៤៤,៨៤​ភាគរយ​ដល់​៩៩៤៩៥​ប័ណ្ណ​ធៀប​នឹង​ខែ​កញ្ញា​ឆ្នាំ​២០១៧​កន្លងទៅ​។​



ការសហការ​គ្នា​បង្កើត​និង​ផ្តល់ជូន​នូវ​ផលិតផល ហិរញ្ញវត្ថុ​ងាយស្រួល​ថ្មី​ដល់ អតិថិជន​របស់​ធនាគារ ស្ថាបនា​រួមមាន​ប័ណ្ណ​ឥណ​ពន្ធ​វិ​សា និង​ប័ណ្ណឥណទាន​វី​សា​នេះ​រួមមាន​ប្រភេទ​ប័ណ្ណ Classic Gold និង Platinum ដែល​ត្រូវ​បានដាក់​ឲ្យ​ប្រើប្រាស់​នៅ​សាខា​ទាំង ១៦៩ សាខា​ទូទាំងប្រទេស​កម្ពុជា​ផ្តល់ជូន​នូវ​ជម្រើស​ផ្សេងៗ​គ្នា​តម្រូវ​តាមបែប​បទ​ជីវិត និង​តម្រូវការ របស់​អតិថិជន​។

លោក លឹម អូន អនុប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ ស្ថាបនា បាន​មាន ប្រសាសន៍ថា “​ប័ណ្ណ​វី​សា​មិនមែនជា ផលិតផល​ថ្មី​នៅ​កម្ពុជា​ទេ​។ នៅ​ធនាគារ ស្ថាបនា ប័ណ្ណ​វី​សា​គឺជា​ផ្នែក​មួយ នៃ​ការអភិវឌ្ឍ​ផលិតផល យុទ្ធសាស្ត្រ​ស្នូល​របស់​ធនាគារ​។ ប្រព័ន្ធ​ធនាគារ​ឌីជីថល​របស់​យើង​នឹង ផ្តល់ជូន​នូវ​ចំណាត់ថ្នាក់​ល្អ​បំផុត សម្រាប់​អតិថិជន របស់​យើង​ក្នុងការ​គ្រប់គ្រង​ហិរញ្ញវត្ថុ គ្រប់​ទីកន្លែង និង​គ្រប់ ពេលវេលា​នៅលើ​ឧបករណ៍ ផ្សេងៗ​។ តាមរយៈ​ការរួម​សហការ​ជាមួយ​ក្រុមហ៊ុន​វី​សា ដែលជា​ដំណោះស្រាយ​លើ​ការទូទាត់​ជាស​កល ឈានមុខ​គេ យើង​ខិតខំ​ប្រឹងប្រែង​ធ្វើយ៉ាងណា ដើម្បី​ឲ្យ​អតិថិជន​របស់​យើង​អាចធ្វើ​ការទូទាត់​ការចំណាយ ផ្សេងៗ​ដោយ​មិនចាំបាច់​ដាក់​ប្រាក់​តាម​ខ្លួន​។​”

ចំណែក​អ្នកស្រី ជុំ ម៉ូ​នី​កា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន​វី​សា ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា “​នៅ​វី​សា តួនាទីរ បស់​យើង គឺត្រូវធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ដៃគូ​សំខាន់ៗ​របស់​យើង ក្នុងនោះ​រួមមាន​ធនាគារ ស្ថាបនា ដើម្បី រៀបចំ​និង​ផ្តល់នូវ​ដំណោះ ស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដែល​ជួយ​បង្កើន​ការទូទាត់​តាមរយៈ​អេឡិចត្រូនិក នៅក្នុង​ប្រទេស​។ ជាមួយនឹង​ភាពជា​ដៃគូ​នេះ យើង​អាច​ផ្តល់ជូន​ប្រជាជន​កម្ពុជា​កាន់តែច្រើន​នូវ​ជម្រើស​ក្នុង ការប្រើ​ប័ណ្ណឥណទាន (Credit Card) ឬ​ប័ណ្ណ ឥណ​ពន្ធ (Debit Card) របស់​ពួកគេ គ្រប់​ទីកន្លែង​ដែល Visa ទទួលយក​។​”

គួរ​បញ្ជាក់ថា​ធនាគារ ស្ថាបនា គឺជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​មួយ​ក្នុងប្រទេស​កម្ពុជា​ដែលមាន ទ្រព្យសម្បត្តិ​សកម្ម សរុប​ជាង ១ ពាន់​លាន​ដុល្លារ​អាមេរិក​និង​មាន​បណ្តាញ​សាខា​ធំ​ជាង គេ​លំដាប់​ទី​ពីរ​នៅក្នុង​ប្រទេស ដែលមាន ១៦៩ សាខា និង​បុគ្គលិក​ជាង ៤០០០ នាក់ និង​ម៉ាស៊ីន​អេ​ធី​អឹម​ចំនួន​១៤៧ នៅ​ទូទាំងប្រទេស​៕​
​ 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu