Ad Code

សម្តេច​តេ​ជោ ហ៊ុន សែន ចាត់​ទុក​ទំនាក់ទំនង​រវាង​កម្ពុ​ជា ​និង​រុស្សី​ គឺជា​ទំនាក់ទំនង ជា​ប្រវត្តិសាស្ត្រ



​សៀមរាប​ ៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ បានចាត់ទុក​ទំនាក់​ទំនង​រវាង​កម្ពុ​ជា ​និង​រុស្សី​ គឺជា​ទំនាក់ទំនងជា​ប្រវត្តិសាស្ត្រ​ ដែលមាន​ជា​យូរលង់​ណាស់​មកហើយ។

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ បាន​ថ្លែង​បែបនេះ​ទៅកាន់ ​លោក LIYAS UMAKHANOV អនុប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធ​ នៃ​សហព័ន្ធ​រុស្ស៊ី ចូល​ជួប​សំដែង​ការគួរសម និង ពិភាក្សា​ការងារ​ នា​ព្រឹក​ថ្ងៃទី១៦​មករា នេះ ​នៅ​សណ្ឋាគារ LOTUS BLANC ខេត្តសៀមរាប។​

​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ជំនួប​នេះ​ថា លោក LIYAS UMAKHANOV បាន​គោរព​ថ្លែងអំណរគុណ​ចំពោះ​ សម្តេច​តេ​ជោ ​ដែល​បានទទួល​ស្វាគមន៍​យ៉ាង​រាក់ទាក់​ចំពោះ​រូបលោក​ផ្ទាល់​ក៏ដូចជា ប្រតិភូ​របស់លោក​ដែល​បានមក​កាន់​ប្រទេស​កម្ពុជា​ចូលរួម​ ក្នុង​វេទិកា ACC និង APPF ។

លោក LIYAS UMAKHANOV​ ក៏បាន​អបអរសាទរ​យ៉ាងខ្លាំង​ចំពោះ​ការរៀបចំ​បាន​ល្អ​ឥតខ្ចោះ ​នូវ​កម្មវិធី​ACC​ និង​APPF ហើយ​លោក​បាន​មាន​ប្រសាសន៍​ថា​ នៅ​រុស្ស៊ី​ឆ្នាំនេះ ​ចាត់ទុកថា​ជា​ឆ្នាំ​វប្បធម៌​របស់​កម្ពុជា​ ក្នុងន័យនេះ​ ប្រតិភូ​របស់លោក​ នឹង​ប្រឹងប្រែង​ធ្វើយ៉ាងណា​ឲ្យ​ព្រឹត្តិការណ៍​ឆ្នាំ​វប្បធម៌​កម្ពុជា​នៅ រុស្ស៊ី​នេះ​ ទទួលបាន​ជោគជ័យ​ ហើយក៏​ជាការ​រួមចំណែក​ដល់​ជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ ដែលមាន​ទំនាក់​ទំនងជា​យូរលង់​ណាស់​មកហើយ​។​

​ជាការ​ឆ្លើយតប​សម្ដេច​តេ​ជោ​ បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ ​លោក LIYAS UMAKHANOV និង ប្រតិភូ​ដែល​បានមក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ ACC និង APPF ។

សម្ដេច ​ក៏បាន​មានប្រសាសន៍​ផងដែរ​ថា ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​នេះ ​គឺ​ត្រូវបាន​ទទួលស្គាល់​ដោយ​អង្គការ​យូណេស្កូ​ ហើយ​ជាងនេះទៀត សម្ដេច​តេ​ជោ ​ក៏បាន​មានប្រសាសន៍​ផងដែរ​ថា ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា និង រុស្សី ​គឺជា​ទំនាក់​ទំនងជា​ប្រវត្តិសាស្ត្រ​មាន​ជា​យូរលង់​ណាស់​មកហើយៗ ជាពិសេស​រុស្ស៊ី​ បាន​ជួយ​ដល់​កម្ពុជា​នៅពេលដែល​កម្ពុជា​ជួប​ការពិបាក​បំផុត​នៅពេលដែល​កម្ពុជា​ទើបបាន​រំដោះ​ចេញពី​របប​ប៉ុលពត ហើយពី​នោះ​ទៅទៀត​ រុស្ស៊ី​ ក៏បាន​បន្សល់​នូវ​ស្នាដៃ​ប្រវត្តិសាស្ត្រ​ជាច្រើន​ដែរ​ នៅ​កម្ពុជា​ ដូចជា​មន្ទីរ​ពេទ្យ​រុស្ស៊ី និង វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា​(​តិច​ណូ​)​ជាដើម ​ហើយ​រុស្ស៊ី ក៏​បាន​ជួយ​ដល់​កម្ពុជា​ក្នុងការ​បណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស​ ជាពិសេស​ធនធានមនុស្ស​ដែល​បាន​បណ្ដុះបណ្ដាល​នៅ​រុស្ស៊ី​សព្វថ្ងៃនេះ​ បានក្លាយ​ជា​សមាជិក​រាជរដ្ឋាភិបាល និង​កំពុង​ធ្វើការ​ងារ​ជួយ​ដល់​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើ​ឲ្យ​កម្ពុជា​ មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ពី​នោះ​ទៅទៀត ​សម្តេច ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​រុស្ស៊ី​ ដែល​បាន​សហការ​លើ​វិស័យ​ផ្សេងៗ​ទៀត​ជាច្រើន​ហើយក៏​បាន​ជូនពរ​ដល់​ប្រតិភូ​ឲ្យ​ទទួល​បាន​ជោគជ័យ​ក្នុងការ​ស្នាក់នៅ ​ក៏​ដូចជា​ពេល​វិលត្រឡប់​ទៅ​ប្រទេស​រុស្ស៊ី​វិញ​ផងដែរ៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu