Ad Code

សម្ដេច​តេ​ជោ​ ហ៊ុន សែន ​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​ អនុវត្ត​នូវ​បេសកកម្ម​សំខាន់ៗ​៣​យ៉ាង



សៀមរាប​ ៖​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន ​បាន​ស្នើ​ឲ្យ​ក្រុម​ប្រឹក្សា​វប្បធម៌​អាស៊ី​អនុវត្ត​នូវ​បេសកកម្ម​សំខាន់ៗ​របស់ខ្លួន​ ដែល​បានចែង​ក្នុង​កិច្ចព្រមព្រៀង​ប្រកបដោយ​ប្រសិទ្ធភាព​ និង​តម្លាភាព ​និង​គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​៣​យ៉ាង​ គឺការ​យោគយល់​គ្នា​ទៅវិញទៅមក​,​ការគោរព​គ្នា​ទៅវិញទៅមក ​និង​ការផ្ដល់​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ទទួល​បាន​នូវ​សុខ​សន្តិភាព​ជា​និច្ច​និរន្ត។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​ស្ថាបនិក​កិត្តិយស ACC បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​ កាល​ព្រលប់ ​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ ២០១៩ នៅ​ទី​លាន​ជល់ដំរី​ក្នុង​ខេត្ត​សៀមរាប​ ដែលមាន​អ្នកចូលរួម​ប្រមាណ​៨០០​នាក់ មកពី​ប្រទេស​បង់​ក្លា​ដេ​ស កម្ពុជា ចិន ហ្ស​ក​ហ្ស៊ី ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីរ៉ាក់ ឡាវ កូរ៉េខាងត្បូង ឡេ​បាណន់ ម៉ាឡេស៊ី ម៉ុង​ហ្គោ​លី មី​យ៉ាន​ម៉ា នេ​ប៉ាល់ ប៉ា​គី​ស្ថាន ហ្វីលីពីន រុស្ស៊ី សិរី​លង្កា ថៃ និង​វៀតណាម ក៏ដូចជា​មិត្ត​មកពី​ទ្វីបអាហ្វ្រិក អាមេរិក​ឡាទីន អាមេរិក​ខាងជើង អឺរ៉ុប អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្ដាល​អន្តរជាតិ (CDI-IDC) វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក (APPF) និង​អង្គការ​យូណេស្កូ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​មានប្រសាសន៍ថា ​«​ដើម្បី​លើកស្ទួយ​វប្បធម៌​នៅក្នុង​តំបន់​ឲ្យ​មាន​ប្រសិទ្ធភាព​សុខសន្តិភាព ​និង​ការអភិវឌ្ឍន៍​ប្រកប ដោយ​ចីរភាព ខ្ញុំ​សូម​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​អនុវត្ត​នូវ​បេសកកម្ម​សំខាន់ៗ របស់ខ្លួន​ដែល​បានចែង​ក្នុង​កិច្ចព្រមព្រៀង​ប្រកបដោយ​ប្រសិទ្ធ​ភាព និង តម្លាភាព​ និង​គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​៣​យ៉ាង​ គឺ​ការយោគយល់​គ្នា​ទៅ​វិញ​ទៅ​មក​,​ការគោរព​គ្នា​ទៅវិញទៅមក និង​ការផ្ដល់​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក​ដើម្បី​ទទួលបាន​នូវ​សុខសន្តិភាព​ជានិច្ច​និរន្ត​»​។

​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ប្រជាជន​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បានបង្ហាញ​មោទនភាព​និង​សេចក្ដី​រីករាយ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី ដែលជា​ស្ថាប័ន​មួយ​បង្កើតឡើង​ក្នុង​ក្របខណ្ឌ​អង្គការ​សន្និសីទ​អន្តរជាតិ​ នៃ​បណ្ដា​គណបក្ស​នយោបាយ​នៅ​អាស៊ី តំណាង​ឲ្យ​៥២​ប្រទេស ​ដើម្បី​លើកកម្ពស់​វិស័យ​វប្បធម៌​ និង​បង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ក្នុង​តំបន់ ​និង​អន្តរជាតិ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ស្វាគមន៍​គណៈប្រតិភូ​ នៃ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី ​និង​គណៈ​ប្រតិភូ​ នៃ​វេទិកា​សភា​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​ទាំងអស់ ​ដែល​កំ​ពុង​មាន​វត្ត​មាននៅ​ឧទ្យាន​អង្គរ ទី​លាន​ជល់ដំរី​ដែលជា​ទឹកដី​វប្បធម៌​ និង​អរិយធម៌​ដ៏​រុងរឿង​របស់​ខ្មែរ និង ជា​បេតិកភណ្ឌ​ពិភពលោក​របស់​មនុស្ស​ជាតិ។

សម្តេច​តេ​ជោ​បាន​ថ្លែងថា​ ការរៀបចំ​ឲ្យ​មានការ​ជួបជុំគ្នា​រវាង​អ្នកនយោបាយ​ និង​ថ្នាក់ដឹកនាំ​សំខាន់ៗ​នៅក្នុង​ទ្វីបអាស៊ី​ និង​ភ្ញៀវកិត្តិយស​មកពី​អាមេរិក ឡាទីន អាហ្វ្រិក និង តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ក្នុង​ពិធី​ប្រកាស​ផ្លូវការ​ក្នុង​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​នាពេលនេះ​ពិតជា​មាន​សារសំខាន់​ក្នុង​ការបើក​ទំព័រ​ថ្មី​នៃ កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ផ្នែក​វប្បធម៌​ដើម្បី​ផលប្រយោជន៍​មនុស្សជាតិ​នៅក្នុង​តំបន់ ស្រប​ជា​មួយនឹង​ទីតាំង​ភូមិសាស្ត្រ​កម្ពុជា​ដែល​ស្ថិតនៅ​ចំណុច ប្រសព្វ​រវាង​អរិយធម៌​ធំៗ​នៅ​អាស៊ី​ដែលជា​ទ្វីប​សំបូរ​ដោយ​ប្រវត្តិសាស្ត្រ​យូរអង្វែង ​និង​វប្បធម៌​ចម្រុះ​ដែល​ប្រជាជន​អាច​រស់នៅ​ជាមួយគ្នា​ដោយ​សុខ​សន្តិភាព​ ដើម្បី​លើ​កម្ពស់​អរិយធម៌​មនុស្សជាតិ​ទាំងមូល​រួមមាន អាស៊ី​ខាងកើត ​និង​អាស៊ី​ខាងត្បូង​ក៏ដូចជា​តំបន់​អាស៊ី​ខាងជើង អាស៊ី​កណ្ដាល​ និង​អាស៊ី​បូព៌ា រួមទាំង​មជ្ឈិម​បូព៌ា ​ដែល​ត​ភ្ជាប់​គ្នា​ដោយ​ផ្លូវ​សូត្រ​តាំងពី​បុរាណកាល​មក​។

ដូច្នេះ​ការតភ្ជាប់​រវាង​វប្បធម៌​ និង​វប្បធម៌​ មនុស្ស​ និង​មនុ​ស្ស នឹង​បង្កើត​អ្វីដែល យើង​អាច​ហៅថា ​"​ម៉ា​រ៉ា​តុង​វប្បធម៌​" ​មួយ​ ដែល​អាច​ភ្ជាប់​គ្នា​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ និង​ពី​ទ្វីប​មួយ​ទៅ​ទ្វីប​មួយទៀត​ដើម្បី​បង្កើតបាន​អូឡាំពិក​វប្បធម៌ មួយ​ក្នុង​គោលដៅ​លើកស្ទួយ​វប្បធម៌​ដើម្បី​សុខសន្តិភាព ​និង​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ បាន​បន្តថា ​កម្ពុជា ​ពិត​ជាមាន​កិត្តិយស​ដ៏​ឧត្ដុង្គឧត្ដម ​ដែល​កំពុង​ដើរ​តួនាទី​ដឹកនាំ​ស្ថាប័ន​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​ ហើយក៏​ជា​ប្រទេស​ទី​១​ នៅ​អាស៊ី​ ដែល​បាន​សហការ​ល្អ​បំផុត​ជាមួយ​អង្គការ​យូណេស្កូ​ក្នុងការ​កសាង​សមត្ថភាព​ខ្លួន​ដើម្បី​ធ្វើជា​គំរូ ក្នុងការ​គ្រប់គ្រង​ និង​អភិរក្ស​បេតិកភណ្ឌ​មនុស្សជាតិ​ប្រកបដោយ​ជោគជ័យ​ បន្ទាប់ពី​កម្ពុជា​ទទួលបាន​សុខសន្តិភាព​ពេញ​លេញ​ឯកភាព​ជាតិ ឯកភាព​ទឹកដី​ទាំងស្រុង​នៅ​ចុងឆ្នាំ​១៩៩៨ តាមរយៈ​ការ​អនុវត្តន៍​នយោបាយ ​ឈ្នះ​ឈ្នះ​ ដែលជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដំបូងបង្អស់​នៅ​កម្ពុជា​ដែល​ពុំ​ធ្លាប់មាន​ក្នុង​រយៈពេល​
ដ៏​យូរអង្វែង របស់ខ្លួន​។

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អបអរសាទរ​ចំពោះ​ការចូលរួម​នៅក្នុង​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី ពី​ថ្នាក់​ដឹកនាំ​កំពូលៗ​ មកពី​ទ្វីបអាស៊ី​រួមមាន លោក យូ​សុស កាឡា អនុ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​, លោក មហា​ធា មហា​មេ​ដ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ,​លោក ម៉ាន់ ម៉ូ​ហាន​ស៊ី​ង អតីត​នាយករដ្ឋមន្ត្រី ឥណ្ឌា , លោក ហូ​ហ្សេ ឌឺ​វេ​ណា​ស្យ៉ា អតីត​ប្រធានសភា​ហ្វីលីពីន​, លោកស្រី មេ​រី​បាន អា​លី​យេ​វ៉ា អនុ​ប្រធានាធិបតី​អា​ហ្ស៊ែ​របៃ​ហ្ស​ង់ និង​លោក ជុង អ៊ីយ៉ុង ប្រធានការិយាល័យ​សន្តិ​សុខ​ជាតិ​ នៃ​សាធារណរដ្ឋ​កូរ៉េ និង​ជា​សហប្រធាន​អាយ​ខាប់​។​

​សូម​បញ្ជាក់​ជូន​ថា​ នៅ​ថ្ងៃទី​១៥ ខែ​មករា ​ឆ្នាំ​២០១៩ ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (ACC) ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​នៅ​សៀមរាប​ដែលជា​ទីក្រុង​វប្បធម៌​ដ៏​រុងរឿង​របស់​ប្រទេស​កម្ពុជា​ ដោយមាន​វត្តមាន​របស់​អ្នកចូលរួម​ជាង​៨០០​នាក់ គំនិត​ផ្ដួចផ្ដើម​ក្នុង​ការ​បង្កើត ACC​ ជា​ស្ថាប័ន​បុត្រ​សម្ព័ន្ធ​មួយ​របស់​អង្គការ សន្និសីទ​អន្តរជាតិ ​នៃ​បណ្តា​គណបក្ស​នយោបាយ​នៅ​អាស៊ី (ICAPP) ត្រូវបាន​ផ្តល់​អនុលោម​ភាព​ក្នុងអំឡុងពេល​កិច្ចប្រជុំ​លើក​ទី​២៧ ​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់ ICAPP នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ នា​ខែកញ្ញា ឆ្នាំ​២០១៦។ ឯកសារ​គោល (ToR) របស់ ACC ដែល​រៀបចំ​ដោយ​កម្ពុជា ​និង​មានការ ពិគ្រោះ​យោបល់​ជាមួយ​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ដទៃទៀត​ ត្រូវ​បាន​អនុម័ត​នៅក្នុង​កិច្ច​ប្រជុំពេញអង្គ​របស់ ICAPP នៅ​ទីក្រុង​សេ​អ៊ូ​ល​ នា​ខែ​កក្កដា ឆ្នាំ​២០១៧។ ក្រោយមក ​នា​ខែ​តុលា ឆ្នាំ​២០១៨ អង្គការ​យូណេស្កូ​ បាន​ឯកភាព​ថា​ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​អង្គការ ICAPP ដើម្បី​គាំទ្រ​សកម្មភាព​នានា​របស់ ACC ។ ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិ​ការ​នេះ​ បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​ខេត្ត​សៀមរាប​។​

​នៅ​ចុងបញ្ចប់ ​នៃ​កិច្ចប្រជុំ​នេះ ACC បានប្រកាស​លើកកម្ពស់​សសរស្ដម្ភ​ដែលមាន​ភាព​ប្រទាក់​ក្រឡា​គ្នា​ទៅវិញទៅមក​ចំនួន​៤​ដូចខាងក្រោម ​៖
១.វប្បធម៌ និង​សន្តិភាព ៖ ប្ដេជ្ញា​លើកកម្ពស់​វប្បធម៌​សន្តិភាព​ស្របតាម​ពាក្យស្លោក​របស់​ACC​ថា «​ពិភពលោក​មួយ​ដែលមាន​វប្បធម៌​ចម្រុះ​សម្បូរបែប​ជា​មូលដ្ឋាន សម្រាប់​ការកោតសរសើរ និង​កិច្ច​សហ​ប្រតិបត្តិការ​» ។ វប្បធម៌​ គឺជា​សូចនាករ​មួយ​សម្រាប់​អត្តសញ្ញាណ​ជាតិ អធិបតេយ្យភាព​ និង​ឯករាជ្យភាព។
២.វប្បធម៌​ និង​ការអភិវឌ្ឍន៍​ដោយ​ចីរភាព​ ៖ គូសបញ្ជាក់​ពី​ទំនាក់ទំនង​រវាង​វប្បធម៌​ និង​ការអភិវឌ្ឍន៍​ដោយ​ចីរភាព​តាមរយៈ​ការលើកកម្ពស់​ភាពទាក់ទង​គ្នា​រវាង​គុណ​តម្លៃ​សង្គម​ និង​វប្បធម៌ ​និង​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​កុងសង់ស៊ុស​អន្តរជាតិ​កិច្ចសហប្រតិបត្តិការ​ និង​ភាពជា​ដៃគូ​ដើម្បី​កាត់បន្ថយ​នូវ​អ​សមភាព សេដ្ឋកិច្ច និង​សង្គម ពង្រឹងសមត្ថភាព​មូលដ្ឋាន ​ដើម្បី​កាត់បន្ថយ​ហានិភ័យ ​នៃ​បម្រែប​ម្រួល​អាកាសធាតុ ​និង​លើកកម្ពស់​ការផ្សារភ្ជាប់​សង្គម​ និង​និរន្តរភាព​សង្គម​។​
៣.​វប្បធម៌ ​និង​ការតភ្ជាប់​មនុស្សជាតិ​ ៖​ អភិវឌ្ឍ​បន្ថែមទៀត ​នូវ​ផែនការ​សកម្មភាព​ជាក់លាក់ ដើម្បី​លើកកម្ពស់​ការតភ្ជាប់​ម​នុស្ស​ជាតិ គុណតម្លៃ​រួមគ្នា​ និង​ផលប្រយោជន៍​រួម​ និង​ដើម្បី​លុបបំបាត់​រាល់​ទម្រង់​ នៃ​ភាពជ្រុលនិយម​តាមរយៈ​ការ​ផ្លាស់ប្ដូរ​វប្បធម៌ ការចែករំលែក​ចំណេះដឹង​ និង​កិច្ច​សន្ទនា និង​ការពិគ្រោះ​យោបល់​ដែលមាន​លក្ខណៈ​បើកទូលាយ និង​ប្រកបដោយ​បរិ​យា​ប័ន្ន។
៤.​វប្បធម៌​ និង​ ន​វា​នុ​វត្ត​ភាព ​៖ គូសបញ្ជាក់​នូវ​សារៈសំខាន់ នៃ​ការលើកកម្ពស់​វប្បធម៌​ជា​មូលដ្ឋាន​ នៃ​ន​វា​នុ​វត្ត​ភាព​ដែល​ប្រមូលផ្តុំ​លើ​មនុស្ស​តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា និង​ការ​លើកកម្ពស់​គុណ​តម្លៃ​មនុស្ស និង​ការផ្សារភ្ជាប់​មនុស្សជាតិ​។​

​សេចក្ដីថ្លែងការណ៍​សៀមរាប​បាន​កោតសរសើ​រ​ និង​ស្វាគមន៍​វិធីសាស្ត្រ​ថ្មី​មួយ​សម្រាប់​ការអភិវឌ្ឍន៍​គឺ​វិធីសាស្ត្រ​TECH(​ជា​ពាក្យកាត់​អង់គ្លេស​ ដែលមាន​ន័យ​ពេញ​ថា​ បច្ចេកវិទ្យា​ និង​គំនិត​, ការអប់រំ​ និង​បរិស្ថាន​, វប្បធម៌​ និង​សហគមន៍​, មនុស្សជាតិ​ និង​ប្រវត្តិសាស្ត្រ​, សរីរាង្គ​ និង​ភាព​ដើម​) និង គម្រោង TECHO ភូមិ​គំរូ ១០០ ដែល​ត្រូវបាន​ផ្ដួចផ្ដើម​ឡើង​ដោយ​ប្រទេស​កម្ពុជា​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ឲ្យ​បានសម្រេច​នូវ​សសរស្ដម្ភ​ទាំង​៤​ខាងលើ។​

គណៈប្រតិភូ ACC បាន​សម្តែង​ការកោតសរសើរ​ដ៏​ស្មោះស្ម័គ្រ​ចំពោះ​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​ពិធី​ជា​ប្រវត្តិសាស្ត្រ​នេះ ​គឺ​វត្តមាន សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រធាន​ស្ថាបនិក​កិត្តិយស ACC និង ជា​សហប្រធាន​ស្ថាបនិក​កិត្តិយស​របស់ ACC រួមមាន​ លោក Jusuf Kalla អនុ​ប្រធានាធិបតី​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី ,​លោក Jose de Venecia អតីត​អ្នកនាំពាក្យ​ នៃ​សភាតំណាងរាស្ត្រ​ហ្វីលីពីន ,​លោក KP Shama Oli នាយករដ្ឋមន្ត្រី​ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​សហព័ន្ធ​នេ​ប៉ាល់​, លោក Andrés Pastrana Arango អតីត​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូ​ឡំ​ប៊ី និង​ជា​ប្រធាន​អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្ដាល​អន្តរជាតិ (CDI-IDC) ៕



 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu