កណ្តាល ៖ ជនសង្ស័យ២នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្អាងភ្នំស្រុកស្អាងធ្វើការឃាត់ខ្លួននិងដកហូតបានថ្នាំញៀនចំនួន៦កញ្ចប់ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ១៣និង៣០នាទី នៅចំណុច ភូមិ កំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
លោកវរសេនីយ៍ឯកសេង សុជាតិ អធិការនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនសង្ស័យ ចំនួន០២នាក់ (ឃាត់ខ្លួន) ១ / ឈ្មោះ យ៉ិន រស្មី ហៅ ក្អាត់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ។ ២ / ឈ្មោះ ផៃ សៀងហ៊ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ។
អ្នកទាំងពីរមានទីលំនៅបច្ចុប្បន្នភូមិ កំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ ការឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន ១ / ម្សៅក្រាមពណ៌សថ្លាសង្ស័យថា ជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០៦កញ្ចប់ ក្នុងនោះ ធំ ០១កញ្ចប់ និងតូច ០៥កញ្ចប់។ ២ / សម្ភារៈវេចខ្ចប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន លោកអធិការបញ្ជាក់ថា នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ។ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ បានចុះដល់ចំណុចកើតហេតុ ធ្វើការឃាត់ខ្លួនឈ្មោះ យ៉ិន រស្មី ហៅ ក្អាត់ និងឈ្មោះ ផៃ សៀងហ៊។
ដោយមានការចូលរួមពីលោក មេភូមិ កំពង់ទ្រា កម្លាំងសមត្ថកិច្ចនគរបាលស្រុកស្អាង ធ្វើការត្រួតពិនិត្យឆែកឆេរលំនៅឋានឈ្មោះ យ៉ិន រស្មី ហៅ ក្អាត់ បានរកឃើញម្សៅក្រាម ពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០៦កញ្ចប់ ក្នុងនោះធំ០១កញ្ចប់ , តូច ០៥កញ្ចប់ រួចឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ យ៉ិន រស្មី ហៅ ក្អាត់ បានសារភាពថា គ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០៦កញ្ចប់នេះ ខ្លួនបានទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅចំណុចបឹងត្របែក រាជធានីភ្នំពេញ តម្លៃ ២០ម៉ឺនរៀល ដើម្បីយកមកវេចខ្ចប់លក់បន្ត ក្នុងមួយកញ្ចប់តូច តម្លៃ ០៣ម៉ឺនរៀល។
ចំណែកឈ្មោះ ផៃ សៀងហ៊ បានសារភាពថា ខ្លួនបានជួយលក់គ្រឿងញៀន(ម៉ាទឹកកក) ឲ្យឈ្មោះ យ៉ិន រស្មី រយៈពេលជិត១ខែហើយ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments