Ad Code

អ្នកនាំពាក្យ​ ៖ ចង់​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា បែរជា​ប្រើ​លក្ខខណ្ឌ​បង្គាប់បញ្ជា​ឲ្យ​ដោះលែង​លោក កឹម សុខា គឺ​មិនអាច​ទៅរួច



ភ្នំពេញ​ ៖ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាងថា រឿង​ផ្ទៃក្នុង​របស់​កម្ពុជា មិនអាច​រំលោភបំពាន​បាន​ឡើយ ដូច្នេះ​ការចង់​ឲ្យ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា ហើយ​បែរជា​ប្រើ​លក្ខខណ្ឌ​បង្គាប់បញ្ជា​ឲ្យ​ដោះលែង​អ្នកទោស (​លោក កឹម សុខា​) ឲ្យ​រួចខ្លួន​នោះ គឺ​មិនអាច​ទៅរួច​ឡើយ ហើយ​ជា​គោល​ការ​ណ៍ បើ​ចង់​មាន​ទំនាក់ទំនង​ល្អ ត្រូវតែ​គោរព​គ្នា​ទៅវិញទៅមក​ដោយ​ស្មើភាព​។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លើកឡើង​បែបនេះ កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៩ និង​ខណៈ​ដែល​លោក Dr. Joseph H. Felter ឧបការី​រង​ក្រសួងការពារជាតិ​អាមេរិក​សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍ កំពុង​បំពេញ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​នៅ​កម្ពុជា ហើយ​បើ​តាម​ព័ត៌មាន​ពី​ស្ថានទូត​អាមេរិក ដំណើរ​ទស្សនកិច្ច​នេះ លោក Dr. Joseph H. Felter គ្រោង​នឹង​លើកឡើង​ពី​បញ្ហា​របស់​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ​។



លោក សុខ ឥសាន លើកឡើង​យ៉ាងនេះ​ថា “​រឿង​អនុវត្តតាម​គោល​ការ​ណ៍​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ គឺជា​រឿង​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ពង្រឹង ដើម្បី​ធានា​ការ​រក្សា​សន្តិភាព ស្ថិរភាព​នយោបាយ និង​សុខ​សុវត្ថិភាព​នៅ​កម្ពុជា​។ ដូច្នេះ​បញ្ហា​ពាក់ព័ន្ធ​នឹង កឹម សុខា គឺជា​រឿង​ផ្លូវច្បាប់​ ដែល​ត្រូវ​អនុវត្ត​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​ល្មើសច្បាប់​។ ដូច្នេះ​ការចង់​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា ហើយ​ដាក់​លក្ខខណ្ឌ​ថា ត្រូវតែ​ដោះលែង​អ្នក​ល្មើសច្បាប់​ឲ្យ​រួចខ្លួន​នោះ គឺជា​ការ​ចង់​បង្គាប់បញ្ជា ជា​ការ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា និង​ជា​ការ​រំលោភ​គោល​ការ​ណ៍​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា ចង់​ឲ្យ​មាន​វប្បធម៌​និទ្ទណ្ឌភាព​នៅ​កម្ពុជា ដែល​ករណីនេះ​មិនអាច​បង្ខំ​កម្ពុជា​ធ្វើតាម​ខ្លួន​បាន​ឡើយ​។ ជា​គោល​ការ​ណ៍ បើ​ចង់​មាន​ទំនាកទំនង​ល្អ​ជាមួយ​កម្ពុជា ត្រូវតែ​គោរព​គ្នា​ទៅវិញទៅមក​ដោយ​ស្មើភាព មិន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​ផង​គ្នា ទើប​អាច​មាន​ទំនាក់ទំនង​ល្អ​យូរអង្វែង​ជាមួយគ្នា​បាន​”​។

សូម​បញ្ជាក់​ថា លោក Dr. Joseph H. Felter ឧបការី​រង​ក្រសួងការពារជាតិ​អាមេរិក​សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍ កំពុង​បំពេញ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​នៅ​កម្ពុជា ដោយ​ចាប់ពី​ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៦ មករា ឆ្នាំ ២០១៩ នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ ដើម្បី​ពិភាក្សា​ពី​កិច្ច​សហប្រតិបត្តិការ​យោធា ហើយ​លោក​គ្រោង​ពិភាក្សា​ពី​បញ្ហា​របស់​លោក កឹម សុខា ផងដែរ នេះ​បើ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​។

សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ស្ថានទូត​អាមេរិក​លើកឡើង​យ៉ាងនេះ​ថា “​លោក​ឧបការី​រង​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​ប្រទេស​អាមេរិក ទទួលបន្ទុក​តំបន់​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍ គឺ​បណ្ឌិត Joseph H. Felter នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​១៥ និង​ទី​១៦ ខែមករា ឆ្នាំ២០១៩​។ លោក​ឧបការី​រង Felter នឹង​ជួប​ជាមួយ​លោក​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ក្រសួងការពារជាតិ ដើម្បី​ពិភាក្សា​ពី​ចក្ខុវិស័យ​រួម ដែល​ចង់​ឲ្យ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​មាន​ភាព​បើកចំហ និង​មាន​ភាព​សេរី និង​ពិភាក្សា​ពី​ការដែល​ទំនាក់ទំនង​រវាង​យោធា និង​យោធា​ដ៏​ល្អ​មួយ អាច​ជួយ​កម្ពុជា​ក្នុង​ការ​រក្សា​អធិបតេយ្យភាព​របស់​ខ្លួន​បាន ដោយ​គ្មាន​ការ​បង្ខិតបង្ខំ ដើម្បី​ធានា​បាន​នូវ​សន្តិភាព វិបុលភាព និង​ឯករាជ្យ​របស់​ប្រទេស​កម្ពុជា សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។

បន្ទាប់មក​លោក​នឹង​ពិភាក្សា​ពី​ជំហាន​បន្ទាប់ សម្រាប់​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​រ​វាង​យោធា និង​យោធា នៅ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុ​ជាមាន​ភាព​ជឿនលឿន​ក្នុង​ការ​ពង្រឹង​ស្ថាប័ន និង​អនុវត្ត​កំណែទម្រង់ ដែល​រួម​មានការ​ទម្លាក់ចោល​បទចោទប្រកាន់​លើ​លោក កឹម សុខា ហើយ​អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដំណើរការ​ដោយ​សេរី​”៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu