អ្នកចាំទីម្ចាស់អាវលេខ១ Kenjiro Orgino ដែលបានរួមរស់ជាមួយក្លិបបាល់ទាត់អង្គរថាយហ្គឺរ (Angkor Tiger FC) សមាជិកពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) កាលពីរដូវកាលឆ្នាំ២០១៨ កន្លងទៅ ពេលនេះបានសម្រេចប្រកាសចែកផ្លូវជាមួយក្លិបដែលមានមូលដ្ឋាននៅខេត្តសៀមរាប នេះហើយ។
អ្នកចាំទីវ័យ២៧ឆ្នាំ រូបនេះបានបង្ហោះសារនៅលើហ្វេសប៊ុករបស់ខ្លួនពីការចាកចេញ ពីក្លិបអង្គរថាយហ្គឺរ ខណៈកីឡាកររូបនេះ មិនបានបញ្ជាក់ពីអនាគតក្លឹបថ្មីរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ឬក្រៅប្រទេសផ្សេងណានោះឡើយ។ អ្នកចាំទីថ្មីរូបនេះមានឈ្មោះOGINO KENJIRO មានកំណើតទៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ រូបគេធ្លាប់លេងនៅក្លិបCerezo Osaka Fc (J-League1), Albirex Niigata FC (សិង្ហបុរី), MIO Biwako Shiga FC (JFL) និងអាស៊ីអឺរ៉ុប មុនមកដល់អង្គរថាយហ្គឺរ នេះ។
យោងតាមការកំណត់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) បានបញ្ជាក់ថា ក្លិបជាសមាជិករបស់លីគខ្លួនមានសិទ្ធិចុះបញ្ជីកីឡាករបរទេសចំនួន៥នាក់ប៉ុន្តែដាច់ខាតក្នុងនោះត្រូវតែមានកីឡាករជាជនជាតិសមាជិកទ្វីបអាស៊ី ១រូប។ គិតត្រឹមពេលនេះក្រុមនេះមានកីឡាករបរទេសតែ៣នាក់ទេគឺកីឡាករ Ramos Alexis Damian ជនជាតិអាហ្សង់ទីន Joichiro Sugiyama របស់ជប៉ុននិងកីឡាករនីហ្សេរីយ៉ា Okereke Timothy។
គួរដឹងដែរ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ត្រូវបង្កើតឡើងនៅឆ្នាំ ២០១៥ ដែលមានប្រធានក្លិបជនជាតិជប៉ុន Akihiro Kato។ ក្លិបនេះមានមូលដ្ឋាននៅខេត្តសៀមរាប និង ប្រើប្រាស់កីឡដ្ឋានខេត្តសៀមរាបជាទីលានប្រកួត ហើយ មួយរយៈរដូវកាល២០១៨កន្លងទៅនេះ ទទួលបានភាពទាក់ទាញចំណាប់អារម្មណ៍ពីអ្នកគាំទ្រដោយឈ្នះពាន CNCC Award ពីគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជាទៀតផង។
ក្រុមអង្គរថាយហ្គឺរ បានប្តូរឈ្មោះមកពីក្រុមត្រាយអាស៊ីភ្នំពេញ កាលពីចុងរដូវកាល២០១៤ ហើយនៅរដូវកាល២០១៥ គឺជាកំណត់ត្រាល្អរបស់ក្លិបពោលគឺ អាចឡើងដល់វគ្គ៤ក្រុមចុងក្រោយទាំងពានរង្វាន់សម្តេច ហ៊ុន សែន និងពានរង្វាន់មិត្តហ្វូនខេមបូឌានលីក ក្រោយឈរចំណាត់ថ្នាក់លេខ៣ដូចគ្នា។ ក្រុមនេះ ទទួលបានសិទ្ធិប្រើប្រាស់កីឡដ្ឋានខេត្តសៀមរាប ពីក្រសួងអប់រំយុវជននិងកីឡា កាលពីរដូវកាលឆ្នាំ២០១៧ កន្លងធ្វើជាទឹកដីរបស់ខ្លួនរាល់ការប្រកួតនានា។
ចំណែកលទ្ធផលក្នុងរដូវកាលឆ្នាំ២០១៨ កន្លងទៅក្រុមអង្គរថាយហ្គឺរ បានបញ្ចប់យុទ្ធនាការរបស់ខ្លួនដោយឈរចំណាត់ថ្នាក់លេខ៨ ក្នុងចំណោមក្លិបទាំង១២ ក្រោយប្រកួតបាន២២លើកឈ្នះបាន៧លើក ហើយស្មើគ្នាបាន៧លើកនិងបរាជ័យ៨លើក។ ចំណែកនៅក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វិញបានឈរចំណាត់ថ្នាក់លេខ៣ស្ទួន ក្រោយ ប្រកួតបរាជ័យនៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រដោយថ្វីជើងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ២ទល់០៕
Source: Kampuchea Thmey Daily
0 Comments