Ad Code

អតីត​ផ្កាយ​៣ ឈឿន ចាន់ថន ត្រូវ​បាន​ដោះលែង​ហើយ ក្រោយពី​ព្រះមហាក្សត្រ​ប្រោស​ព្រះរាជទាន​លើកលែងទោស



ភ្នំពេញ ​៖ លោក ឈឿន ចាន់ថន ហៅ ម៉ៅ ដែល​ជា​អតីត​មេ​អង្គរក្ស​សម្ដេច​អគ្គ​ធម្ម​ពោធិ​សាល ជា ស៊ីម ត្រូវ​បាន​ដោះលែង​ហើយ ក្រោយពី​ព្រះមហាក្សត្រ​ប្រោស​ព្រះរាជទាន​លើកលែងទោស នេះ​បើ​តាម​ព្រះរាជក្រឹត្យ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៨ ហើយ​ដែល​ទើប​បែកធ្លាយ​ដល់​អ្នកសារព័ត៌មាន នៅ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៩​។

លោក ឈឿន ចាន់ថន ត្រូវ​តុលាការ​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​១៥​ឆ្នាំ ក្រោម​ការចោទប្រកាន់​ចំនួន​៥​ករណី គឺ​ទី​១-​ចោទ​ពី​បទ​លក់ដូរ និង​ក្លែង​លិខិតស្នាម​, ទី​២-​ចោទ​ពី​បទ​ខ្វះ​ស្មារតី​ទទួលខុសត្រូវ និង​មិន​យកចិត្តទុកដាក់​ក្នុង​ភារកិច្ច​របស់​ខ្លួន​, ទី​៣-​ចោទ​ពីបទ​រំលោភ​លើ​សេចក្តី​ទុកចិត្ត​, ទី​៤-​ជាប់ចោទ​ពី​បទ​បំផ្លិចបំផ្លាញ និង​កិបកេង​សម្បត្តិ​រដ្ឋ​យក​ផ្ទាល់ខ្លួន និង​ទី​៥-​ចោទ​ពី​បទ​បំផ្លាញ​សម្ភារ​អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ក្រសួងការពារជាតិ និង​ពិន័យ​ប្រាក់​១០​លាន​រៀល ចូល​ថវិកាជាតិ​។

ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ បានសម្រេច​យ៉ាង​ដូច្នេះ​ថា “​ត្រូវ​បាន​លើកលែងទោស​ឲ្យ​ទណ្ឌិត​ឈ្មោះ ឈឿន ចាន់ថន ហៅ ម៉ៅ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ពីបទ​រំលោភ​លើ​ទំនុកចិត្ត បំផ្លិចបំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត លក់ដូរ និង​ចែកចាយ​អាវុធ បំផ្លិចបំផ្លាញ​សម្ភារៈ​យោធា​សម្រាប់​បម្រើការ​ប្រយុទ្ធ និង​ខ្វះ​ស្មារតី​ទទួលខុសត្រូវ ក្នុង​ការដឹកនាំ​គ្រប់គ្រង​អង្គភាព តាម​អំណាច​សាលដីកា​លេខ​៣២២ ចុះ​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៧ របស់​តុលាការ​កំពូល ដែល​បាន​ផ្តន្ទាទោស​តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​លេខ ៦៥ ក្រ IV អ​/១២ ខែសីហា ឆ្នាំ​២០១៤ របស់​សាលាឧទ្ធរណ៍​”​។

អតីត​ផ្កាយ​៣ ឈឿន ចាន់ថន ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ចំនួន​៥​បទល្មើស និង​ដាក់​ពន្ធនាគារ​រយៈពេល​១៥​ឆ្នាំ​។ លោក​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ចាប់ខ្លួន កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១១ រួម​ជា​មួយ​អង្គរក្ស​៣​នាក់​ផ្សេងទៀត នៅក្នុង​ភូមិគ្រឹះ​របស់​លោក ដែល​មាន​តម្លៃ​ជិត​១​លាន​ដុល្លារ ស្ថិតនៅ​ផ្ទះ​លេខ​៦៥ ផ្លូវ​លេខ​៩៥ ស្ថិតក្នុង​សង្កាត់​បឹង​កេង​កង​ទី​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ហើយ​ការ​ចាប់​ខ្លួនបាន​ធ្វើឡើង​បន្ទាប់ពី​មាន​ព្រះរាជក្រឹត្យ ដកហូត​ឋានន្តរស័ក្តិ និង​តួនាទី ដែល​ព្រះមហាក្សត្រ ឡាយព្រះហស្តលេខា កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១១​។ ជាមួយគ្នា ក៏បាន​តែងតាំង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក យឹម លាង ឲ្យ​ទទួល​តំណែង​ជា​មេបញ្ជាការ​កង​អង្គរក្ស​ជំនួស​លោក ឈឿន ចាន់ថន វិញ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu