Ad Code

ប្រធាន​គណៈកម្មការ ទីភ្នាក់ងារ​ទឹក​បារាំង វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីកចម្រើន​លើ​គ្រប់​វិស័យ​របស់​កម្ពុជា ជាពិសេស​លើ​វិស័យ​ធនធាន​ទឹក​



ភ្នំពេញ ៖ លោក Joel Pelicot ប្រធាន​គណៈកម្មការ​សហ​ប្រតិបត្តិការ​អន្តរជាតិ​ទីភ្នាក់ងារ​ទឹក​បារាំង បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីកចម្រើន​លើ​គ្រប់​វិស័យ​របស់​កម្ពុជា ជាពិសេស​លើ​វិស័យ​ធនធានទឹក និង​ចំពោះ​វឌ្ឍនភាព ​នៃ​គម្រោង​គ្រប់គ្រង​ធនធាន​ទឹក​ចម្រុះ ​នៃ​អាង​ស្ទឹងសែន​ដែល​បាន​អនុវត្ត និង​សម្រេច​បាន​រហូតមកដល់​ពេលនេះ។​

ការ​កោតសរសើរ​របស់ លោក Joel Pelicot ធ្វើឡើង នា​ព្រឹក​ថ្ងៃ​ពុធ ១១​កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០១៩ នៅ​ក្នុង​ជំនួប​ជាមួយ លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ពិភាក្សា​លើ​ការអនុវត្ត​គម្រោង​គ្រប់គ្រង​ធនធាន​ទឹក​ចម្រុះ​នៃ​អាង​ស្ទឹងសែន ដែល​បាន​អនុវត្ត​ក្រោម​ជំនួយ​របស់​ទី​ភ្នាក់ងារ​ទឹក​បារាំង។​

​នៅក្នុង​កិច្ចពិភាក្សា លោក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋាភិបាល​បារាំង ដែល​បាន​ជួយ​គាំទ្រ​ដល់​ការកសាង និង​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ឲ្យ​មាន​ការវិវឌ្ឍន៍​រីកចម្រើន​ជា​បន្ត​បន្ទាប់ និង​ដោយឡែក​សម្រាប់​វិស័យ​ធនធាន​ទឹក ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់ រួមចំណែក​ទ្រទ្រង់​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច​ជាតិ ​នៃ​កម្ពុជា។​

​លោក​រដ្ឋមន្ត្រី បាន​ជម្រាប​អំពី​សមិទ្ធផល និង​ការងារ​ដែល​ក្រសួង​សម្រេចបាន និង​កំពុង​អនុវត្ត និង​ជាពិសេស ស្ថានភាព​អាកាសធាតុ​ដែល​កម្ពុជា នឹង​ទទួលរង​ឥទ្ធិពល​El Nino ដែល​ធ្វើ​ឲ្យ​ឡើង​កម្ដៅ​ខ្លាំង​សម្រាប់​រដូវប្រាំង ជាពិសេស​ក្នុង​ខែមេសា ឆ្នាំ​២០១៩។

លោក​រដ្ឋមន្ត្រី បាន​ចាត់ទុក​ការ​ជួយ​របស់​ទីភ្នាក់ងារ​ទឹក​បារាំង សម្រាប់​គម្រោង​គ្រប់គ្រង​ធនធាន​ទឹក​ចម្រុះ ​នៃ​អាង​ស្ទឹងសែន ដែល​បាន​នឹង​កំពុង​អនុវត្ត​រហូតមកដល់​ពេលនេះ ថា​ជាការ​រួមចំណែក​ដ៏​សំខាន់​សម្រាប់​លើកកម្ពស់​ប្រសិទ្ធភាព និង​និរន្តរភាព ​នៃ​ការអភិវឌ្ឍន៍ និង​ការគ្រប់គ្រង​ធនធាន​ទឹក​ចម្រុះ​នៅ​កម្រិត​អាង ដែល​បច្ចុប្បន្ន​ជា​អាទិភាព​មួយ ក្នុងចំណោម​អាទិភាព​ជាច្រើន​ដែល​ក្រសួង​បាន​និង​កំពុង​យកចិត្តទុកដាក់​។​

​ជាការ​ឆ្លើយតប លោក Joel Pelicot ប្រធាន​គណៈកម្មការ​សហ​ប្រតិបត្តិការ​អន្តរជាតិ​ទីភ្នាក់ងារ​ទឹក​បារាំង បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីកចម្រើន​លើ​គ្រប់​វិស័យ​របស់​កម្ពុជា ជាពិសេស​លើ​វិស័យ​ធនធានទឹក និង​ចំពោះ​វឌ្ឍនភាព​ នៃ​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​ នៃ​អាង​ស្ទឹងសែន​ដែល​បាន​អនុវត្ត និង​សម្រេច​បាន​រហូតមកដល់​ពេលនេះ។

លោក Joel Pelicot បាន​វាយតម្លៃថា គម្រោង​ពិតជា​បាន​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជា​អាទិភាព​ក្នុង​ក្របខ័ណ្ឌ​ នៃ​វិស័យ​ធនធានទឹក និង​បាន​ជម្រាប​ថា ទីភ្នាក់ងារ​ទឹក​បារាំង នឹង​ពិនិត្យ​លទ្ធភាព​ជួយ​សម្រាប់​ការអនុវត្ត​គម្រោង​ខាងលើ​ជា​បន្តទៀត។​

​លោក​រដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ប្ដេជ្ញា​បន្ត​ជួយ​របស់​ភាគី​ទីភ្នាក់ងារ​ទឹក​បារាំង លើ​វិស័យ​ធនធាន​ទឹក​នៅ​កម្ពុជា ​ជាពិសេស​លើ​ការគ្រប់គ្រង និង​អភិវឌ្ឍ​ធនធាន​ទឹក​ចម្រុះ​ក្នុង​កម្រិត​អាង ដើម្បី​រួមចំណែក​ធានា​នូវ​និរន្តរភាព​ នៃ​ធនធាន និង​ការប្រើប្រាស់​សម្រាប់​ជា​ប្រយោជន៍​នា​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu