កំពង់ធំ ៖ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានពិធីប្រជុំប្រជុំបូកសរុបលទ្ធផលការងារសហការចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជាមួយសមត្ថកិច្ចជំនាញ និងអាជ្ញាធរដែនដី ដែលបានអនុវត្តកន្លងមក ពិធីនេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមានសមាសភាពថ្នាក់ដឹកនាំបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងមេបញ្ជាការគ្រប់កងឯកភាពចំណុះសរុប ចំនួន៤៨នាក់។
លោកវរសេនីយ៍ទោ នួន គឹមអាង នាយលេខាធិការដ្ឋាន នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអានរបាយការណ៍ស្តីពីលទ្ធផល នៃកិច្ចសហប្រតិបត្តិការក្នុងការចូលរួមចំណែកក្នុងការអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ទាំង៩ចំណុច របស់កងកម្លាំង នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរនិងវាយតម្លៃខ្ពស់ដល់កងកម្លាំងចំណុះបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំប្រឹងប្រែងសហការបានល្អ ក្នុងកិច្ចការពារសុខសុវត្ថិភាព ជូនប្រជាការពារនៅទូទាំងខេត្តកំពង់ធំ ក្រៅពីនោះបានចូលរួមចំណែកក្នុងការសហការ បង្ក្រាបបទល្មើសផ្សេងៗដូចជា បទល្មើសនេសាទ ,បទល្មើសព្រៃឈើ ,បទល្មើសគ្រឿងញៀន។ ក៏បានចូលរួមបំពាក់ឯកសណ្ឋានជូនប្រជាការពារនៅទូទាំងខេត្តកំពង់ធំ បានជាង ៥០០សម្រាប់ និងវិទ្យុទាក់ទងដៃជាង១០០គ្រឿង ជូនដល់ប្រជាការពារ ដើម្បីលើកទឹកចិត្តក្នុងការអនុវត្តន៍នូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលផងដែរ។
ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ កងកម្លាំងទាំងអស់ត្រូវ គោរពយ៉ាងម៉ឺងម៉ាត់នូវច្បាប់របស់រដ្ឋ បទបញ្ជា និងសេចក្តីសម្រេចផ្សេងៗ របស់ថ្នាក់លើ និងត្រូវខិតខំបម្រើប្រជាពលរដ្ឋ និងអតីតយុទ្ធជន ឲ្យបានទ្វេដងថែមទៀត និងមិនត្រូវធ្វើអ្វីឲ្យប្រជាពលរដ្ឋយើងមានការថ្នាំងថ្នាក់ជាដាច់ខាត។
Source: Kampuchea Thmey Daily
0 Comments