ពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) ដែលមានសមាជិកចំនួន១២ក្រុម នឹងចាប់ផ្តើមដំណើរការរដូវកាលថ្មីរបស់ខ្លួនចាប់ពីខែមីនា តទៅសម្រាប់ឆ្នាំ២០១៩ ខាងមុខនេះ ខណៈក្រុមជើងឯកនឹងទទួលបានពានរង្វាន់បូកទាំងប្រាក់រង្វាន់និងឱកាសចេញទៅប្រកួតដណ្តើមពានរង្វាន់មួយចំនួនលើឆាកអន្តរជាតិថែមទៀតផង។
លោក ឆាំង ពិសិដ្ឋ លេខាធិការប្រតិបត្តិនៃគណៈកម្មការប្រកួតបាល់ទាត់ជាតិ បានបានលើកឡើងថា កម្មវិធីប្រកួតពានរង្វាន់បាល់ទាត់លីគកំពូលកម្ពុជារដូវកាលថ្មីឆ្នាំ ២០១៩ នេះនឹងចាប់ផ្ដើមនាដើមខែ មីនា ខាងមុខនេះ ពោលកាលវិភាគប្រកួតសប្ដាហ៍ទី១ នឹងធ្វើឡើងនៅថ្ងៃទី ៩ និង ១០ ខែ មីនា ឆ្នាំ២០១៩។ ការបង្ហើបឲ្យដឹងបែបនេះ បន្ទាប់ពីកិច្ចប្រជុំដែលមានតំណាងថ្នាក់ដឹកនាំក្លិបលីគកំពូលទាំង ១១ ត្រូវបានរៀបចំឡើងកាលពីពេលថ្មីៗ នៅស្នាក់ការគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា។ ក្រុមដែលលេងនៅលីគកំពូលទាំងអស់កំពុងត្រៀមជើងព្រួលនិងបំពេញចន្លោះប្រហោងរបស់ខ្លួន ដើម្បីប្រជែងជើងឯក ក្រោយសម្រាកតាំងពីចុងខែ កញ្ញា ឆ្នាំ២០១៨ មក។
យោងតាមលិខិតដែលចេញដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចុះថ្ងៃទី ១០ ខែ មករា ឆ្នាំ២០១៩ កាលបរិច្ឆេទចុះបញ្ជីកីឡាករសម្រាប់ក្រុមប្រកួតនៅមិត្តហ្វូនខេមបូឌានលីគរដូវកាលថ្មី ចាប់ផ្ដើមពីថ្ងៃទី ២ មករា រហូតដល់ ថ្ងៃទី ២ ខែ មីនា ឆ្នាំ ២០១៩។
ប្រភពបានបន្តថា ក្លិបទាំង១២ ដែលត្រូវប្រជែងពាននៅលីគកំពូលឆ្នាំ២០១៩ ដូចជា ក្រុមការពារតំណែងជើងឯក ណាហ្គាវើលដ៍, ក្រុមជើងឯកពានសម្ដេច ហ៊ុន សែន ការពារជាតិ, វិសាខា, ភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង, បឹងកេត,អគ្គស្នងការដ្ឋាននគរបាលជាតិ, អាស៊ីអឺរ៉ុបយូណាយធី, អង្គរថាយហ្គឺរ, សូលទីឡូអង្គរ, អគ្គិសនីកម្ពុជា។ ចំណែកក្រុម១ក្រុមទៀតគឺត្រូវជ្រើសរើសរវាងក្រុមគីរីវង់សុខសែនជ័យ(តាកែវ),ក្រុមForza (សៀមរាប) និងក្រុមខេត្តកំពង់ចាម។ ក្រុមក្នុងចំណោម ៣ ក្រុមត្រូវរង់ចាមការសម្រេចពីគណៈកម្មាធិការប្រតិបត្តិនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
ចំណែកក្រុមវេស្ទើនភ្នំពេញ ជាក្រុមតែមួយគត់ដែលត្រូវកាត់ចេញពីលីគកំពូលនាឆ្នាំ ២០១៨ ក៏ព្រោះតែប្រធានក្លិបមួយនេះបានអះអាងថា ក្លិបមិនមានហិរញ្ញវត្ថុគ្រប់គ្រាន់សម្រាប់ដំណើរការក្លិប។ ក្រុមតំណាងឲ្យសាកលវិទ្យាល័យ មួយនេះរកបានតែ ១ ពិន្ទុប៉ុណ្ណោះក្នុងការលេង ២២ ប្រកួត។ ១ ពិន្ទុរបស់វេស្ទើន ពេលស្មើការពារជាតិ ៣-៣៕
Source: Kampuchea Thmey Daily
0 Comments