សៀមរាប ៖ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា «ដើម្បីលើកស្ទួយវប្បធម៌នៅក្នុងតំបន់ឱ្យមានប្រសិទ្ធភាពសុខសន្តិភាពនិងការអភិវឌ្ឍប្រកប ដោយចីរភាព ខ្ញុំសូមស្នើឲ្យក្រុមប្រឹក្សាវប្បធម៌អាស៊ីអនុវត្តនូវបេសកកម្មសំខាន់ៗ របស់ខ្លួនដែលបានចែងក្នុងកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាព និង តម្លាភាពនិងគោរពឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ ៣យ៉ាងគឺការយោគយល់គ្នាទៅវិញទៅមក,ការគោរពគ្នាទៅវិញទៅមក និងការផ្ដល់ផល ប្រយោជន៍ឲ្យគ្នាទៅវិញទៅមកដើម្បីទទួលបាននូវសុខសន្តិភាពជានិច្ចនិរន្តរ៍»។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានស្ថាបនិកកិត្តិយស ACC បានថ្លែងបែបនេះនៅក្នុងពិធីប្រកាសជាផ្លូវការក្រុមប្រឹក្សាវប្បធម៌អាស៊ីកាល ព្រលប់ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៩ នៅទីលានជល់ដំរីក្នុងខេត្តសៀមរាបដែលមានអ្នកចូលរួមប្រមាណ ៨០០ នាក់ មកពីប្រទេសបង់ក្លាដេស កម្ពុជា ចិន ហ្សកហ្ស៊ី ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីរ៉ាក់ ឡាវ កូរ៉េខាងត្បូង ឡេបាណន់ ម៉ាឡេស៊ី ម៉ុងហ្គោលី មីយ៉ាន់ម៉ា នេប៉ាល់ ប៉ាគីស្ថាន ហ្វីលីពីន រុស្ស៊ី សិរីលង្កា ថៃ និងវៀតណាម ក៏ដូចជាមិត្តមកពីទ្វីបអាហ្វ្រិក អាមេរិកឡាទីន អាមេរិកខាងជើង អឺរ៉ុប អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ (CDI-IDC) វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) និងអង្គការយូណេស្កូ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជានិងប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញមោទនភាពនិងសេចក្ដីរីករាយដែលបានចូលរួមក្នុងពិធីប្រកា សជាផ្លូវការក្រុមប្រឹក្សាវប្បធម៌អាស៊ី ដែលជាស្ថាប័នមួយបង្កើតឡើងក្នុងក្របខ័ណ្ឌអង្គការសន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី តំណាងឲ្យ ៥២ ប្រទេសដើម្បីលើកកម្ពស់វិស័យវប្បធម៌និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសក្នុងតំបន់និងអន្តរជាតិ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងស្វាគមន៍គណៈប្រតិភូនៃក្រុមប្រឹក្សាវប្បធម៌អាស៊ីនិងគណៈប្រតិភូនៃវេទិកាសភាអាស៊ីប៉ាស៊ីហ្វិចទាំងអស់ដែលកំពុងមានវត្តមាននៅឧទ្យានអង្គរ ទីលានជល់ដំរីដែលជាទឹកដីវប្បធម៌និងអរិយធម៌ដ៏រុងរឿងរបស់ខ្មែរ និង ជាបេតិកភណ្ឌពិភពលោករបស់មនុស្សជាតិ។
សម្តេចតេជោបានថ្លែងថា ការរៀបចំឲ្យមានការជួបជុំគ្នារវាងអ្នកនយោបាយនិងថ្នាក់ដឹកនាំសំខាន់ៗនៅក្នុងទ្វីបអាស៊ីនិងភ្ញៀវកិត្តិយសមកពីអាមេរិក ឡាទីន អាហ្វ្រិក និង តំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងពិធីប្រកាសផ្លូវការក្នុងក្រុមប្រឹក្សាវប្បធម៌អាស៊ីនាពេលនេះពិតជាមានសារៈសំខាន់ក្នុងការបើកទំព័រថ្មីនៃ កិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកវប្បធម៌ដើម្បីផលប្រយោជន៍មនុស្សជាតិនៅក្នុងតំបន់ ស្របជាមួយនឹងទីតាំងភូមិសាស្ត្រកម្ពុជាដែលស្ថិតនៅចំណុច ប្រសព្វរវាងអរិយធម៌ធំៗនៅអាស៊ីដែលជាទ្វីបសំបូរដោយប្រវត្តិសាស្ត្រយូរអង្វែងនិងវប្បធម៌ចម្រុះដែលប្រជាជនអាចរស់នៅជាមួយគ្នាដោយសុខសន្តិភាពដើម្បីលើកម្ពស់អរិយធម៌មនុស្សជាតិទាំងមូលរួមមានអាស៊ីខាងកើតនិងអាស៊ីខាងត្បូងក៏ដូចជាតំបន់អាស៊ីខាងជើង អាស៊ីកណ្ដាលនិងអាស៊ីបូព៌ា រួមទាំងមជ្ឈិមបូព៌ាដែលតភ្ជាប់គ្នាដោយផ្លូវសូត្រតាំងពីបុរាណកាលមក។ ដូច្នេះការតភ្ជាប់រវាងវប្បធម៌និងវប្បធម៌មនុស្សនិងមនុស្សនឹងបង្កើតអ្វីដែល យើងអាចហៅថា"ម៉ារ៉ាតុងវប្បធម៌"មួយដែលអាចភ្ជាប់គ្នាពីតំបន់មួយទៅតំបន់មួយ និងពីទ្វីបមួយទៅទ្វីបមួយទៀតដើម្បីបង្កើតបានអូឡាំពិកវប្បធម៌ មួយក្នុងគោលដៅលើកស្ទួយវប្បធម៌ដើម្បីសុខសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា កម្ពុជាពិតជាមានកិត្តិយសដ៏ឧត្តុង្គឧត្តមដែលកំពុងដើរតួនាទីដឹកនាំស្ថាប័នក្រុមប្រឹក្សាវប្បធម៌អាស៊ីហើយក៏ជា ប្រទេសទី១នៅអាស៊ីដែលបានសហការល្អបំផុតជាមួយអង្គការយូណេស្កូក្នុងការកសាងសមត្ថភាពខ្លួនដើម្បីធ្វើជាគំរូ ក្នុងការគ្រប់គ្រងនិងអភិរក្សបេ តិកភណ្ឌមនុស្សជាតិប្រកបដោយជោគជ័យបន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាពពេញលេញឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុងនៅចុងឆ្នាំ ១៩៩៨ តាមរយៈការអនុវត្តន៍នយោបាយឈ្នះឈ្នះដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដំបូងបង្អស់នៅកម្ពុជាដែលពុំធ្លាប់មានក្នុងរយៈពេលដ៏យូរអង្វែង របស់ខ្លួន។
សម្តេចតេជោ ហ៊ុន សែន ក៏បានអបអរសាទរចំពោះការចូលរួមនៅក្នុងក្រុមប្រឹក្សាវប្បធម៌អាស៊ី ពីថ្នាក់ដឹកនាំកំពូលៗមកពីទ្វីបអាស៊ីរួមមាន លោក យូសុស កាឡា អនុប្រធានាធិបតីឥណ្ឌូនេស៊ី, លោក មហាធា មហាមេដ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ,លោក ម៉ាន់ ម៉ូហានស៊ីង អតីតនាយករដ្ឋមន្ត្រី ឥណ្ឌា , លោក ហូហ្សេ ឌឺវេណាស្យ៉ា អតីតប្រធានសភាហ្វីលីពីន, លោកស្រី មេរីបាន អាលីយេវ៉ា អនុប្រធានាធិបតីអាហ្ស៊ែរបៃហ្សង់ និងលោក ជុង អ៊ីយ៉ុង ប្រធានការិយាល័យសន្តិសុខជាតិនៃសាធារណរដ្ឋកូរ៉េ និងជាសហប្រធានអាយខាប់។
សូមបញ្ជាក់ជូនថា នៅថ្ងៃទី១៥ ខែមករាឆ្នាំ២០១៩ ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ត្រូវបានប្រកាសជាផ្លូវការនៅសៀមរាបដែលជាទីក្រុងវប្បធម៌ដ៏រុង រឿងរបស់ប្រទេសកម្ពុជាដោយមានវត្តមានរបស់អ្នកចូលរួមជាង ៨០០នាក់ គំនិតផ្តួចផ្តើមក្នុងការបង្កើត ACCជាស្ថាប័នបុត្រសម្ព័ន្ធមួយរបស់អង្គការ សន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ត្រូវបានផ្តល់អនុលោមភាពក្នុងអំឡុងពេលកិច្ចប្រជុំលើកទី ២៧នៃគណៈកម្មា ធិការអចិន្ត្រៃយ៍របស់ ICAPP នៅទីក្រុងកូឡាឡាំពួរនាខែកញ្ញា ឆ្នាំ២០១៦ ។ ឯកសារគោល (ToR) របស់ ACC ដែលរៀបចំដោយកម្ពុជានិងមានការ ពិគ្រោះយោបល់ជាមួយសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ដទៃទៀតត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំពេញអង្គរបស់ ICAPP នៅទីក្រុងសេអ៊ូលនាខែ កក្កដា ឆ្នាំ២០១៧ ។ ក្រោយមកនាខែតុលា ឆ្នាំ២០១៨ អង្គការយូណេស្កូបានឯកភាពថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអង្គការ ICAPP ដើម្បីគាំទ្រសកម្មភាពនានារបស់ ACC ។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នៅ ខេត្តសៀមរាប។
នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ ACC បានប្រកាសលើកកម្ពស់សសរស្តម្ភដែលមានភាពប្រទាក់ក្រឡាគ្នាទៅវិញទៅមកចំនួន៤ដូចខាងក្រោម៖១. វប្បធម៌ និងសន្តិភាព៖ប្តេជ្ញាលើកកម្ពស់វប្បធម៌សន្តិភាពស្របតាមពាក្យស្លោករបស់ ACC ថា «ពិភពលោកមួយដែលមានវប្បធម៌ចម្រុះសម្បូរបែបជាមូលដ្ឋាន សម្រាប់ការកោតសរសើរនិងកិច្ចសហប្រតិបត្តិការ»។ វប្បធម៌គឺជាសូចនាករមួយសម្រាប់អត្តសញ្ញាណជាតិ អធិបតេយ្យភាពនិងឯករាជ្យភាព ។ ២.វប្បធម៌និងការអភិវឌ្ឍដោយចីរភាព៖ គូសបញ្ជាក់ពីទំនាក់ទំនងរវាងវប្បធម៌និងការអភិវឌ្ឍដោយចីរភាពតាមរយៈការលើកកម្ពស់ភាពទាក់ទងគ្នារវាង គុណតម្លៃសង្គមនិងវប្បធម៌និងការធ្វើឱ្យប្រសើរឡើងនូវកុងសង់ស៊ុសអន្តរជាតិកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូដើម្បីកាត់បន្ថយនូវអសមភាព សេដ្ឋកិច្ច និងសង្គម ពង្រឹងសមត្ថភាពមូលដ្ឋានដើម្បីកាត់បន្ថយហានិភ័យនៃបម្រែបម្រួលអាកាសធាតុនិងលើកកម្ពស់ការផ្សាភ្ជាប់សង្គមនិងនិរន្តរ ភាពសង្គម។ ៣.វប្បធម៌និងការតភ្ជាប់មនុស្សជាតិ អភិវឌ្ឍបន្ថែមទៀតនូវផែនការសកម្មភាពជាក់លាក់ ដើម្បីលើកកម្ពស់ការតភ្ជាប់មនុស្សជាតិ គុណ តម្លៃរួមគ្នានិងផលប្រយោជន៍រួមនិងដើម្បីលុបបំបាត់រាល់ទម្រង់នៃភាពជ្រុលនិយមតាមរយៈការផ្លាស់ប្តូរវប្បធម៌ ការចែករំលែកចំណេះដឹងនិងកិច្ចសន្ទនា និងការពិគ្រោះយោបល់ដែលមានលក្ខណៈបើកទូលាយ និងប្រកបដោយបរិយាប័ន្ន។ ៤.វប្បធម៌និងនវានុវត្តភាព គូសបញ្ជាក់នូវសារៈសំខាន់ នៃការលើកកម្ពស់វប្បធម៌ជាមូលដ្ឋាននៃនវានុវត្តភាពដែលប្រមូលផ្តុំលើមនុស្សតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងការលើកកម្ពស់គុណតម្លៃមនុស្ស និងការផ្សារភ្ជាប់មនុស្សជាតិ។
សេចក្តីថ្លែងការណ៍សៀមរាបបានកោតសរសើរនិងស្វាគមន៍វិធីសាស្ត្រថ្មីមួយសម្រាប់ការអភិវឌ្ឍគឺវិធីសាស្ត្រ TECH (ជាពាក្យកាត់អង់គ្លេសដែលមាន ន័យពេញថាបច្ចេកវិទ្យានិងគំនិត, ការអប់រំនិងបរិស្ថាន, វប្បធម៌និងសហគមន៍, មនុស្សជាតិនិងប្រវត្តិសាស្ត្រ, សិរីរាង្គនិងភាពដើម) និង គម្រោង TECHO ភូមិគំរូ ១០០ ដែលត្រូវបានផ្តួចផ្តើមឡើងដោយប្រទេសកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងអនុវត្តឲ្យបានសម្រេចនូវសសរស្តម្ភទាំង ៤ ខាងលើ។
គណៈប្រតិភូ ACC បានសម្តែងការកោតសរសើរដ៏ស្មោះស្ម័គ្រចំពោះវត្តមានក្នុងព្រឹត្តិការណ៍ពិធីជាប្រវត្តិសាស្ត្រនេះគឺវត្តមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រធានស្ថាបនិកកិត្តិយស ACC និង ជាសហប្រធានស្ថាបនិកកិត្តិយសរបស់ ACC រួមមានលោក Jusuf Kalla អនុប្រធានាធិបតីសាធារណរដ្ឋឥណ្ឌូនេស៊ី ,លោក Jose de Venecia អតីតអ្នកនាំពាក្យនៃសភាតំណាងរាស្ត្រហ្វីលីពីន ,លោក KP Shama Oli នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធនេប៉ាល់, លោក Andrés Pastrana Arango អតីតប្រធានាធិបតីនៃសាធារណរដ្ឋកូឡំប៊ី និងជាប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ (CDI-IDC)៕
Source: Kampuchea Thmey Daily
0 Comments