ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានរថយន្តស្ទូចបុករួចកិនពីលើបណ្តាលឲ្យស្លាប់ភ្លាមៗ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទី ថ្ងៃទី១៦ ខែមករា ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពពីលោកវរសេនីយ៍ទោ ឯក សារ៉ន អធិការងខណ្ឌច្បារអំពៅទទួលបន្ទុកចរាចរណ៍បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះប៉ែន ខៃ អាយុ២២ឆ្នាំរស់នៅភូមិតានូ ឃុំចំបក់ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានជិះម៉ូតូម៉ាកសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CK-6420បានបើកបរតាមបណ្តោយផ្លូវក្លស្ទ័រក្នុងភូមិបឹងឈូក សង្កាត់និរោធ។
លុះមកដល់ផ្លូវP22ក៏ស្រាប់តែមានរថយន្តស្ទូច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D-9293មកដល់ចំណុចកែងបានបុកម៉ូតូជនរងគ្រោះ រួចកិនពីលើបណ្តាលឲ្យជនរងគ្រោះស្លាប់ក្រោមរថយន្ត។ លោកអធិការរងបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺពុំមានសាក្សីណាម្នាក់ហ៊ានអះអាងថា កំហុសនេះផ្តើមចេញពីភាគីណាទេដោយគ្រាន់តែដឹងថា ក្រោយពេលកើតហេតុបន្សល់ទុកសពជនរងគ្រោះកៀបជាប់ក្រោមកង់រថយន្ត។ ហើយអ្នកបើកបររថយន្តស្ទូចត្រូវបាននគរបាលឃាត់បានដែលមានឈ្មោះខឿន សុភាព ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិឈូកឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។
ក្រោយកើតហេតុ សពត្រូវបានប្រគល់ទៅឲ្យសាច់ញាតិដោយឡែករថយន្តនិងតៃកុងព្រមទាំងម៉ូតូរបស់ជនរងគ្រោះត្រូវបានប្រគល់ទៅឲ្យការិយាល័យចរាចរណ៍នគរបាលក្រុងជាអ្នកចាត់ការទៅតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments