Ad Code

អាជ្ញាធរ​ជាតិ​អប្សរា​ផ្តល់​ថវិកាបដិភាគ​សង់​បង្គន់​អនាម័យ ​ដល់​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ



សៀមរាប ​៖ ​គម្រោង ប៉ា​ជឺ​រ៉ា (PAAJERA) ដែល​ជា​កិច្ចសហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​រដ្ឋាភិបាល​បារាំង បាននឹងកំពុង​អនុវត្តន៍​ដោយ​ផ្តល់​ថវិកាបដិភាគ​សង់​បង្គន់​អនាម័យ​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​រមណីយដ្ឋាន​អង្គរ​។ គម្រោង​នេះ​គ្រប​ដណ្តប់​លើ​ភូមិ​ទាំងអស់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ គឺ​ផ្តល់​ជូន​គ្រួសារ​នានា​កំពុង​រស់នៅ​តំបន់​រមណីយដ្ឋាន​អង្គ​ដែល​មាន​បំណង​ចង់បាន​បង្គន់​អនាម័យ​ប្រើប្រាស់​ជា​លក្ខណៈ​ឯកជន តែ​ខ្វះ​ថវិកា​ដើម្បី​សង់​បង្គន់​អនាម័យ​ដែល​មាន​ភាពល្អប្រសើរ​។

មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​គ្រប់គ្រង​ទឹក ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡៃ ប៉ូ​ទី បាន​ឲ្យ​ដឹង​ថា តាំងពី​ខែ សីហា ឆ្នាំ​២០១៨​មកដល់​បច្ចុប្បន្ន តាមរយៈ​គម្រោង​នេះ​ថវិកាបដិភាគ​បាន​សង់​បង្គន់​អនាម័យ​ប្រមាណ​ជាង ៣០០​ហើយ​ ត្រូវ​បាន​ផ្តល់ជូន​ប្រជាពលរដ្ឋ ហើយ​ចំនួន​នេះ​នឹង​បន្ត​កើន​ឡើងជា​បន្តបន្ទាប់​។



លោក​បន្ថែម​ថា គម្រោង​នេះ​បាន​សម្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្សត់ខ្សោយ​ឲ្យ​មាន​បង្គន់​អនាម័យ​ប្រើប្រាស់ ដែល​ជា​តម្រូវ​ការចាំបាច់​ក្នុង​ការ​រស់នៅ​។ តាមរយៈ​គម្រោង​នេះ ពលរដ្ឋ​អាច​ជ្រើសរើស​បង្គន់​អនាម័យ​ចំនួន ៣​ប្រភេទ គឺ​បង្គន់​ដែល​មាន​រណ្ដៅ​ចាប់ពី​១​រណ្ដៅ ដល់​៣ រណ្ដៅ ដែលមាន​ជម្រៅ​លូ​៣​កង់ ដោយ​អាជ្ញាធរ​ជាតិ​អប្សរា តាមរយៈ​គម្រោង​ប៉ា​ជី​រ៉ា​(PAAJERA)​ផ្តល់​ថវិកាបដិភាគ​ចំនួន ៤០​ភាគរយ​សម្រាប់​បង្គន់​១​រណ្តៅ ថវិកាបដិភាគ​ចំនួន ៣០​ភាគរយ​សម្រាប់​បង្គន់​២​រណ្តៅ និង​ថវិកាបដិភាគ​ចំនួន ២០​ភាគរយ​សម្រាប់​បង្គន់​៣​រណ្តៅ​។

​តាម​ការ​ពន្យល់​របស់​លោក ប៉ូ​ទី តាមពិតទៅ​គម្រោង ប៉ា​ជឺ​រ៉ា បាន​ចាប់​ផ្តើម​តាំងពី​អំឡុង​ឆ្នាំ ២០១៣ ដោយ​អប់រំ​ប្រជាពលរដ្ឋ​កំពុង​រស់នៅ​តំបន់​អង្គរ​ឲ្យ​យល់​ពី​ការរស់នៅ​ប្រកបដោយ​សុខុមាលភាព​និង​អនាម័យ​ល្អ​ក្នុង​គ្រួសារ​។ ប៉ុន្តែ​តាមរយៈ​ការសិក្សា​កន្លងមក មានគ្រួសារ​ខ្លះ​ខ្វះ​លទ្ធភាព​ក្នុង​ការ​កសាង​បង្គន់​អនាម័យ ដែល​ធ្វើ​ឲ្យ​ពួកគេ​មិន​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​សង់​បង្គន់​អនាម័យ​ត្រឹមត្រូវ ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំថ្ងៃ​។ ហេតុ​ដូច្នេះហើយ ទើប​គម្រោង ប៉ា​ជឺ​រ៉ា បាន​សម្រេចចិត្ត​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ក្នុងការ​សាងសង់​បង្គន់​អនាម័យ​ដោយ​ផ្តល់​ថវិកាបដិភាគ​សម្រាប់​ការសាងសង់​នេះ​។



អ្នកស្រី អិ​ច ទ្រប់ អ្នកភូមិ​រហាល សង្កាត់​នគរធំ ក្រុង​សៀមរាប ដែល​ទើបនឹង​ទទួល​ថវិកា​បដិភាគ​សង់​បង្គន់​អនាម័យ បាន​និយាយ​ថា អ្នកស្រី​រីករាយ​ជា​ខ្លាំង​នៅពេល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចូលរួម​គិតគូរ​ពី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ ដែល​កន្លងមក​អ្នកស្រី​ក៏ដូចជា​អ្នកភូមិ​ឯទៀត ទទួលបាន​ការអប់រំ​ច្រើន​ពី​បញ្ហា​អនាម័យ​នេះ​។ ក្នុង​នោះ​ដែរ អ្នកស្រី​សូម​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា តាមរយៈ​ការ​ផ្តល់​ថវិកាបដិភាគ​សង់​បង្គន់​អនាម័យ​បាន​ជួយ​សម្រាល​ជីវភាព​គ្រួសារ​អ្នកស្រី​បាន​មួយ​កម្រិត​។

សូម​បញ្ជាក់​ថា ការ​យក​ចិត្តទុកដាក់​ខ្ពស់​លើ​ការអភិវឌ្ឍ​សហគមន៍ ជាពិសេស​ការ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អង្គរ​គឺជា​ការងារ​អាទិភាព​ចំបង​មួយ​ក្នុងចំណោម​ការងារ​អាទិ​ភាពជា​ច្រើន​ផ្សេងទៀត​។ ក្រៅ​ពី​នេះ អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​សំខាន់ៗ​សម្រាប់​ជា​ប្រយោជន៍​ផ្ទាល់​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ដូចជា ផ្លូវថ្នល់ ស្ពាន ប្រឡាយ​ទឹក ទ្វារ​ទឹក​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu