Ad Code

ព្រះមហាក្សត្រ ​ត្រាស់បង្គាប់​ដក​បម្រាម​នយោបាយ​ដល់​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២​រូប



ភ្នំពេញ ៖ លោក គង់ គាំ អតីត​ឧ​ត្ត​ម​ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក គង់ បូរ៉ា អតីត​តំណាងរាស្ត្រ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​តុលាការ​កំពូល​ប្រកាស​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ជាមួយ​អតីត​ថ្នាក់ដឹកនាំ CNRP ចំនួន​១១៦​នាក់​ផ្សេងទៀត​នោះ ត្រូវ​បាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​ផ្តល់​នីតិសម្បទា ដើម្បី​បន្តសកម្មភាព​នយោបាយ​ឡើងវិញ​ហើយ​កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៩ នេះ​បើ​តាម​ព្រះរាជក្រឹត្យ ដែល​ការិយាល័យ​យើង​ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៩​។

យោង​តាម​ព្រះរាជក្រឹត្យ​របស់​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៩ បាន​បញ្ជាក់ថា ទី​១, “​ត្រូវ​បានផ្តល់​នីតិសម្បទា​ឡើងវិញ​ឲ្យ​ឈ្មោះ គង់ បូរ៉ា ភេទ​ប្រុស កើត​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​១៩៧៤​ដែល​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​សកម្ម​ភា​នយោបាយ​រយៈពេល​៥​ឆ្នាំ តាម​អំណាច​សាលដីកា​លេខ​៣៤០ (​ឆ​) ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ របស់​តុលាការ​កំពូល​”​។ ទី​២, “​ត្រូវ​បានផ្តល់​នីតិសម្បទា​ឡើងវិញ​ឲ្យ​ឈ្មោះ គង់ គាំ ភេទ​ប្រុស កើត​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​១៩៤១ ដែល​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​សកម្ម​ភា​នយោបាយ​រយៈពេល​៥​ឆ្នាំ តាម​អំណាច​សាលដីកា​លេខ​៣៤០ (​ឆ​) ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ របស់​តុលាការ​កំពូល​”​។

សូម​បញ្ជាក់​ថា ការ​ផ្តល់​សិទ្ធិ​ធ្វើ​យោ​បាយ​ឡើងវិញ​របស់​អ្នកនយោបាយ​ទាំង​២​រូបនេះ ធ្វើឡើង​បន្ទាប់ពី​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងពីរ​នាក់​នោះ បានដាក់​ពាក្យ​ស្នើ​ទៅកាន់​ក្រសួងមហាផ្ទៃ ដើម្បី​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​កាលពី​ថ្មីៗ​នេះ និង​បន្ទាប់ពី​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ មាត្រា​៤៥​ថ្មី (​ស្ទួន​) ចូល​ជា​ធរមាន​។

រហូតមកដល់​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៩ មាន​អតីតមន្ត្រី​ជាន់ខ្ពស់ CNRP ដែល​ត្រូវបាន​ហាមឃាត់​សកម្ម​ភាណ​នយោបាយ​ចំនួន​២​នាក់​ហើយ បានដាក់​លិខិត​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ហើយ​អ្នក​ទាំងពីរ​នោះ គឺ​ទី​១.លោក គង់ គាំ អតីត​ឧ​ត្ត​ម​ទីប្រឹក្សា​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អតីត​មនុស្ស​ជំនិត​របស់​លោក សម រ​ង្ស៉ី និង​លោក គង់ បូរ៉ា អតីត​សមាជិក​គណៈកម្មាធិការ​នាយក និង​ជា​តំណាងរាស្ត្រ​ម​ណ្ឌល​ព្រៃវែង នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​លិខិត​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ កាលពី​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៩​។

​នៅក្នុង​លិខិត​របស់​លោក គង់ គាំ និង​លោក គង់ បូរ៉ា ដែល​បាន​ដាក់​ជូន​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​០៩ ខែមករា បាន​បញ្ជាក់​ប្រហាក់ប្រហែល​គ្នា​ថា លោក​មាន​សេចក្តី​រីករាយ ចំពោះ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​មាត្រា​៤៥ ថ្មី​(​ស្ទួន​មួយ​) បើក​ឲ្យ​អ្នកនយោបាយ​ជាប់​គំរាម អាច​ទទួល​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ ដោយ​ព្រះមហាក្សត្រ តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី និង​តាម​សេចក្តី​ស្នើសុំ​របស់​នាយក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។ លិខិត​បញ្ជាក់​ថា “​តាម​សំណើ​ដូច​បាន​ជម្រាប​ជូន​ខាងលើ​សូម​សម្ដេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី មេត្តា​ពិនិត្យ និង​ស្នើសុំ​ដើម្បី​សម្ដេចនាយក​រដ្ឋមន្ត្រី បន្ត​ទូលថ្វាយ​ព្រះមហាក្សត្រ​សូម​ព្រះអង្គ​ព្រះមេត្តា​ជួយ​ឲ្យ​ខ្ញុំ​រួច​ផុត​ពី​បម្រាម​នយោបាយ​មុន​កាលកំណត់​របស់​សាលដីកា​តុលាការ​កំពូល ដោយ​អនុគ្រោះ​”​។

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​បាន​លើកឡើងថា “​ទ្វារ​បើក​ហើយ ចង់​ចូល​ចូល មិនបាច់​អូសទាញ​ទេ​”​។ លោក​បញ្ជាក់​ថា ច្បាប់​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ ត្រូវបាន​ស្ថាប័ន​នីតិប្បញ្ញត្តិ​អនុម័ត​រួចហើយ​។ ចំណែក​ព្រះមហាក្សត្រ​ក៏បាន​ទ្រង់​ឡាយព្រះហស្ថលេខា​លើ​ព្រះរាជក្រម​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​រួចហើយ​ដែរ ដូច្នេះ​ទ្វារ​បាន​បើកចំហ​រហើយ អ្នកនយោបាយ​ណា​ចង់បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ អាចមាន​សិទ្ធិ​សុំ​បាន​ដោយ​សេរី តែបើ​មិន​ចង់​បានទេ ក៏​ជា​សិទ្ធិ​របស់​សាមី​ជន​ម្នាក់ៗ​ដែរ គ្មាន​ពាក់ព័ន្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​គ្មាន​ប្រ​យោ​ជ​ន៍​អី​ទៅធ្វើ​ការអូសទាញ​ដោយ​ប្រការ​ណាមួយ​ដែរ​។ ដូច្នេះ​រឿងនេះ គឺជា​រឿង និង​ជា​សិទ្ធិ​របស់​សាមី​ជន​ម្នាក់ៗ​តែប៉ុណ្ណោះ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu