Ad Code

ផលិតករ​វីដេអូ​ ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ សុំ​សាលាឧទ្ធរណ៍​នៅ​ក្រៅ​ឃុំ



ភ្នំពេញ​ ៖ ​ប្រភព​ព័ត៌មាន​ពី​សាលាឧទ្ធរណ៍​ បានអោយដឹងថា កាលពី​ព្រឹក​ថ្ងៃទី​៣០​ ខែ​មករា ឆ្នាំ​២០១៩​នេះ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ បាន​លើក​យក​សំណុំរឿង​សុំ​នៅ​ក្រៅ​ឃុំ​របស់​ផលិតករ​វីដេអូ​ ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ មក​បើកសវនាការ​អសាធារណៈ ប៉ុន្តែ​បា​ន​​សម្រេច​ថា​នឹង​ប្រកាស​សេចក្ដី​សម្រេច​នៅ​ថ្ងៃទី​៣១​មករា ស្អែក​នេះ។

ជនជាប់ចោទ លោក​រ៉ាត់ រ័ត្ន​មុនី ត្រូវបាន​បញ្ជូន​មក​នៅ​ចំពោះ​មុខ​ក្រុមប្រឹក្សា​សភា​ស៊ើបសួរ​ ប៉ុន្តែ​តុលាការ​មិន​អនុញ្ញាត​អោយ​អ្នក​​សារព័ត៌មាន​ស្ថិតនៅក្នុង​បន្ទប់​សវនាការ​ទេ។​

ប្រភព​ព័ត៌មាន​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បានអោយដឹងថា កាលពី​រសៀល​ថ្ងៃទី ១៣​ធ្នូ ឆ្នាំ​២០១៨ កន្លងទៅ សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​បាន​បញ្ជូន​ប្រធាន​សហជីព​កម្មករ​សំណង់​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ ហើយ​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ផលិត​ខ្សែ​វីដេអូ​​រឿង ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ មក​តុលាការ​​ ​ដើម្បី​សាកសួរ​និង​សម្រេច​តាមច្បាប់។ ក្រោយ​សាកសួរ តុលាការ​ បានសម្រេច​ឃុំខ្លួន​លោក​រ៉ាត់ រ័ត្ន​មុនី។ ២​សប្ដាហ៍​ក្រោយ​មក​ជនជាប់ចោទ​បាន​ដាក់​ពាក្យសុំ​នៅក្រៅ​ឃុំ ប៉ុន្តែ​តុលាការ​បាន​បដិសេធ ទើប​ជនជាប់ចោទ​បាន​ប្ដឹង​មក​សាលាឧទ្ធរណ៍ ហើយ​នៅ​ព្រឹក​ថ្ងៃទី ៣០​មករា ​​សភា​ស៊ើបសួរ​ បាន​យក​សំណើ​នេះ​មក​ពិភាក្សា ហើយ​នឹង​ធ្វើ​សេចក្ដីសម្រេច​នៅ​ថ្ងៃស្អែក។​

អ្នកស្រី ឡុង គីម​ហ៊ាង​ដែល​ត្រូវជា​ភរិយា​លោក រ៉ាត់ រត្ន​មុនី បាន​ប្រាប់​អ្នកកាសែត​ថា ​៖ ស្វាមី​របស់​អ្នកស្រី​ឈ្មោះ រ៉ាត់ រត្ន​មុនី​ដែលជា​ប្រធាន​សហជីព​កម្មករសំណង់ និង​ភ្នាក់ងារ​សារ​​ព័ត៌មាន​រុស្ស៊ី​ធូ​ដេ (RT) ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​៧​ធ្នូ ឆ្នាំ​២០១៨ ហើយ​បញ្ជូន​មក​ឲ្យ​សមត្ថកិច្ច​កម្ពុជា​វិញ​តាម​ការស្នើសុំ។​

អ្នកស្រី ឡុង គឹម​ហ៊ាង ក៏បាន​អះអាងថា ​ការចាប់ខ្លួន​ស្វាមី​គាត់​នេះ​ពាក់ព័ន្ធ​ការផលិត​វី​ឌី​អូ​ឯកសារ​មួយ​មាន​ចំណងជើង​ថា «​ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​» របស់​សារព័ត៌មាន​រុស្ស៊ី​ធូ​ដេ (RT)​។​

វីដេអូ «​ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​» និយាយ​ពី​ស្ត្រី​ខ្មែរ​លក់​កូនស្រី​ខ្លួនឯង​ដោយសារតែ​ជីវភាព​ខ្វះខាត និង រៀបរាប់​ពី​ស្ថានភាព​នៃ​ការប្រកប​អាជីវកម្ម​ផ្លូវភេទ​នៅ​កម្ពុជា​ បានធ្វើ​ឲ្យ​រាជរដ្ឋាភិបាល​ខឹងសម្បា​ព្រោះថា​ជា​ការ​មួលបង្កាច់​កិត្យានុភាព កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ​របស់​ស្ត្រី​ខ្មែរ។​

សមត្ថកិច្ច​កម្ពុជា​បាន​បកស្រាយ​ថា វីដេអូ​នោះ​គឺជា​ការ​ប្រឌិត​ឡើង​ដើម្បី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​កម្ពុជា​តែប៉ុណ្ណោះ ។​

សាច់ញាតិ​របស់​ជន​ជាប់ រួមជាមួយ​អ្នក​តវ៉ា​អាជីព បាន​ព្យាយាម​ម្ដង​ជា​ពីរ​ដង​សុំ​អោយ​ស្ថានទូត​រុស្ស៊ី​​ជួយ​អន្តរាគមន៍​មក​រាជរដ្ឋាភិបាល​ដើម្បី​អោយ​លោក​រ័ត្ន​មុនី​នៅ​ក្រៅ​ឃុំ៕ មករា​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu