Ad Code

សមត្ថកិច្ច​អន្តោប្រវេសន៍​បន្ត​បណ្ដេញ​ជនជាតិ​ចិន​១៣​នាក់ ​ចេញ​ព្រះរាជាណាចក្រ​កម្ពុជា



ភ្នំពេញ ​៖ ​ជនជាតិ​ចិន​១៣​នាក់ ក្នុង​នោះ ស្រី​០២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​អន្តោប្រវេសន៍​បន្ត​បណ្តេញ​ចេញ​ព្រះរាជាណាចក្រ​កម្ពុជា តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ។

ប្រភព​ព័ត៌មាន ​ដែល​ទទួល​បាន​អោយ​ដឹង​ថា ក្រោម​ការ​បញ្ជា​​ដឹកនាំ​របស់​លោក​នាយ​ឧត្ដមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោប្រវេសន៍ កាលពី​វេលា​ម៉ោង​២​និង​២៥​នាទី​រសៀល​ ថ្ងៃ​ពុធ​ ១០​រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៩ កម្លាំង​នគរបាល នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី និង​នាយកដ្ឋាន​ច្រក​ទ្វារ​ទី​១ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ​បាន​សហការ​ជាមួយ​សមត្ថកិច្ច​មកពី​ប្រទេស​ចិន ធ្វើការ​បណ្ដេញ​ជនជាតិ​ចិន​ចំនួន ១៣​នាក់​/​ស្រី​០២​នាក់ តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ។

ជនជាតិ​ចិន​ទាំង​១៣​នាក់​នេះ គឺជា​ឧក្រិដ្ឋជន​ដែល​រត់គេច​ពី​ប្រទេស​ចិន មក​សំងំ​លាក់ខ្លួន​ផលិត​បារី​ក្លែងក្លាយ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​នាំចេញ​ទៅ​លក់​នៅ​ប្រទេស​ចិន និង​ប្រទេស​ផ្សេងៗ​ទៀត​។

ក្រុម​ឧក្រិដ្ឋជន​ទាំងនេះ ​ត្រូវបាន​កម្លាំងចម្រុះ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្ដាល ដោយមាន​ការសម្របសម្រួល​ពី លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្ដាល ធ្វើការ​បង្ក្រាប​បាន​នៅ​ទីតាំង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង កាលពី​ថ្ងៃ​ទី​១៥-១៦ ខែ​មករា ឆ្នាំ​២០១៩ នៅ​ទឹកដី​ខេត្ត​កណ្ដាល​។

ក្នុង​ការបណ្តេញ​ឧក្រិដ្ឋជន​ជនជាតិ​ចិន​ទាំង ១៣​នាក់ ក្នុងនោះ ស្រី​០២​នាក់ នេះ ក៏​មាន​សមត្ថកិច្ច​ចិន បាន​យក​យន្តហោះ​ពិសេស​ចំនួន ០១​គ្រឿង​មក​ទទួលយក​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​នៅ​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu