Ad Code

នាយករដ្ឋមន្ត្រី ​៖​ បារាំង​នឹង​បង្ក្រាប​បាតុកម្ម “​អាវកាក់​ពណ៌​លឿង​” ដែល​គ្មាន​ការអនុញ្ញាត



នាយករដ្ឋមន្ត្រី​បារាំង​លោក Edouard Philippe កាលពី​ថ្ងៃ​ចន្ទ​ បានប្រកាស​អំពី​ផែនការ​ហាមប្រាម​ការចូល​រួម​នៅ​ក្នុង​បាតុកម្ម​ ដែល​គ្មាន​ការអនុញ្ញាត ​ខណៈ​ពេលដែល​រដ្ឋាភិបាល​ បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​បញ្ចប់​បាតុកម្ម​ហិង្សា “​អាវកាក់​ពណ៌​លឿង​” រយៈពេល​ច្រើន​សប្តាហ៍​។​

អស់​រយៈពេល​ប្រាំពីរ​សប្តាហ៍​មកហើយ​នៅក្នុង​ការបះបោរ​ដែលមាន​ការប៉ះទង្គិច​គ្នា​ប្រចាំ​សប្តាហ៍​នៅ​ទីក្រុង​ប៉ារីស​និង​ទីក្រុង​បារាំង​ដទៃទៀត​, លោក​Philippe បាន​និយាយថា រដ្ឋាភិបាល​នឹង​ណែនាំ​ច្បាប់​ថ្មី​មួយ​ដែល​ផ្តន្ទាទោស​អ្នក​ទាំងឡាយណា​ដែល​មិន​គោរព​តាម​តម្រូវការ អ្នក​ទាំងឡាយណា​ដែល​ចូលរួម​បាតុកម្ម​ដោយ​គ្មាន​ការអនុញ្ញាត​និង​អ្នក​ទាំងឡាយណា​ដែល​មក​ធ្វើបាតុកម្ម​ដោយមាន​ពាក់​ម៉ាស់​មុខ​។​

លោក​Philippe បាន​បន្តថា នាពេល​អនាគត ការទទួលខុសត្រូវ​នឹងដាក់​ទៅលើ​អ្នក​បង្កបញ្ហា​និង​អ្នក​មិន​បង់ពន្ធ​ដើម្បី​ឲ្យ​សង​ថ្លៃ​ខូចខាត​ដែល​បង្ក​ទៅលើ​អាជីវកម្ម​និង​អចលនទ្រព្យ​ក្នុងអំឡុង​បាតុកម្ម​ដែល​បានចាប់ផ្តើម​ដោយ​សន្តិភាព​នៅ​ពាក់កណ្តាល​ខែវិច្ឆិកា​ជុំវិញ​បញ្ហា​ពន្ធដារ​ប៉ុន្តែ​វា​បានក្លាយ​ជា​រឿង​ជ្រុល​និយម​។​

បាតុករ​អាវកាក់​ពណ៌​លឿង​មួយចំនួន​បានទាមទារ​ឲ្យ​លោក​ប្រធានាធិបតី Emmanuel Macron លាលែង​ពី​តំណែង​ដែល​នេះ​ជាការ​ទាមទារ​មួយ​ត្រូវបាន​បដិសេធ​ដោយ​រដ្ឋាភិបាល​ថា​ជា​រឿង​មិនមាន​ប្រជាធិបតេយ្យ​។​

កាលពី​ថ្ងៃ​សៅរ៍ អ្នក​តវ៉ា​មួយក្រុម​បាន​ប្រើ​រថយន្ត​សំណង់​ដើម្បី​កម្ទេច​ទ្វារ​អគារ​មួយ​ដែលមាន​ការិយាល័យ​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក Benjamin Griveaux​។​

នៅក្នុង​ឈុត​ឆាក​ផ្សេងទៀត​ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​គឺ​អតីត​អ្នក​ប្រដាល់​អាជីព​ម្នាក់​ត្រូវបាន​គេ​ថត​ជាប់​ក្នុង​កាមេរ៉ា​ ខណៈពេល​កំពុង​វាយ​មន្ត្រីប៉ូលិស​។​

លោក Philippe បានប្រកាស​ផែនការ​ដាក់ពង្រាយ​សមាជិក​កងកម្លាំង​សន្តិសុខ​ចំនួន​៨០,០០០​នាក់​នៅ​ទូទាំងប្រទេស​សម្រាប់​បាតុកម្ម​លើក​ក្រោយ​៕AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu