Ad Code

ប​.​ស​.​ស ប្រគល់​ប័ណ្ណ​សមាជិក ប​.​ស​.​ស ចំនួន​៩៣៥​ប័ណ្ណ​ ដល់​មន្ត្រីរាជការ​ក្រសួង​កិច្ចការ​នារី​



ភ្នំពេញ ​៖ ​បេឡា​ជាតិ របប​សន្តិសុខ​សង្គម​( ប​.​ស​.​ស​)​បាន ប្រគល់​ប័ណ្ណ​សមាជិក ប​.​ស​.​ស ចំនួន​៩៣៥​ប័ណ្ណ​ដល់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ ​និង​មន្ត្រី​ជាប់កិច្ចសន្យា ក្រសួង​កិច្ចការ​នារី ដើម្បី​ទទួល​បាន​សេវា​ថែទាំ​សុខភាព នៅ​មូលដ្ឋាន​សុខាភិបាល​ដែល​ជា​ដៃគូ​របស់​ប​.​ស​.​ស​ដោយ​ឥតគិតថ្លៃ​។​
​ ​
ការប្រគល់​ប័ណ្ណ​នេះ​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៩​នេះ​ នៅ​ទីស្ដីការ​ក្រសួង​ក្រោម​អធិបតីភាព ​លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​ និង លោក អ៊ុក សមវិទ្យា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជានា​យក​បេឡា​ជាតិ របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​)។​

​ក្នុងឱកាស​នោះដែរ លោកស្រី អ៊ឹង កន្ថាផាវី ​បាន​ថ្លែង​ថា ​ប័ណ្ណ ប​.​ស​.​ស នេះ គឺជា​សមិទ្ធផល​ដ៏​ល្អ​មួយ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បង្កើត​ឡើង ដើម្បី​បម្រើ​ដល់​ផលប្រយោជន៍ មន្ត្រីរាជការ និង​កម្មករ​-​កម្មការិនី​។​
​ ​
លោកស្រី​រដ្ឋមន្ត្រី​បាន​បន្ត​ថា ​ប័ណ្ណ ប​.​ស​.​ស នេះ​នឹង​ជួយ​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ និង​មន្ត្រី​ជាប់​កិច្ចសន្យា​ក្រសួង​កាត់បន្ថយ​ការ​ចំណាយបាន​មួយចំណែក​ទៅលើ​ការ​ថ្លៃ​ព្យាបាល​ជំងឺ​ដោយសារ​រាជ​រដ្ឋាភិបាល​ជា​អ្នកចេញ​ជំនួស​។

លោក អ៊ុក សមវិទ្យា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជានា​យក​បេឡា​ជាតិ របប​សន្តិសុខ​សង្គម​បាន​ឲ្យ​ដឹងថា ​គិត​ចាប់តាំងពី​ពេល​ដំណើរការ​ដំបូង ក្នុង​ឆ្នាំ​២០០៨ រហូតមកដល់​បច្ចុប្បន្ន​នេះ ប​.​ស​.​ស បាន​ចុះបញ្ជី​មន្ត្រី​សាធារណៈ អតីតមន្ត្រី​រាជការ និង​អតីត​យុទ្ធជន ជាង​៣១​ម៉ឺន​នាក់ និង​មាន​មន្ត្រី​សាធារណៈ អតីតមន្ត្រី​រាជការ និង​អតីតយុទ្ធជន ទៅ​ទទួល​សេវា​ថែទាំ​សុខភាព បាន​ជាង​២៥​ម៉ឺន​ដង​/​នាក់​។​

លោក អ៊ុក សមវិទ្យា បាន​បញ្ជាក់ថា «​រហូតមកដល់​បច្ចុប្បន្ន​ពេលនេះ ប​.​ស​.​ស បាន​ចុះបញ្ជី​មន្ត្រី​សាធារណៈ អតីតមន្ត្រី​រាជការ និង​អតីតយុទ្ធជន សរុប​ចំនួន​៣១៤,០៧៦​នាក់ និង​មាន​មន្ត្រី​សាធារណៈ​អតីតមន្ត្រី​រាជការ និង​អតីត​យុទ្ធជន ទៅ​ទទួល​សេវា​ថែទាំ​សុខភាព បាន​ចំនួន​២៥៨,៥១១​ដង​/​នាក់​»​។​

លោក​បាន​បន្ថែមទៀតថា ប​.​ស​.​ស បានផ្តល់​តាវកាលិក (​អត្ថបទ​ប្រយោជន៍​) ផ្នែក​ហានិភ័យ​ការងារ ដល់​ជនរងគ្រោះ​ជា​កម្មករ​និយោជិត​ជាង​២១​ម៉ឺន​៦​ពាន់​នាក់ ក្នុងចំណោម​កម្មករ​និយោជិត ជា​សមាជិក​ជាង​១​លាន ៦​សែន​១​ម៉ឺន​នាក់ នៃ​សហគ្រាស ជាង​១​ម៉ឺន​២​ពាន់​៦​រយ​សហគ្រាស​។ សម្រាប់​ផ្នែក​ថែទាំ​សុខភាព បានផ្តល់​សេវា​ដល់​កម្មករ​និយោជិត ជាង​១​លាន​៨​សែន​៥​ម៉ឺន​ដង​/​នាក់​។​

លោក អ៊ុក សមវិទ្យា បាន​ឲ្យ​ដឹង​ថា ប័ណ្ណ ប​.​ស​.​ស អាច​ប្រើប្រាស់​បាន នៅ​គ្រប់​មន្ទីរពេទ្យ​សាធារណៈ (​ពេទ្យ​រដ្ឋ​) និង​បណ្ដា​មន្ទីរពេទ្យ​ឯកជន​មួយ​ចំនួន ដែល​មាន​ដាក់​ស្លាក​សញ្ញា ប​.​ស​.​ស​។

ដោយឡែក ក្នុងករណី​សង្គ្រោះ​បន្ទាន់ អ្នកមាន​ប័ណ្ណ ប​.​ស​.​ស អាច​ចូល​សម្រាក​ព្យាបាល​បាន​គ្រប់​មន្ទីរពេទ្យ ហើយ​យក​វិក្កយបត្រ​ចំណាយ មក​ជូន​មន្ត្រី ប​.​ស​.​ស ដើម្បី​ទូទាត់​ប្រាក់​ជូន​វិញ​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu