Ad Code

មេដឹកនាំ​ស៊ីវិល ​និង​យោធា​របស់​មី​យ៉ាន់​ម៉ា​ប្តេជ្ញា “​កម្ទេច​” ពួក​ឧទ្ទាម​នៅ​រដ្ឋ​រ៉ា​ក់​ឃី​ន​



អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​និយាយថា កាលពី​ថ្ងៃ​ចន្ទ មេដឹកនាំ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​លោកស្រី អ៊ួ​ង សាន​ស៊ូ​ជី បាន​ពិភាក្សា​អំពី​ការវាយប្រហារ​របស់​ក្រុម​ឧទ្ទាម​ទៅលើ​ប៉ូលិស​មី​យ៉ាន់​ម៉ា​នៅក្នុង​កិច្ចប្រជុំ​ដ៏​កម្រ​មួយ​ជាមួយ​មេបញ្ជាការ​យោធា​ហើយ​រដ្ឋបាល​របស់លោក​ស្រី​បាន​អំពាវនាវ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ “​កម្ទេច​ពួក​ឧទ្ទាម​”​។​

យោងតាម​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹងថា ការប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​រដ្ឋា​ភិ​បាល​និង​កងទ័ព​ឧទ្ទាម Arakan​ក្នុង​រដ្ឋ​ភាគ​ខាងលិច​រ៉ា​ក់​ឃី​ន​បាន​បណ្តាល​ឲ្យ​មនុស្ស​រាប់ពាន់នាក់​ផ្លាស់​ទីលំនៅ​ចាប់តាំងពី​ដើមខែ​ធ្នូ​មក​។​

កងទ័ព​Arakan​ចង់បាន​ស្វ័យភាព​កាន់តែច្រើន​សម្រាប់​រដ្ឋ​រ៉ា​ក់​ឃី​ន​។​
​រដ្ឋ​រ៉ា​ក់​ឃី​ន​ជា​កន្លែង​នៃ​ការបង្ក្រាប​ដឹកនាំ​ដោយ​យោធា​ក្នុង​ឆ្នាំ​២០១៧​ក្រោយ​ការវាយប្រហារ​ដោយ​ក្រុម​បះបោរ​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ដែល​បាន​ជំរុញ​ឲ្យ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​រាប់ពាន់នាក់​ភៀសខ្លួន​ទៅ​ភាគ​ខាងលិច​ចូល​ប្រទេស​បង់​ក្លា​ដែ​ស​។​

អ្នកនាំពាក្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​លោក ZawHtay​បាន​និយាយថា លោកស្រី​ស៊ូ​ជី​និង​លោក​ប្រធានាធិបតី​Win Myint​ព្រមទាំង​សមាជិក​គណៈរដ្ឋមន្ត្រី​ដទៃទៀត​បាន​ជួប​មេដឹកនាំ​យោធា​រាប់បញ្ចូល​ទាំង​មេបញ្ជាការ​កងទ័ព​លោក​Min AungHlaing,​អនុប្រធាន​យោធា​និង​ប្រមុខ​ចារកម្ម​យោធា​ផងដែរ​ដើម្បី​ពិភាក្សា​អំពី​កិច្ចការបរទេស​និង​សន្តិសុខ​ជាតិ​។​

លោក ZawHtay​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​រដ្ឋធានី Naypyitaw​ថា “​ការិយាល័យ​របស់លោក​ប្រធានាធិបតី​បាន​ណែនាំ​ដល់​យោធា​ឲ្យ​ចាប់ផ្តើម​ប្រតិបត្តិការ​ដើម្បី​កម្ទេច​ក្រុម​ភេរ​វករ​”​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​ថា ក្រុម​បះបោរ​បានសម្លាប់​ប៉ូលិស​ចំនួន​១៣​នាក់​និង​រងរបួស​៩​នាក់​ក្នុងការ​វាយប្រហារ​លើ​ប៉ុស្តិ៍​ប៉ូលិស​ចំនួន​៤​កាលពី​ថ្ងៃ​សុក្រ​នៅពេលដែល​មី​យ៉ាន់​ម៉ា​បាន​ប្រារព្ធ​ទិវា​ឯករាជ្យ​។​

អ្នកនាំពាក្យ​កងទ័ព​Arakan​នៅ​ខាងក្រៅ​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​ប្រាប់​រ៉​យ​ទ័​រ​កាលពី​សប្តាហ៍​មុន​ថា ក្រុម​នេះ​បាន​វាយប្រហារ​កងកម្លាំង​សន្តិសុខ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការវាយលុក​ដោយ​យោធា​ទ្រង់ទ្រាយ​ធំ​នៅក្នុង​រដ្ឋ​រ៉ា​ក់​ឃី​ន​ភាគ​ខាងជើង​៕REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu