ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣១ ខែមករានេះ ប្រជាពលរដ្ឋ ក៏ដូចជាអ្នកដំណើរបានព័ទ្ធម៉ូតូរ៉ឺម៉កមួយគ្រឿងដែលបើកបរលឿននៅទីប្រជុំជន និងក្នុងភូមិបង្កឲ្យភ័យខ្លាចដល់ប្រជាពលរដ្ឋ។
តាមប្រភពពីបងស្រី ចាន់ សុខនី បាននិយាយថា រ៉ឺម៉កមួយគ្រឿងនេះ បើកបរដោយក្មេងស្ទាវម្នាក់ទុកសក់វែងប្រះស្មា រួចបើកបរលឿនតាមទីប្រជុំជន មុខផ្សារច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ធ្វើឲ្យប្រជាពលរដ្ឋ និងអ្នកដំណើរភ័យខ្លាចគ្រោះថ្នាក់ដល់កូនក្មេងទៀតផង។
បងស្រីបន្តថា ដោយឃើញភាពច្រឡើសបើសរបស់ក្មេងស្ទាវបើកបរនេះ ទើបអ្នកដំណើរ និងប្រជាពលរដ្ឋព័ទ្ធចាប់ទាំងរ៉ឺម៉ក និងអ្នកបើកបរ ឲ្យសុំទោសជាសាធារណៈ មុនពេលប្រគល់រ៉ឺម៉កឲ្យវិញ។ ប៉ុន្តែមុនពេលសុំទោសនោះ គឺក្មេងស្ទាវម្ចាស់រ៉ឺម៉ក នៅបង្កភាពរឹងរូសរហូតដល់មានការណែនាំយូរទៅ ទើបគេសុខចិត្តទទួលកំហុស។
ប្រជាពលរដ្ឋនិយាយថា ទាល់តែចាប់រ៉ឺម៉ក និងម្ចាស់មកអប់រំបែបនេះ ទើបពួកគេរាងចាលខ្លះ ព្រោះប្រជាពលរដ្ឋទប់ស្កាត់ខ្លាចក្រែងប៉ះពាល់ដល់កូនក្មេងក្នុងភូមិ ដែលអ្នកបើកបរមិនខ្លាចគ្រោះថ្នាក់អ្វីបន្តិចសោះ។ បើងាកទៅមើលរ៉ឺម៉កវិញ បើប៉ះបន្តិចបន្តួច ក៏តេតាណូសដែរ៕
Source: Kampuchea Thmey Daily
0 Comments