Ad Code

យោធា និង តម្រួត​ថៃ ឃាត់ខ្លួន​ខ្មែរ​មូស្លីម​៥​នាក់ នៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ​



​ប្រទេស​ថៃ ៖ ជនជាតិខ្មែរ​មូស្លីម ចំនួន​៥​នាក់ ដែល​ពួកគេ​សុទ្ធសឹង​ជា​យុវជន​ពេញកម្លាំង ត្រូវបាន​កម្លាំងយោធា​ថៃ ឃាត់ខ្លួន​នៅ​ភាគខាងត្បូង នៃ​ប្រទេស​ថៃ​ បន្ទាប់ពី​ក្រុមយុវជន​ទាំងនេះ បាន​លប​ហាត់​ក្បួន​យុទ្ធសាស្ត្រ ដោយ​ដៃទទេ នៅ​រៀងរាល់​យប់ រហូតដល់​ពាក់កណ្ដាល​អធ្រាត្រ ដែល​ការ​ហ្វឹកហាត់​នេះ ស្ថិត​ក្រោម​ការតាមដាន​ពី​កម្លាំងយោធា និង​តម្រួត ថៃ។​

​ការដាក់​កម្លាំង​តាម​ឃ្លាំ​នេះ ចាប់តាំងពី​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០១៩ មក​ម្ល៉េះ​ គឺ​នៅត្រង់ចំណុច​ទីវាល ក្នុង​ព្រៃ​មួយកន្លែង ខាងក្រោយ​សាលា​មូស្លីម ប៉ណ​ក់​ ក្នុង​ខេត្ត​ប៉ាត់​តានី ភាគខាងត្បូង ​នៃ​ប្រទេស​ថៃ ដោយមាន​ក្រុមយុវជន​ចំនួន​៥​នាក់​ បាន និង កំពុង​ធ្វើការ​ហ្វឹកហាត់​ក្បួន​យុទ្ធសាស្ត្រ មិន​ខុស​អី​ពី​ក្បួន​ធ្វើសឹក​សង្គ្រាម​នោះឡើយ ទើប​ធ្វើ​ឲ្យ​មាន​ការសង្ស័យ ព្រោះ​ការហ្វឹកហាត់​នេះ គេ​បាន​ធ្វើឡើង​ចាប់ពី​ម៉ោង​១០​និង​៣០​នាទី​យប់ ​ទៅ​ទល់នឹង​ពាក់កណ្ដាល​អធ្រាត្រ​ទើប​គេ​ចូលទៅ​សម្រាក។​

​បន្ទាប់​ពី​សង្កេត​ឃើញ​ស្ថានការណ៍​បែបនេះ​រួចមក កម្លាំងយោធា និង​តម្រួត​ថៃ​ បានធ្វើការ​ឡោមព័ទ្ធ ព្រមទាំង​បាន​ឃាត់​ខ្លួន​ក្រុមយុវជន​ទាំង​៥​នាក់​នោះ យក​មក​សាកសួរ ដើម្បី​ចង់ដឹង​អំពី​ការ​ហ្វឹកហាត់ នូវ​ក្បួន​យុទ្ធសាស្ត្រ​ទាំងនេះ ព្រោះ​សមត្ថកិច្ច​ចង់​ដឹង​ទៅលើ​គោលបំណង របស់​ពួកគេ។​

​នៅក្នុង​ចំណោម​យុវជន​ទាំង​៥​នាក់ ដែលមាន​អាយុ ចាប់ពី​១៩ ដល់ ២៥​ឆ្នាំ​ បាន​សារភាពថា ពួកគេ​គឺជា​សិស្ស​នៅក្នុង​សាលា​មូស្លីម​ខាងលើ ហើយ​ពួកគេ​ទាំងអស់គ្នា​ គឺជា​ជនជាតិខ្មែរ​មូស្លីម ដោយ​បាន​ចូលមក​ស្នាក់​នៅក្នុង​តំបន់​ខាងលើ​ និង​សិក្សា​នៅក្នុង​សាលា​នោះដែរ។​

​ទាក់ទង​ទៅនឹង​ការហ្វឹកហាត់​ក្បួន​យុទ្ធសាស្ត្រ​ដោយ​ដៃទទេ​នេះដែរ ពួកគេ​បាន​បញ្ជាក់ថា នេះ​គឺជា​ការហាត់​ប្រាណ ដើម្បី​ឲ្យ​សុខភាព​រឹងមាំ​តែប៉ុណ្ណោះ​ ដោយមាន​គ្រូបង្ហាត់​ត្រឹមត្រូវ ប៉ុន្តែ​គ្រូ​នោះ​មកពី​ខាងក្រៅ។​

​បច្ចុប្បន្ន​ សមត្ថកិច្ច​ថៃ​ កំពុង​យក​ជន​ទាំង​៥​នាក់ ទៅ​បំបែក​គ្នា​ ដើម្បី​សាកសួរ​ ព្រោះ​ចម្លើយ​របស់​ពួក​គេ​អាចមាន​ការឆ្លើយ​ខុសគ្នា ម្យ៉ាងវិញទៀត​ គេ​ក៏​ចង់ដឹងថា​ តើ​ជនជាតិ​ខ្មែរ​មូស្លីម​ទាំងនេះ ឆ្លង​ព្រំដែន​ចូលទៅក្នុង​ប្រទេស​ថៃ តាម​ច្រក​ណា​? ហើយ​ហេតុអ្វី​ បានជា​គេ​អាច​លាក់ខ្លួន​នៅក្នុង​តំបន់​ខាង​លើ​ដោយ​ខាង​អាជ្ញាធរ​មិនដឹង​អ្វី​ទាល់តែសោះ​? ថែមទាំង​អាច​ចូលរៀន​នៅក្នុង​សាលា​នេះ​បាន​ទៀត !
​ប៉ុន្តែ​យើង​នៅ​មិនទាន់​បានទទួល​អំពី​ឈ្មោះ និង អាសយដ្ឋាន​របស់​ពួកគេ​ទាំង​៥​នាក់ នោះឡើយ៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu