Ad Code

រឿង សា​រ័ត្ន សាក​កណ្ដាប់ដៃ​ជាមួយ​Soeur Puon នៅ​សង្វៀន​SEATV



•​មាស សុជាតិ ជួប ធា នុ​រាជ​
រឿង សា​រ័ត្ន អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ត្រូវ​អ្នករៀបចំ​កម្មវិធី​ប្រដាល់​នៅ​ប៉ុស្តិ៍​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ ផ្គូផ្គង​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Soeur Puon នា​ព្រឹក​ថ្ងៃ​អាទិត្យ ​ទី​០៣​ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ នៅលើ​សង្វៀន​Boostrong Fighte rOn Fire របស់​SEA-TV។

រឿង សា​រ័ត្ន និង Soeur Puon ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម។ សា​រ័ត្ន ជា​ជើង​ខ្លាំង​មួយរូប ដែល​ការប្រកួត​របស់គេ ទោះ​ឈ្នះក្តី ចាញ់ក្តី មាន​មាន​លក្ខណៈ​តឹងតែង​បំផុត ពោល​គឺ​មិនមាន​នរណា​យកឈ្នះ​លើ​រូបគេ ដោយ​ផុយ​ស្រួល​នោះឡើយ។​

ប៉ុន្តែ​អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១​រូបនេះ ប្រកួត​មិនសូវ​ជា​ទៀងទាត់​ប៉ុន្មាន​នោះ​ដែរ។ ពោលគឺ​គេ​ជួប​ថៃ​ជាង​២០​លើក គេ​វាយ​ឈ្នះ​១០​ ចាញ់​១០​លើក​។ អ្នកណា​ក៏​គេ​ដឹងថា រឿង សា​រ័ត្ន​ ជា​ជើង​ខ្លាំង​ដែរ ទោះបីជា​វាយ​ចាញ់ ក៏​មិនអាច​ចាញ់​ដោយ​ងាយៗ​បានដែរ។ យ៉ាងណា ពេល​នេះ សា​រ័ត្ន ត្រូវបាន​ជួប​ប្រកួត​ជាមួយ Soeur Puon ដែលជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​ថៃ មិនដឹងថា​ឈ្នះ ឬ​ចាញ់​នោះទេ?។ រឿង សា​រ័ត្ន មិន​ធ្លាប់​ដែល​ជួប​ជាមួយ Soeur Puon នេះ​ទេ​កន្លងមក​។​

រឿង សា​រ័ត្ន មានការ​ស្រុត​ធ្លាក់ចុះ​នៅក្នុង​ការប្រកួត​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ​។ ​តែ​ការឡើង​ប្រកួត​ចុងក្រោយ​នេះ​នៅ​SEATV គេ​បាន​វាយ​ឈ្នះ​ឡាវ ថាវ អ៊ូ​ឡាន ក្នុង​ទឹក​ទី​៣ កាលពី​ថ្ងៃទី​១២ ខែ​មករា​ឆ្នាំ​២០១៩​កន្លងទៅនេះ។ អ្នក​ប្រដាល់​រូបនេះ វាយ​រាង​ប្រយ័ត្នប្រយែង​តែ​រាង​យឺត​បន្តិច។

សា​រ័ត្ន ជា​អ្នក​ប្រដាល់​ម្នាក់ ដែល​ប្រកួត ​និង​ផ្ដួល​គូប្រកួត ដោយសារ​តិចនិក​កណ្ដាប់ដៃ កែង និង ជង្គង់។ យ៉ាងណា ប៉ះ​ជាមួយ Soeur Puon លើក​នេះ ក៏​រាង​យ៉ាប់​ដែរ។​

Soeur Puon គេ​ក៏​ជា​ជើង​ខ្លាំង​មួយរូប​ដែរ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ទេ គឺ​ទើប​មក​លើក​ទី​១​ប៉ុណ្ណោះ។ គេ​មាន​ប្រវត្តិ​ប្រកួត​៧៣​លើក ដោយ​វាយ​ឈ្នះ​៦១​លើក ចាញ់​១២​លើក មិនដែល​ស្មើ ខណៈ​ដែល ​សា​រ័ត្ន មាន​ប្រវត្តិ​ប្រកួត​៨៥​លើក ឈ្នះ​៦៣​លើក ចាញ់​១៨​លើក និង​ស្មើ​០៤​លើក​។ ​ចាំមើល រឿង សា​រ័ត្ន​ និង​Soeur Puon តើន​រណា​ជា​អ្នកឈ្នះ​នោះ?។​

ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ មាស សុជាតិ អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ធា នុ​រាជ ក្លិប​មកុដ​រាជសីហ៍។ ពីរ​នាក់​នេះ ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់ ៦៥គីឡូក្រាម។

ជើង​ខ្លាំង​ទាំងពីរ​នាក់​នេះ មិន​ធ្លាប់​ប៉ះគ្នា​ទេ​ពីមុនមក។ ដូច្នេះ ការជួប​ប្រកួត​លើក​នេះ មិនដឹងថា នរណា​ជួប​សំណាងល្អ នរណា​ជួប​សំណាងអាក្រក់​នោះទេ?​។
​ ​
មាស សុជាតិ គេ​វាយ​លឿន រហ័ស និង​ខ្លាំង ប៉ុន្តែ​ហាក់ដូចជា​មិនសូវមាន​ផ្លែ​ល្អ​នោះឡើយ។ ប៉ុន្តែ​យ៉ាងណា គេ​ជា​អ្នក​ប្រដាល់​ដែលមាន​កម្លាំង​កាយសម្បទា​រឹងមាំ។ សុជាតិ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៧​លើក ឈ្នះ​៧៧​លើក ចាញ់​១០​លើក។​

ធា នុ​រាជ គេ​ជា​ជើងចាស់ ហើយក៏​វាយ​ល្អ​ និង​ខ្លាំង​ដែរ។ អ្នក​ប្រដាល់​ជើងចាស់​រូបនេះ គេ​មាន​ភាព​ខ្លាំង​ខាង​ទាត់ និង កណ្តាប់ដៃ ហើយ​គេ​មាន​ស្នៀត​ពិសេស​ គឺ​ទាត់​ផ្កាប់​ចាន ​និង កែង​បក និង​ពេល​ប្រកួត​កៀក ឬ អោប​គ្នា ក៏​ប៉ិន​កាច់​ផ្ដួល​គូប្រកួត​ដែរ។ ធា នុ​រាជ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៩៥​លើក ឈ្នះ​៦៨​លើក ចាញ់​២២​លើក និង​ស្មើ​០៥​លើក។​

ទោះជា​យ៉ាងនេះ​ក្តី សម្រាប់​ការប្រកួត​លើក​នេះ មិនដឹងថា ធា នុ​រាជ អាច​ឈ្នះ​ មាស សុជាតិ បាន ​ឬ​អត់​នោះទេ?។ ដូច្នេះ ចាំមើល ​តើ​ពីរ​នាក់​នេះ នរណា​ឈ្នះ​?។

ឡូញ វ៉ាន់ឌី អ្នក​ប្រដាល់​ក្លិប​វិបុល​ដា​រិ​ទ្ធ​ពោធិ​សែន​ជ័យ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​ លីន វិ​រៈ អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦០​គីឡូក្រាម។​ ពួកគេ​ទាំងពីរ​នាក់​នេះ មិន​ធ្លាប់​ដែល​ជួបគ្នា​ទែ​កន្លងមក។ ​អ្នកណា​ឈ្នះ អ្នកណា​ចាញ់ ពុំ​អាច​ទស្សន៍ទាយ​មុន​បានឡើយ?។​

ចំណែក ឫទ្ធិ សាស្ត្រា​វុ​ធ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​ប្រយុទ្ធ​ខេត្ត​សៀមរាប នឹង​ជួប​ប្រកួត​ជាមួយ សំរាំង ភក្តី អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង ខេត្ត​បាត់ដំបង ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu