ហែលទឹក ៖ សហព័ន្ធខ្មែរកីឡាហែលទឹក បានប្រកាសជាផ្លូវការហើយថា ការប្រកួតដណ្ដើមពានរង្វាន់ព្រឹទ្ធាចារ្យ ហែម ថុន លើកទី៣ ឆ្នាំ២០១៩នេះ នឹងចាប់ផ្ដើមនៅថ្ងៃទី១៤ និង១៥កុម្ភៈខាងមុខ នៅពហុកីឡដ្ឋានមរតកតេជោ ដោយអ្នកដែលអាចចូលរួមបានត្រូវមានអាយុចាប់ពី១៤ឆ្នាំឡើងទៅ។
នេះជាការប្រកួតដោយបើកទូលាយ(Open) ដែលវិញ្ញាសាមានចាប់ពីវ័យក្មេង កីឡាករ-កីឡាការិនីជំនាញ និងកីឡាជនពិការក៏អាចចូលរួមប្រកួតបានដែរ។
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់ឲ្យដឹងតាមថា ការប្រកួតមានរយៈពេល២ថ្ងៃ គឺថ្ងៃទី១៤ និង១៥កុម្ភៈ នៅពហុកីឡដ្ឋានមរតកតេជោ។ ក្លិប សមាគមទាំងអស់នៅទូទាំងប្រទេសត្រូវមកដាក់ពាក្យ និងចុះឈ្មោះចូលរួមប្រកួត នៅទីស្នាក់ការសហព័ន្ធឲ្យបានមុនការប្រកួតមកដល់។
កម្រិតអាយុដែលអាចចូលរួមប្រកួតបានបុរសអាយុចាប់ពី១៤ឆ្នាំឡើងទៅ នារីចាប់ពី១៤ឆ្នាំឡើងទៅដែរ និងបុរសជនពិការ។ វិញ្ញាសាការប្រកួតយើងបែងចែកចេញជា៣វិញ្ញាសា ដោយបុរសមាន១៨វិញ្ញាសានារីមាន១៨វិញ្ញាសា និងជនពិការមាន២វិញ្ញាសា។
សូមបញ្ជាក់ថា ប្រភេទកីឡាហែលទឹកក្លិប និង សមាគម ដែលខ្លាំងកន្លងមកមានសមាគមក្រសួងមហាផ្ទៃ និងក្លិបព្រឹទ្ធាចារ្យហែម ថុន តែពេលនេះសមាគមក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង សមាគមខេត្តកំពង់ចាម ក៏ខ្លាំងដែរ។ ហើយនាពេលខាងមុខ ក្លិបស្រុកកោះធំ ក៏នឹងក្លាយជាក្លិបមួយខ្លាំងផងដែរ៕
Source: Kampuchea Thmey Daily
0 Comments