Ad Code

សម្ពោធ​អគារ​សិក្សា​១​ខ្នង នៅ​សាលាបឋមសិក្សា​បេង ភូមិ​បេង ដែល​ជា​អំណោយ​របស់​មូលនិធិ​ត្រែ​ល​ប្លេ​សឺ​-​សហរដ្ឋអាមេរិក!



​សៀមរាប ៖ រាជរដ្ឋាភិបាល​កម្ពុជា ចាត់​ទុក​វិស័យ​អប់រំ ជា​វិស័យ​អាទិភាព ដែល​ថ្នាក់ដឹកនាំ​គ្រប់​ថ្នាក់ បាន​យកចិត្តទុកដាក់​ក្នុង​ការ​បង្កើន​លទ្ធភាព​ឲ្យ​កុមារ និង​យុវជន​គ្រប់រូប ទទួល​បាន​នូវ​សេវា​អប់រំ​ប្រកបដោយ​សមធម៌។

វិស័យ​អប់រំ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុកថា ជា​វិស័យ​អាទិភាព ដែល​ថ្នាក់ដឹកនាំ​គ្រប់​ថ្នាក់ បាន​យកចិត្តទុកដាក់​ក្នុងការ​បង្កើន​លទ្ធភាព​ឲ្យ​កុមារ និង យុវជន​គ្រប់រូប ទទួលបាន​សេវា​អប់រំ​ប្រកបដោយ​សមធម៌ តាមរយៈ​ការបន្ដ​ជំរុញ​កសាង​សាលាបឋមសិក្សា​ឲ្យ​បាន​ដល់​ភូមិ និង អនុ​វិទ្យាល័យ​ឲ្យ​បាន​យ៉ាងតិច​ចំនួន​មួយ​នៅ​ក្នុង​ឃុំ​នីមួយៗ សាលា​វិទ្យាល័យ​នៅ​គ្រប់​បណ្ដា​ស្រុក ព្រមទាំង​បាន​ជំរុញ​ឲ្យ​មាន​សាកលវិទ្យាល័យ ឬ​សាខា​សាកលវិទ្យាល័យ នៅ​តាម​ខេត្ត​/ក្រុង​ទាំងអស់​ទូទាំង​ប្រទេស។​

លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប លើកឡើង​យ៉ាង​ដូច្នេះ នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៩ ក្នុង​ឱកាស​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារសិក្សា​ថ្មី​១​ខ្នង មាន​០៦​បន្ទប់ និង​របង​ថ្ម​បន្ទារ​លួស ​ប្រវែង​២៦៥ ដែល​បាន​ចំណាយ​ថវិកា​សាងសង់​សរុប ជាង​៧​ម៉ឺន​ដុល្លារ​អាមេរិក នៅ​សាលា​បឋម សិក្សា​បេង ស្ថិត​ក្នុង​ភូមិ​បេង ឃុំ​ដូន​ពេ​ង ស្រុក​អង្គរជុំ ខេត្ត​សៀមរាប អំណោយ​របស់​មូលនិធិ​ត្រែ​ល​ប្លេ​សឺ​-​សហរដ្ឋអាមេរិក តាមរយៈ​អង្គការ​អ្នកត្រួសត្រាយ​អង្គរ។​

លោក ទៀ សីហា វាយតម្លៃ ថា នេះ គឺជា​ការចូលរួម​រួមចំណែក ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ អភិវឌ្ឍ​សង្គមជាតិ តាមរយៈ ​នៃ​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស ជួយ​ដល់​កុមារ​នៅ​មូលដ្ឋាន​ជនបទ មានលទ្ធភាព​ទទួល​បាន​ការអប់រំ​ដូចៗ​គ្នា ទៅនឹង​កុមារ​នៅ​ទីក្រុង​ផង​ដែរ ដែល​នេះ គឺ​សកម្មភាព​ដ៏​ល្អ សំដៅ​លើកកម្ពស់​សិទ្ធិ​កុមារ សីលធម៌​សង្គម និង​ការជួយ​គ្នា​ទៅវិញទៅមក ដើម្បី​អនាគត​ដ៏​ប្រពៃ ​នៃ​កុមារ។

លោក​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​ជាពិសេស ចំពោះ​វិស័យ​អប់រំ​នេះ ដោយ​វិភា​ជ​ថវិកាជាតិ​ដ៏​គំហុក​ក្នុង​មួយឆ្នាំៗ ក្នុង​ការពង្រីក​ក្របខ័ណ្ឌ​គ្រូបង្រៀន ដោយ​ផ្ដល់​អាទិភាព​ជ្រើសរើស​គ្រូបង្រៀន​ក្នុង​បរិមាណ​ច្រើន ដើម្បី​បម្រើ​ដល់​យុទ្ធសាស្ត្រ ពង្រាយ​គ្រូ និង​បំពេញ​បន្ថែម​ក្របខណ្ឌ​ជំនួស​គ្រូ​ដែល​ត្រូវ​ចូលនិវត្តន៍ ព្រមទាំង​បានគិត​គូរ​អំពី​ការដំឡើង​ប្រាក់​បៀវត្សរ៍ និង​ប្រាក់ឧបត្ថម្ភ​ផ្សេងៗ​ទៀត​ជូន​ដល់​គ្រូបង្រៀន និង​បុគ្គលិក​សិក្សា​ជា​បន្ដបន្ទាប់។​

បច្ចុប្បន្ន យើង​កសាង​ប្រព័ន្ធ​អប់រំ​មួយ​មាន​លក្ខណៈ​ពេញលេញ ដែល​អាចឆ្លើយតប​បាន​នឹង​តម្រូវការ នៃ​ទីផ្សារពលកម្ម ដែលជា​លទ្ធផល​កើត​ពេញ​ពី​ការ​គិតគូរ​ត្រូវ លើ​គោលនយោបាយ​បើកទូលាយ​ការ​ស្វាគមន៍ ចំពោះ​ការវិនិយោគ នៃ​វិស័យ​ឯកជន ដើម្បី​បំពេញបន្ថែម​ក្នុងការ​អភិវឌ្ឍ​វិស័យ​អប់រំ​នេះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu