ភ្នំពេញ ៖ សភាស៊ើបសួរសាលាឧទ្ធរណ៍ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ បានសម្រេចបន្តការឃុំខ្លួន លោក រ៉ាត់ រ័ត្នមុនី រហូតដល់តុលាការថ្នាក់ក្រោមសម្រេចដល់អង្គសេចក្ដី។
សេចក្ដីសម្រេចថ្មីនេះ ធ្វើឡើងដោយកំបាំងមុខជនជាប់ចោទ តែចាត់ទុកជាចំពោះមុខ ដោយសារតែអនុរក្សពន្ធនាគារមិនបានបញ្ជូន លោក រ័ត្ន មុនី មកតុលាការទេ។
កាលពីព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ សភាស៊ើបសួរសាលាឧទ្ធរណ៍បានលើកយកសំណុំរឿងសុំនៅក្រៅឃុំរបស់ផលិតករវីដេអូ ម្ដាយខ្ញុំលក់ខ្ញុំ មកបើកសវនាការអសាធារណៈ ប៉ុន្តែបានសម្រេចថា នឹងប្រកាសសេចក្ដីសម្រេច នៅថ្ងៃទី៣១មករានេះ។
ជនជាប់ចោទ លោក រ៉ាត់ រ័ត្នមុនី ត្រូវបានបញ្ជូនមកនៅចំពោះមុខក្រុមប្រឹក្សាសភាស៊ើបសួរ ប៉ុន្តែតុលាការមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានស្ថិតនៅក្នុងបន្ទប់សវនាការទេ។
ប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបញ្ជូនប្រធានសហជីពកម្មករសំណង់ដែលមានមូលដ្ឋាននៅប្រទេសថៃ ហើយជាប់ពាក់ព័ន្ធនឹងសំណុំរឿងផលិតខ្សែវីដេអូ រឿង ម្ដាយខ្ញុំលក់ខ្ញុំ មកតុលាការ ដើម្បីសាកសួរ និងសម្រេចតាមច្បាប់។ ក្រោយសាកសួរ តុលាការបានសម្រេចឃុំខ្លួន លោករ៉ាត់ រ័ត្នមុនី។ ២សប្ដាហ៍ ក្រោយមក ជនជាប់ចោទបានដាក់ពាក្យសុំនៅក្រៅឃុំ ប៉ុន្តែតុលាការបានបដិសេធ ទើបជនជាប់ចោទបានប្ដឹងមកសាលាឧទ្ធរណ៍ ហើយនៅព្រឹកថ្ងៃទី៣០មករា សភាស៊ើបសួរបានយកសំណើនេះមកពិភាក្សា ហើយនឹងធ្វើសេចក្ដីសម្រេចនៅថ្ងៃស្អែក។
អ្នកស្រី ឡុង គីមហ៊ាង ដែលត្រូវជាភរិយា លោក រ៉ាត់ រត្នមុនី បានប្រាប់អ្នកកាសែតថា ស្វាមីរបស់អ្នកស្រី ឈ្មោះ រ៉ាត់ រត្នមុនី ដែលជាប្រធានសហជីពកម្មករសំណង់ និងភ្នាក់ងារសារព័ត៌មានរុស្ស៊ីធូដេ (RT) ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួននៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ហើយបញ្ជូនមកឲ្យសមត្ថកិច្ចកម្ពុជាវិញតាមការស្នើសុំ។
អ្នកស្រី ឡុង គឹមហ៊ាង ក៏បានអះអាងថា ការចាប់ខ្លួនស្វាមីគាត់នេះ ពាក់ព័ន្ធការផលិតវីដេអូឯកសារមួយមានចំណងជើងថា «ម្តាយខ្ញុំលក់ខ្ញុំ» របស់សារព័ត៌មានរុស្ស៊ីធូដេ (RT)។
វីដេអូ «ម្តាយខ្ញុំលក់ខ្ញុំ» និយាយពីស្ត្រីខ្មែរ លក់កូនស្រីខ្លួនឯង ដោយសារតែជីវភាពខ្វះខាត និង រៀបរាប់ពីស្ថានភាព នៃការប្រកបអាជីវកម្មផ្លូវភេទនៅកម្ពុជាបានធ្វើឲ្យរាជរដ្ឋាភិបាលខឹងសម្បាព្រោះថាជាការមួលបង្កាច់កិត្យានុភាព កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្ត្រីខ្មែរ។
សមត្ថកិច្ចកម្ពុជាបានបកស្រាយថា វីដេអូនោះ គឺជាការប្រឌិតឡើងដើម្បីធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កម្ពុជាតែប៉ុណ្ណោះ។
សាច់ញាតិរបស់ជនជាប់ចោទ រួមជាមួយអ្នកតវ៉ាអាជីព បានព្យាយាមម្ដងជាពីរដងសុំឲ្យស្ថានទូតរុស្សីជួយអន្តរាគមន៍មករាជរដ្ឋាភិបាល ដើម្បីឲ្យ លោក រ័ត្ន មុនី នៅក្រៅឃុំ៕
Source: Kampuchea Thmey Daily
0 Comments