Ad Code

ក្រសួងកសិកម្ម បង្កើត​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​ថ្នាក់ជាតិ ទប់ស្កាត់ និង​បង្ក្រាប ការនាំចេញ​ឈើ​គ្រញូង



ភ្នំពេញ ​៖ ដើម្បី​ទប់ស្កាត់​ការកាប់បំផ្លាញ និង​ការជួញដូរ​ឈើ​គ្រញូង ដែលជា​ប្រភេទ​ឈើ​កម្រ​នៅក្នុង​ប្រទេស​កម្ពុជា​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន បានសម្រេច​បង្កើត​ស្ថាប័ន​ថ្មី​មួយ​បន្ថែមទៀត គឺ «​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​ថ្នាក់​ជាតិ បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ការកាប់ ការដឹកជញ្ជូន ការប្រមូល ការ​ស្តុក​ទុក និង​ការនាំចេញ​ឈើ​គ្រញូង​» ខណៈ​ឈើ​គ្រញូង រង​ការបំផ្លាញ។​

​យោង​តាម​លិខិត​សម្រេច​របស់ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចុះ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៩ បាន​បង្កើត​ស្ថាប័ន​ថ្មី​មួយ​បន្ថែម​ទៀត គឺ «​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​ថ្នាក់ជាតិ បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ការកាប់ ការដឹកជញ្ជូន ការប្រមូល ការ​ស្តុក​ទុក និង​ការនាំចេញ​ឈើ​គ្រញូង​» ដែលមាន​សមាសភាព​មកពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​ការពារ​ជាតិ ក្រសួងមហាផ្ទៃ ក្រសួងពាណិជ្ជកម្ម ក្រសួងបរិស្ថាន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​អភិបាល​រាជធានី ខេត្ត ផងដែរ។ ដឹកនាំ​ដោយ លោក អ៊ុង សំអាត ជា​ប្រធាន ស្ថាប័ន​ថ្មី លោក អ៊ុង សំអាត អតីត ជា ប្រតិភូ​ទទួលបន្ទុក​រដ្ឋបាល ព្រៃឈើ បច្ចុប្បន្ន​ជា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ជា​ប្រធាន រួមជាមួយ​តំណាង ស្ថាប័ន​មួយចំនួនទៀត។​

​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​សម្រេច​បង្កើត​ស្ថាប័ន​ថ្មី​មួយ​បន្ថែមទៀត គឺ «​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​ថ្នាក់ជាតិ បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ការ​កាប់ ការ​ដឹក​ជញ្ជូន ការប្រមូល ការ​ស្តុក​ទុក និង​ការនាំចេញ​ឈើ​គ្រញូង​»​។

លោក​រដ្ឋមន្ត្រី​ថា ការបង្កើត​លេខាធិការដ្ឋាន​នេះ​ឡើង ដើម្បី​ទប់ស្កាត់​ការកាប់បំផ្លាញ និង​ការជួញដូរ​ឈើ​គ្រញូង ដែលជា​ប្រភេទ​ឈើ​កម្រ​នៅក្នុង​ប្រទេស​កម្ពុជា​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត​។​

​លោក វេ​ង សាខុន ថ្លែង ប្រាប់​គេហទំព័រ ក្នុងស្រុក​មួយ កាលពី​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០១៩ នេះ​ថា ការ​បង្កើត​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​ថ្នាក់ជាតិ ដើម្បី​បង្ក្រាប​ការកាប់​ឈើ​គ្រញូង ដោយសារ​ឈើ​នេះ ជា​សម្បត្តិ​ដ៏​កម្រ​មួយ​របស់​ប្រទេស​កម្ពុជា​។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានបញ្ជាក់​ដូច្នេះ «​ការបង្កើត​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​ថ្នាក់ជាតិ​នេះ គឺ​ដើម្បី​អនុវត្តន៍​បទបញ្ជា​រប​ស់​រាជរដ្ឋាភិបាល ដែល​បាន​ចេញ​កាលពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៣​។​

​លោក​បន្តថា ការបង្ក្រាប​បទល្មើស​ព្រៃ​ឈើ​មាន​ជា​បន្តបន្ទាប់​មកហើយ តែ​យើង​ចង់​បង្កើន​ប្រសិទ្ធភាព​បន្ថែមទៀត លើ​ការ​បង្ក្រាប​បទល្មើស​ឈើ​គ្រញូង ដែលជា​ប្រភេទ​ឈើ​កម្រ​នៅក្នុង​ប្រទេស​របស់​យើង​»​។​

លោក​រដ្ឋមន្ត្រី បាន​អះអាង​បន្ថែម​ថា ក្រុមការងារ​ នៃ​លេខាធិការដ្ឋាន​នេះ មិនមែន​ធ្វើការ​តែ​លើ​បទល្មើស​ឈើ​គ្រញូង​មួយ​មុខ​ទេ គឺអាច​ធ្វើ​ការងារ​លើ​បទ​ល្មើស​ឈើ​ដទៃ​ទៀត​ផងដែរ​។​

​ចំណែក​ប្រសិទ្ធភាព​ការងារ របស់ «​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​ថ្នាក់​ជាតិ បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ការ​កាប់ ការដឹកជញ្ជូន ការប្រមូល ការ​ស្តុក​ទុក និង​ការនាំចេញ​ឈើ​គ្រញូង​» អាច​មាន​លទ្ធភាព ទប់​ស្កាត់​ និង​បង្ក្រាប ឈើ​គ្រញូង បាន​កម្រិត​ណា លោក វេ​ង សាខុន មិនទាន់​អាច​បញ្ជាក់​បានទេ ដោយ​លោក​គូសបញ្ជាក់ថា បទល្មើស​ជួញដូរ​ឈើប្រណិត រួម​ទាំង​ឈើ​ក្រញូង​មាន​បញ្ហា​ស្មុគស្មាញ ឈ្មួញ​មាន​ល្បិច​កិច្ចកល​ច្រើន​។ តែ​ទោះជា​យ៉ាងណា លោក វេ​ង សាខុន បាន​ប្ដេជ្ញា​ប្រឹងប្រែង​ទប់​ស្កាត់​បទល្មើស​ឈើ​ក្រញូង ក៏ដូចជា​ឈើប្រណិត​ដទៃ​ទៀត​ឲ្យ​បាន​ខ្លាំងក្លា​បំផុត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu