រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Marise Payne កំពុងស្ថិតនៅក្នុងទីក្រុងបាងកកបន្ទាប់ពីរដ្ឋាភិបាលក្រុងកង់បេរ៉ានិយាយថា ខ្លួននឹងពិចារណាផ្តល់សិទ្ធិជ្រកកោនដល់ស្ត្រីអារ៉ាប៊ីសាអ៊ូឌីតអាយុ១៨ឆ្នាំម្នាក់ដែលបានរត់ភៀសខ្លួនទៅប្រទេសថៃដោយនិយាយថា នាងភ័យខ្លាចថា ក្រុមគ្រួសាររបស់នាងនឹងសម្លាប់នាង។
លោកស្រី Payne ក៏ត្រូវបានគេរំពឹងផងដែរថានឹងពិភាក្សាអំពីករណីកីឡាករកីឡាបាល់ទាត់សញ្ជាតិបារ៉ែនដែលមានឋានៈសិទ្ធិជ្រកកោនអូស្ត្រាលីដែលត្រូវបានគេដាក់ពន្ធនាគារនៅក្នុងប្រទេសថៃនិងប្រឈមមុខនឹងការធ្វើបត្យាប័នទៅកាន់ប្រទេសបារ៉ែន។
យុវតីអារ៉ាប៊ីសាអ៊ូឌីតឈ្មោះ Rahaf Mohammed al-Qunun បច្ចុប្បន្នកំពុងស្នាក់នៅសណ្ឋាគារក្រុងបាងកកមួយក្រោមការថែរក្សារបស់ភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) ដែលកំពុងដំណើរការពាក្យសុំរបស់នាងសម្រាប់ឋានៈជនភៀសខ្លួនមុនពេលការតាំងទីលំនៅថ្មីតាមដែលអាចធ្វើទៅបាននៅក្នុងប្រទេសអូស្ត្រាលី។
អាជ្ញាធរថៃនិយាយថា នាងបានបដិសេធទៅជួបឪពុកនិងបងប្រុសរបស់នាងដែលបានមកដល់ទីក្រុងបាងកកនៅសប្តាហ៍នេះដើម្បីព្យាយាមនាំយកនាងត្រលប់ទៅអារ៉ាប៊ីសាអ៊ូឌីតវិញ។
ពីដំបូងឡើយ នាង Qunun ត្រូវបានបដិសេធពីការចូលក្នុងប្រទេសថៃនៅពេលដែលនាងមកដល់អាកាសយានដ្ឋានសុវណ្ណភូមិរបស់ទីក្រុងបាងកកកាលពីថ្ងៃសៅរ៍ដោយមានបំណងហោះហើរពីទីនោះឆ្ពោះទៅកាន់ប្រទេសអូស្ត្រាលីដើម្បីស្វែងរកសិទ្ធិជ្រកកោន។
បន្ទាប់មក នាងត្រូវបានអនុញ្ញាតឲ្យចូលក្នុងទីក្រុងបាងកកនៅល្ងាចថ្ងៃចន្ទដោយអាជ្ញាធរថៃក្រោយពីមានភាពតានតឹងរយៈពេល៤៨ម៉ោង។ នាងបានបដិសេធឡើងជិះយន្តហោះឆ្ពោះទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតនិងបានបង្ខាំងខ្លួនឯងនៅក្នុងបន្ទប់សណ្ឋាគារមួយខណៈពេលពិភពលោកបានឃ្លាំមើលរឿងរ៉ាវនេះដែលត្រូវលាតត្រដាងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
ទស្សនកិច្ចរបស់លោកស្រី Payne ក៏នឹងផ្តោតការយកចិត្តទុកដាក់លើករណីជនភៀសខ្លួនផ្សេងទៀតផងដែរដែលពាក់ព័ន្ធនឹងកីឡាករបាល់ទាត់ Hakeem AlAraibi ដែលមានឋានៈជាជនភៀសខ្លួននៅក្នុងប្រទេសអូស្ត្រាលីប៉ុន្តែត្រូវបានចាប់ខ្លួននៅព្រលានយន្តហោះក្រុងបាងកកកាលពីឆ្នាំមុនបន្ទាប់ពីបានមកដល់ដើម្បីក្រេបទឹកឃ្មុំ។
បច្ចុប្បន្ននេះ លោក AlAraibi កំពុងត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគាររបស់ថៃដោយរង់ចាំលទ្ធផលនៃដំណើរការបត្យាប័នទៅកាន់ប្រទេសបារ៉ែនដែលនៅទីនោះគាត់ធ្លាប់ត្រូវបានកាត់ទោសនិងត្រូវបានអាជ្ញាធរតាមចាប់ខ្លួន។
លោកស្រី Payne បាននិយាយនៅក្នុងសេចក្តីថ្លែងថា លោកស្រីនឹងលើកឡើងករណីរបស់ AlAraibi ជាមួយរដ្ឋាភិបាលថៃដើម្បីស្វែងរកមធ្យោបាយសម្រាប់ការវិលត្រលប់របស់គាត់មកកាន់ប្រទេសអូស្ត្រាលីប្រកបដោយសុវត្ថិភាព៕ REUTERS
[caption id="attachment_1013313" align="alignnone" width="700"] [/caption]
Source: Kampuchea Thmey Daily
0 Comments