ភ្នំពេញ ៖ តារាសម្ដែងប្រុសសង្ហាធ្លាប់ឆ្លងកាត់ជីវិតដ៏កម្សត់ តស៊ូតាំងពីកុមារភាព លោកចាន់ស៊ី ស៊ីណាវ៉ាត់ត្រា មុននេះ បានចាប់ដៃគូជាមួយ កញ្ញា ខ្លឹម ស្រីគា ដែលជាMiss Grand Cambodia 2017 សម្ដែងក្នុងឈុតចម្រៀងបទ អូនដឹង ដែលមានលក្ខណៈបែបស្នេហាក្ដៅរោលរាលឱបថើបគ្នាលើគ្រែរហូតធ្វើឲ្យតារាស្រីរូបនេះព្រឺព្រួចក្នុងខ្លួន បះរោមខ្ញាកៗ ដោយសារស្នាដៃរបស់លោក ចាន់ស៊ី ស៊ីណាវ៉ាត់ត្រា។
ជាមួយគ្នានេះដែរ បើតាមការបញ្ជាក់ឲ្យដឹងពីសំណាក់តារាប្រុសវ័យក្មេង លោក ណាវ៉ាត់ត្រា បានបញ្ជាក់ដោយភាពស្មោះត្រង់ថា ថ្វីត្បិតតែនៅក្នុងឈុតឱបថើបពីលើ កញ្ញា ខ្លឹម ស្រីគា តាមចិត្តក៏ដោយ តែលោកគ្មានចេតនាណាមួយ ដើម្បីកេងយកចំណេញលើរាងកាយរបស់តារាស្រីរូបស្រស់កញ្ញា ខ្លឹម ស្រីគា បន្តិចណាឡើយ។ ផ្ទុយមកវិញ លោកគិតថា នេះត្រឹមតែជាការសម្ដែងក្នុងសាច់រឿង នៃបទចម្រៀងប៉ុណ្ណោះ។
តារាប្រុស លោក ស៊ីណាវ៉ាត់ត្រា បានរៀបរាប់ទៀតថា ខ្លួនពិតជាមានអារម្មណ៍រីករាយ ដែលបានចាប់ដៃគូសម្ដែងជាលើកដំបូងជាមួយ កញ្ញា ខ្លឹម ស្រីគា ដែលជាអ្នកបង្ហាញម៉ូដ និងសម្ដែងល្បីឈ្មោះម្នាក់។ ចំពោះឈុត ដែលលោកឱបថើបស្រី គា រហូតរមូលជើងគ្នានៅលើគ្រែនោះ គ្រាន់តែធ្វើទៅតាមអ្នកដឹកនាំសម្ដែងប៉ុណ្ណោះ លោកមិនមានចេតនាចង់កេងចំណេញលើតារាស្រី កញ្ញា ស្រីគា នោះឡើយ។
លោក ចាន់ស៊ី ណាវ៉ាត់ត្រា បន្តទៀតថា ក្រៅពីឈុតក្តៅខ្លួនឱបរឹត កញ្ញា ខ្លឹម ស្រីគា មួយអស់ដៃនោះ ហើយលោកក៏មានជំនឿចិត្តយ៉ាងមុតមាំដែរថា បទចម្រៀង ”អូនដឹង” របស់តារាចម្រៀង ធារ៉ានី ដែលគ្រាន់តែចេញជា Audio នៅលើ Youtube មានអ្នកចូលទស្សនាជាង៤លាននាក់នោះពេលដែលថតចេញជា MV នឹងកាន់តែធ្វើឲ្យមហាជនចាប់អារម្មណ៍ថែមទៀតជាមិនខានឡើយ។
តារាសម្ដែងរូបនេះបន្ថែមថា សាច់រឿងក្នុងបទនេះល្អ អ្នកដឹកនាំក៏មានបទពិសោធន៍ខ្ពស់ ហេតុនេះហើយ លោកជឿថា ពេលចេញជា Full MV នឹងធ្វើឲ្យគេទស្សនាច្រើនជាមិនខាន៕
Source: Kampuchea Thmey Daily
0 Comments