Ad Code

អាជ្ញាធរ​ស្រុក​កំពង់ត្រាច​ ដឹកនាំ​កម្លាំង​ជំនាញ​ទប់ស្កាត់​ករណី​គ្រឿងចក្រ​ជីក​កាយ​ដីភ្នំ​ប្រាសាទ



កំពត ៖ អាជ្ញាធរ​ស្រុក​កំពង់ត្រាច កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០១៩ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចុះទៅ​ទប់ស្កាត់​គ្រឿងចក្រ​ដែល​ធ្វើ​សកម្មភាព​ជីក​កកាយ​ដី​ភ្នំ​យក​អាចម៍ដី​ធ្វើ​អាជីវកម្ម​គ្មាន​ច្បាប់ទម្លាប់​។

ការ​ចុះ​បង្អាក់​សកម្មភាព​នេះ​ ស្ថិតនៅ​ចំណុច​ភ្នំ​ប្រាសាទ ក្នុងភូមិ​ឃ្លាំង​ខាងជើង ឃុំ​ភ្នំ​ប្រាសាទ ស្រុក​កំពង់ត្រាច ខេត្តកំពត​។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ខាងលើ បាន​ឲ្យ​ដឹង​ថា ករណី​គ្រឿងចក្រ​មក​ជីក​កាយ​ដី​ភ្នំ​ធ្វើ​អាជីវ​កម្ម​បាន​ប្រព្រឹត្តទៅ​ពីរ បី​ថ្ងៃ​មក​ហើយ ដោយមាន​រថយន្ត​បែន​ដឹក​ដី​ជាច្រើន​គ្រឿង​បាន​សម្រុក​ដឹក​ដី​ចេញពី​ចំណុច​ភ្នំ​ប្រាសាទ​ទៅ​ចាក់​ផ្លូវ​ក្នុងភូមិ​សាស្ត្រ​ក្បែរៗ​នោះ​។



ប្រភព​ដដែល​បាន​បន្តថា ទីតាំង​ភ្នំ​ប្រាសាទ​កន្លងមក​ត្រូវ​ម្ចាស់​គ្រឿងចក្រ​ជាច្រើន​បាន​លួច​ជីក​កកាយ​យក​អាចម៍ដី​លក់​ដោយ​គ្មាន​ច្បាប់ទម្លាប់​ឡើយ​។ ​ម្យ៉ាងទៀត​ចំណុច​ភ្នំ​ប្រាសាទ​គឺជា​ទីតាំង​មួយ​នៅ​ឆ្ងាយ​ពី​ដែន​គ្រប់គ្រង​របស់​អាជ្ញាធរ ទើប​ជា​ឱកាស​មួយ​សម្រាប់​ជន​ឆ្លៀតឱកាស​លួច​យក​គ្រឿងចក្រ​មក​កាយ​យក​អាចម៍ដី​តាមតែ​អំពើ​ចិត្ត​។

ទាក់ទិន​នឹង​ករណី​ខាងលើ អភិបាលស្រុក​កំពង់ត្រាច លោក អូន បាន​ប្រាប់​ឲ្យ​ដឹង​ថា ភ្នំ​ទាំងឡាយ​ណា​ដែល​ជាស​ម្ប​តិ្ត​របស់​រដ្ឋ លោក​ដាច់ខាត​ការពារ​ឲ្យបាន គឺ​មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឬ​បុគ្គល​ណា​រំលោភបំពាន​តាមតែ​អំពើ​ចិត្ត​នោះ​ឡើយ​។​ យ៉ាងណាមិញ​ចំពោះ គ្រឿងចក្រ​ដែល​មក​ជីក​កាយ​យក​អាចម៍ដី​នៅ​ចំណុច​ភ្នំ​ប្រាសាទ​នេះ ថ្វី​ត្បិត​ជា​របស់​កង​វិស្វកម្ម ហើយ​ដឹកជញ្ជូន​អាចម៍ដី​មក​ចាក់​ផ្លូវ​បែប​ណា​ក៏​ដោយ ក៏​មិនអាច​ងាយស្រួល​នោះ​ដែរ ព្រោះថា​ម្ចាស់​គ្រឿងចក្រ​មិនបាន​ទៅ​សុំ​ច្បាប់​ពី​អាជ្ញាធរ​និង​ជំនាញ​នៅឡើយ​ទើប​លោក​ចាត់​កម្លាំង​ទៅ​ផ្អាក​សកម្មភាព​តែម្តង​។



ម្យ៉ាងទៀត​គ្រឿងចក្រ​ដែល​មក​ជីក​កកាយ​ដី​នៅ​ចំណុច​ភ្នំ​ប្រាសាទ​គឺ​ធ្វើ​សកម្ម​ប្រហែល​២​ទៅ​៣​ថ្ងៃ​មក​ហើយ ដោយ​ខណៈនោះ​មន្ត្រី​សាលាស្រុក​ក៏បាន​ចុះទៅ​ហាមប្រាម​ផង​ដែរ ប៉ុន្តែ​លុះ​ពេល​អាជ្ញាធរ​ត្រឡប់មកវិញ គ្រឿងចក្រ​ខាងលើ​នៅតែ​បន្ត​សកម្ម​ដដែល ប្រៀប​ដូច​ជា​ចុះទៅ​វែក​ចក​អីចឹង​ដែរ​។ ដូច្នេះ​ក្នុងនាម​ជា​អាជ្ញាធរ លោក​មិន​អនុញ្ញាត​ឲ្យ​មានការ​ទន្ទ្រាន​លើ​ដី​ភ្នំ​ប្រាសាទ​បេះ​ទៀត​ឡើយ លើកលែងតែ​ក្រុមហ៊ុន​នេះ​សុំច្បាប់​អនុញ្ញាត​ជា​មុន​សិន៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu