នី សុភី ឬឡុង សុភី អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡា បានផ្តួលយកឈ្នះអ្នកប្រដាល់ថៃជើងចាស់ណងអ៊ូ(Nong Ou) អោយសន្លប់ក្នុងទឹកទី២ នៅក្នុងការជួបប្រកួតគ្នា លើសង្វៀនBoostrong Fighter On Fire របស់SEATV កាលពីព្រឹកថ្ងៃអាទិត្យ ទី០៦ ខែមករា ឆ្នាំ២០១៩។
ណង អ៊ូ នេះ ជាអ្នកប្រដាល់ថៃជើងចាស់ ធ្លាប់មកប្រកួតនៅស្រុកខ្មែរច្រើនលើកហើយកន្លងមក ដែលកាលណោះគេជួបប្រកួតតែក្នុងប្រភេទទម្ងន់៦០គីឡូក្រាមនិងជួបជាមួយអ្នកប្រដាល់ខ្មែរក្នុងកម្រិតB ដូចជាសេក គឹមផៃ និងផន ផល្លាប៉ុណ្ណោះ ហេតុនេះពេលមកប៉ះជាមួយជើងខ្លាំងនី សុភី ដែលគេថិតក្នុងកម្រិតA របស់កម្ពុជានោះ ធ្វើឲ្យណង អ៊ូ តស៊ូមិនបាន២ទឹកផង ក៏សន្លប់ដោយកែងរបស់សុភីទៅហើយ។
នី សុភី ក្នុងការប្រកួតទឹកទី២នេះ គេគ្រាន់តែវាយដើម្បីយកពិន្ទុប៉ុណ្ណោះ ប៉ុន្តែណង អ៊ូ គេនាំអាតប្រើហឹង្សាមុន ដោយវាយកែងដាក់សុភី នាំឲ្យសុភី ប្រើកែងវាយបកវិញ ធ្វើឲ្យណង អ៊ូ ត្រូវមួយកែងដួលសន្លប់តែម្តង។ ពួកគេជួបគ្នាក្នុងទម្ងន់៦៩គីឡូក្រាម។
ចំពោះ ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ ខាំ សូរិយា អ្នកប្រដាល់ក្លិបរ៉ាហាប់ស្វាយប៉ាក ក៏ត្រូវឌឹម សារិទ្ធ អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ វាយឲ្យសន្លប់ក្នុងទឹកទី៣ដែរ ក្នុងការជួបប្រកួតគ្នាទម្ងន់៥៧ គ.ក្រ។
ឌឹម សារិទ្ធ ជាអ្នកប្រដាល់ដែលចាត់ទុកថា ជាជើងខ្លាំងស្រករក្រោយម្នាក់នោះ បានប្រើកណ្តាប់ដៃដាល់ទៅលើខាំ សូរិយា ត្រូវជាច្រើនដៃ និងដួលលើរេញ ត្រូវអាជ្ញាកណ្ដាលរាប់៨ម្តង ហើយនៅពេលបន្តការប្រកួតទៀត ក៏ត្រូវសារិទ្ធ វាយឲ្យសន្លប់តែម្តង។
សេក ទីណាល់ ក្លិបអង្គរមានជ័យខេត្តសៀមរាប បានយកឈ្នះ ហ៊ែល វិចិត្រ អ្នកប្រដាល់ក្លិបឃ្លាំងមឿងកីឡាខេត្តពោធិសាត់ ក្នុងទឹកទី៤ ក្នុងការជួបគ្នាក្នុងប្រភេទទម្ងន់៥១គីឡូក្រាម។
ចំណែក ប្រាក់ ភារម្យ ក្លិបយុវវាលស្បូវ បានវាយឈ្នះឡុង ទីណា ក្លិបអមតៈគុនខ្មែរខេត្តសៀមរាប ក្នុងទឹកទី២ ហើយផន សុខវិបុល ក្លិបតាព្រហ្មមានជ័យ ប្រកួតឈ្នះឈុត ប្រាក់កាក់ ក្លិបតាឯកដំបងដែកមានរិទ្ធខេត្តព្រៃវែង ដោយពិន្ទុ។
•រឿម វណ្ណះ ចាញ់ ប៉ើត សេនឡេកទឹក១ ខណៈ សារឿន ច័ន្ទ ឈ្នះ ណាន់ដោយពិន្ទុអ្នកប្រដាល់ជើងខ្លាំងកម្ពុជារឿម វណ្ណះ ក្លិបរាជសីហ៍ខេត្តបន្ទាយមានជ័យ បានប្រកួតចាញ់អ្នកប្រដាល់ថៃ ប៉ើត សេនឡេក(Pert Senlek) ក្នុងទឹកទី១ នៅក្នុងការជួបប្រកួតគ្នា កាលពីរសៀលថ្ងៃអាទិត្យទី០៦ ខែមករា ឆ្នាំ២០១៩ លើសង្វៀនWurkz របស់SEATV។
រឿម វណ្ណះ តាមពិតគេជាអ្នកលោតទៅវាយកែងបំបែកថ្ងាសរបស់ថៃទេ តែចៃដន្យគេត្រូវរងនឹងកែងរបស់ប៉ើត សេនឡេក ដែលចាំត្រងនោះ ធ្វើឲ្យរឿម វណ្ណះ សន្លប់ធំដោយសារត្រូវកែងរបស់ប៉ើត សេនឡេក ចំគល់ថ្គាម បណ្តាលឲ្យវណ្ណះ សន្លប់ធំតែម្តង។ រឿម វណ្ណះ និង អ្នកប្រដាល់ថៃប៉ើត សេនឡេក ប្រកួតគ្នាក្នុងទម្ងន់៦៣,៥០០គីឡូក្រាម។
ចំពោះ សារឿន ច័ន្ទ អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យវិញ គេបានវាយឈ្នះអ្នកប្រដាល់ថៃឈ្មោះណាន់ (Nan) ដោយពិន្ទុ ក្រោយពីប្រកួតគ្នា៥ទឹកពេញនោះ។
ណាន់ អ្នកប្រដាល់ថៃរូបនេះ មានកណ្តាប់ដៃខ្លាំងគួរសមដែរ ដែលធ្វើអោយសារឿន ច័ន្ទ ចង់គាំងម្តងៗដែរ ក្នុងការប្រកួតក្នុងទឹកចុងក្រោយនោះ តែដោយសារសារឿន ច័ន្ទ គេរឹងមាំ និងស៊ូចំពោះការប្រកួតនោះ បានទប់ទល់និងវាយបកវិញ ហើយបានឈ្នះពិន្ទុ ណាន់ វិញ ក្រោយបញ្ចប់ការប្រកួត។
ដោយឡែក ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ ឆ ឆៃ អ្នកប្រដាល់ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង បានវាយឈ្នះអ្នកប្រដាល់ម៉ន ភារម្យ ក្លិបការិយាល័យទី៥ កង ទ័ពជើងគោកដោយពិន្ទុ។ ឯ លីន សាហ៊ីម អ្នកប្រដាល់ក្លិបបូរីរាជសីហ៍មានរិទ្ធ ប្រកួតស្មើពិន្ទុជាមួយសៀន វិបុល អ្នកប្រដាល់ក្លិបរាជសីហ៍ខេត្តរតនគិរី ក្នុងក្នុងការជួបប្រកួតគ្នាទម្ងន់៦៧គីឡូក្រាម៕
Source: Kampuchea Thmey Daily
0 Comments