ឥណ្ឌូនេស៊ីពិនិត្យមើលឡើងវិញអំពីការដោះលែងមុនពេលកំណត់សម្រាប់បព្វជិត ដែលពាក់ព័ន្ធការវាយប្រហារគ្រាប់បែកលើកោះ បាលី
ប្រទេសឥណ្ឌូនេស៊ីបាននិយាយថា ផែនការដោះលែងបព្វជិតរ៉ាឌីកាល់ដែលជាប់ទាក់ទងនឹងការបំផ្ទុះគ្រាប់បែកសម្លាប់មនុស្សនៅលើកោះបាលីកំពុងស្ថិតនៅក្រោមការពិនិត្យឡើងវិញបន្ទាប់ពីការសម្រេចចិត្តដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានបង្កឲ្យមានរិះគន់យ៉ាងខ្លាំង។
លោក Abu Bakar Bashir ធ្លាប់ត្រូវបានគេប្រដូចទៅនឹងសកម្មប្រយុទ្ធឥស្លាមនិយមនៅក្នុងប្រទេសឥណ្ឌូនេស៊ីហើយត្រូវបានគេភ្ជាប់ទៅនឹងបណ្តាញភេរវកម្មដែលនៅពីក្រោយការវាយប្រហារឆ្នាំ២០០២ដែលបានសម្លាប់មនុស្សជាង២០០នាក់ដោយភាគច្រើនជាភ្ញៀវទេសចរបរទេស។
កាលពីសប្តាហ៍មុន ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បាននិយាយថា លោកបានបើកភ្លើងខៀវសម្រាប់ការដោះលែងមុនពេលកំណត់ដល់លោក Bashir ដែលត្រូវបានគេជឿជាក់ថាជាតួអង្គដ៏សំខាន់មួយរូបនៅក្នុងក្រុមសកម្មប្រយុទ្ធ Jemaah Islamiyah (JI) ។
លោក Widodo បាននិយាយថា គ្រូសាសនាអាយុ៨០ឆ្នាំរូបនេះមានវ័យចំណាស់និងមានជំងឺ។
ទោះបីជាយ៉ាងណាក៏ដោយ ផែនការនេះត្រូវបានរិះគន់ទាំងក្នុងប្រទេសនិងក្រៅប្រទេសហើយមានការជំទាស់នៅទូទាំងប្រព័ន្ធផ្សព្វផ្សាយសង្គមឥណ្ឌូនេស៊ីនិងពីមេដឹកនាំអូស្ត្រាលី
លោក Scott Morrison ដែលបានព្រមានថា លោក Bashir នៅតែជាការគំរាមកំហែងមួយ។
ជនជាតិអូស្ត្រាលីជាច្រើននាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើកោះបាលី។
នៅក្នុងការពិនិត្យឡើងវិញកាលពីថ្ងៃចន្ទ រដ្ឋមន្ដ្រីក្រសួងសន្តិសុខឥណ្ឌូនេស៊ីលោក Wiranto បាននិយាយថា លោកប្រធានាធិបតីបានបញ្ជាឲ្យមានការសិក្សាស៊ីជម្រៅនិងទូលំទូលាយអំពីការដោះលែងលោក Bashir ចេញពីពន្ធនាគារ។
លោករដ្ឋមន្ត្រីបានប្រាប់ក្រុមអ្នកយកព័ត៌មានថា “យើងមិនអាចធ្វើអ្វីដោយប្រញាប់ឬដោយឯកឯងទេ”។ ហើយគាត់មិនបាននិយាយថា នៅពេលណាទើបការសម្រេចចិត្តចុងក្រោយនឹងត្រូវធ្វើឡើងនោះទេ។
គួរបញ្ជាក់ជាថ្មីថា លោក Bashir ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំក្នុងឆ្នាំ២០១១សម្រាប់ការជួយផ្តល់មូលនិធិដល់ការហ្វឹកហ្វឺនក្រុមសកម្មប្រយុទ្ធនៅខេត្តឥស្លាមអភិរក្សនិយម Aceh៕ AFP
វណ្ណវណ្ណ
Source: Kampuchea Thmey Daily
0 Comments