កំពត ៖ បុរសម្នាក់ ត្រូវរថយន្តដឹកដី បើកបុកបណ្ដាលឲ្យស្លាប់យ៉ាងរន្ធត់ ខណៈកំពុងបើកម៉ូតូម្នាក់ឯង ក្នុងទិសដៅបញ្ច្រាសគ្នា លើកំណាត់ផ្លូវជាតិលេខ៣៣។
ហេតុការណ៍គួរឲ្យញាក់សាច់នេះ បានកើតឡើងនៅវេលាម៉ោង២និង០០នាទី ស្ថិតចំណុចមុខខ្លោងទ្វារវត្តកំពូលមាស ក្នុងភូមិកំពូលមាស ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបាននិយាយថា មុនពេលជួបគ្រោះថ្នាក់យ៉ាងរន្ធត់នេះ គេឃើញជនរងគ្រោះជិះម៉ូតូម៉ាកវ៉េវពាក់ស្លាកលេខ កំពត 1C-6254 ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនបង្គួរ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តប្រភេទបែនមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3B-7457 បោះពួយមកពីជើងទៅត្បូង ហើយរថយន្តបង្កហេតុ ក៏បានជែងជាមួយម៉ូតូមួយគ្រឿង ទើបជ្រុលចង្កូតទៅបុកម៉ូតូពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗមួយរំពេច។
សាក្សីបានបញ្ជាក់ទៀតថា ក្រោយពីបង្កហេតុ អ្នកបើករថយន្តបានបើកទ្វារបាក់មេប្រូចបាត់ស្រមោលឈឹង។
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយទេ។ ជនរងគ្រោះមានភិនភាគសប្បុរស អាយុប្រហែលជាងសាមសិបឆ្នាំ។
ដូច្នេះ បើបងប្អូនណាដែលបាត់សមាជិកគ្រួសារ សូមអញ្ជើញមកសាកសួរសមត្ថកិច្ចស្រុកកំពង់ត្រាច៕
Source: Kampuchea Thmey Daily
0 Comments