ភ្នំពេញ ៖ ស្ត្រីមេម៉ាយវ័យ២៤ឆ្នាំម្នាក់ រួមជាមួយកូនតូចៗ៣នាក់ទៀត ក្នុងទឹកមុខស្រពាប់ស្រពោនបានដឹកដៃនិងពរកូនដើររកប្ដីដោយរកមិនឃើញបានឆៀងចូលសាលាសង្កាត់ចោមចៅទី៣ហើយត្រូវបានមន្ដ្រីសាលាសង្កាត់ឧបត្ថម្ភជាថវិកាបន្ដិចបន្ដួច ដើម្បីជួយដោះទ័លបានមួយគ្រាហើយនាងបាននិយាយរៀបរាប់ពីដំណើរជីវិតឲ្យមន្ដ្រីសាលាសង្កាត់បានដឹង នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ នៅសាលាសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីកំសត់ខាងលើឈ្មោះ ញ៉ែត ម៉ី អាយុ២៤ឆ្នាំ មានកូន៣នាក់ ប្រុស២នាក់ ស្រីម្នាក់ ស្នាក់នៅផ្ទះជួលភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិតំណាក់ត្រយឹង ឃុំខ្ជាយខាងត្បូង ស្រុកដងទង់ ខេត្តកំពត។ ចំណែកប្តីរត់ចុះចោលបាត់ ឈ្មោះ ប៊ុន ង៉ែត អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់។
តាមការយំរៀបរាប់ពីស្ត្រីខាងលើ បានឲ្យដឹងថា នាងក្រោយពីធំក្រមុំពេញវ័យ ត្រូវបានម្តាយធំ (ព្រោះនាងកំព្រាឪពុកម្តាយ) រៀបចំឲ្យមានគូរកស្រករ ជាមួយបុរសខាងលើជាប្ដីប្រពន្ធ កាលពីអំឡុងឆ្នាំ២០១២ ដោយបានរៀបការត្រឹមត្រូវ ទទួលស្គាល់ពីញាតិសងខាង រហូតមកដល់ពេលនេះនាងមានកូន៣នាក់ ក្នុងបន្ទុក កូនពៅអាយុ៨ខែ។
នាងបន្តទៀតថា ក្នុងស្ថានភាពទីទ័លក្រ ទាំងប្តីប្រពន្ធ កូននាំគ្នាមកស្នាក់នៅទីក្រុងភ្នំពេញ ក្នុងរបរ ប្តីជាកម្មករសំណង់ ចំណែកនាង ដោយសារកូនតូចៗឲ្យរញ៉ុង ទើបទៅណាមិនរួច ប្តីឲ្យនៅចាំផ្ទះមើលថែកូន។ តែអ្វីមិននឹកស្មានដល់ គ្រាកំសត់កម្រ រស់នៅជាប្តីប្រពន្ធ ជាមួយគ្នាក្នុងដំណើរផ្លូវជីវិត៩ឆ្នាំ ស្រាប់តែនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩កន្លងមកនេះ លោកប្តីរបស់នាង មានស្រីថ្មីហើយរត់ចុះចោលបាត់ទុកឲ្យនាងទទួលរងនូវបន្ទុកមួយដ៏ធ្ងន់ធ្ងរ ធ្លាក់មកលើរូបនាង ដោយបានបីបាច់ចិញ្ចឹមកូន៣នាក់ ទាំងជីវភាពតោកយ៉ាក គ្មានប្រាក់មួយរៀល សម្រាប់បាយទឹកកូនទាំង៣នាក់ រស់ដោយក្តីវេទនា។ ដោយទ្រាំនូវក្តីឈឺចាប់ផ្លូវចិត្ត និងជីវភាពមិនបានណាមួយស្ថិតក្នុងក្ដីអស់សង្ឃឹមទើប នារសៀលថ្ងៃទី២២ ខែមករានេះ នាងបានសម្រេចចិត្ត ដឹកដៃ និងពរកូន ដើរស្វែងរកប្តី តែមិនឃើញ ក៏ចូលសាលាសង្កាត់ចោមចៅ៣ក្នុងគោលបំណងឲ្យជួយដឹងឮក្រែងគេអាចជួយរកប្ដីនាង។
ក្តីទុក្ខលំបាកវេទនា របស់ស្ត្រីម៉េម៉ាយទុរគតរូបនេះ ត្រូវបានលោកចៅសង្កាត់ ចៅសង្កាត់រង ចោមចៅ៣ ជួយឧបត្ថម្ភជាទឹកប្រាក់មួយចំនួន ជូនដល់ស្ត្រីកំសត់រូបនេះគ្រាន់បានដោះទ័លបានមួយគ្រាៗផងដែរ ហើយនាងបានដង្ហោយហៅរកលោកប្ដីមេត្តាវិលមកវិញបើមិនអាណិតប្រពន្ធក៏អាណិតកូនផង ព្រោះពួកគេនៅតូចៗណាស់មិនទាន់ដឹងអ្វីដែលហៅថាជីវិតនោះទេ៕
Source: Kampuchea Thmey Daily
0 Comments