Ad Code

កាប់​គ្នា​ដូច​ព្យុះ ស្រប​ពេលដែល​សមត្ថកិច្ច​ក្រុង​ដេកលក់​



បាត់ដំបង ៖ ករណី​ហិង្សា​ដោយមាន​ស្ថាន​ទម្ងន់ បាន​កើតឡើង​ផ្ទួនៗ​គ្នា​ ព្រមទាំង​បាន​បង្ក​ឲ្យ​មាន​មនុស្ស​រងរបួស​ផងដែរ ដែល​បង្កឡើង​ដោយ​ក្រុម​ក្មេង​ទំនើង មិន​ស្គាល់​សាវតារ បានធ្វើ​សកម្មភាព​កាប់​គ្នា​នៅ​កណ្តាល​ក្រុង​តែម្តង ដោយ​មិនមាន​ការរំខាន​ដល់​លោក​អធិការ នគរបាល​ក្រុង​បាត់ដំបង​
​សោះឡើយ។​

​យោងតាម​ប្រភព​មួយចំនួន​បាន​និយាយថា បើទោះបី​ជាមាន​សេចក្ដីរាយការណ៍​យ៉ាង​បន្ទាន់​ដើម្បី​សុំ​អន្តរាគមន៍​ពី​លោក​អធិការ​ក្រុង​ក៏ដោយ ក៏​គេ​មិន​បានឃើញ​កម្លាំង​ទៅដល់​ភ្លាមៗ​ដែរ ហើយ​មានរឿង​ខ្លះ ​គឺ​គ្មាន​ប៉ូលិស​ម្នាក់​ទៅ​កន្លែងកើតហេតុ​ទាល់តែសោះ។​

​ហេតុការណ៍ ​នៃ​ករណី​ហិង្សា​ដោយ​ប្រើ​ដាវ​សាំ​ម៉ូ​រ៉ៃ​នេះ បានកើត​ឡើង​កាលពី​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០១៩ វេលា​ម៉ោង​៩​និង​៥៥​នាទី​យប់ នៅ​ចំណុច​ផ្លូវ​លេខ​១ ស្ថិត​ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយ​ប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ដែល​បង្កឡើង​ដោយ​ជនសង្ស័យ​ចំនួន​៤​នាក់ មិន​ស្គាល់​សាវតារ បាន​ជិះ​ម៉ូតូ​ចំនួន​០២​គ្រឿង ធ្វើ​សកម្មភាព​កាប់​ទៅលើ​ជនរងគ្រោះ​ចំនួន​០២​នាក់ ទាំង​មិន​ដឹង​ខ្លួន ក្រោយ​ធ្វើ​សកម្មភាព​ក្រុម​ជនសង្ស័យ​បានគេច​ខ្លួន​បាត់អស់។​

​ជនរងគ្រោះ​ទាំង​២​នាក់ មាន ១.ឈ្មោះ វិបុល កក្កដា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ច្រាប​វាល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្ត​បាត់ដំបង ( រងរបួស​រយះ​ក្រញរ​ដៃ​ខាងឆ្វេង ដាច់​សរសៃ​ម្រាម​ចង្អុល​មួយ ) និង ២.ឈ្មោះ ជា ម៉ៅ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយ​ធំ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្ត​បាត់ដំបង (ដាច់រយះ​លើ​កែងដៃ​ខាងឆ្វេង ) ដែល​បច្ចុប្បន្នកំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​នៅឡើយ។​

​ដោយឡែក ​នៅមុននេះ​មួយថ្ងៃ គឺ​ប្រភព​មួយ​បាន​និយាយថា នៅក្នុង​ភោជនីយដ្ឋាន ប៊ី ធី ប៊ី ខន​ថេ​ន័​រ ក្នុង​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​ ក៏មាន​ករណីនេះ​បានកើត​ឡើង​ដែរ គឺ​នៅ​ពេលយប់​ខណៈដែល​ក្នុង​ភោជនីយដ្ឋាន​នេះ មាន​រៀបចំ​កម្មវិធី​ខួបកំណើត។​

​ប្រភព​ដដែល​បាន​បន្តថា នៅក្នុង​យប់នោះ ​គឺមាន​យុវជន​មួយក្រុម បាន​ជិះ​ម៉ូតូ​មក​ ដោយ​ម្នាក់​មាន​កាន់​ដាវ​ផង​ដែរ បាន​សម្រុកចូល​ទៅកាន់​មនុស្ស​ក្នុង​កម្មវិធី​នោះ​ ឯ​ម្នាក់ទៀត​ក៏បាន​កាប់​ទៅលើ​យុវជន​ម្នាក់​ ដែល​កំពុង​អង្គុយ​និយាយ​ទូរស័ព្ទ​នៅខាងមុខ​ភោជនីយដ្ឋាន​នេះ បណ្តាលឲ្យ​រងរបួស​មនុស្ស​មួយចំនួន។​

​ភ្លាមៗ​នោះដែរ ក៏មាន​អ្នកខ្លះ​អះអាងថា គេ​បាន​ផ្តល់ព័ត៌មាន​ទៅ​លោក​អធិការ​ក្រុង​ដែរ ប៉ុន្តែ​គ្មាន​ឃើញ​ស្រមោល​សមត្ថកិច្ច​មក​ម្នា​ក់សោះ ដែល​គេ​សង្ស័យថា​ បច្ចុប្បន្ននេះ​ប៉ូលិស​ក្រុង​មានតែ​ឈ្មោះ ដោយ​គេ​បាន​យក​សុទ្ធតែ​ប្រជា​ការពារ​មក​ប្រើ​ជំនួស​វិញ។​

​បច្ចុប្បន្ន​ ក្រុម​អន្តរាគមន៍ ​បង្ការ បង្ក្រាប នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កំពុងតែធ្វើការ​ស្រាវជ្រាវ​ដើម្បី​តាម​ចាប់ខ្លួន​ជនសង្ស័យ​យកមក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​ ដោយឡែក​ សមត្ថកិច្ច​ក្រុង​គេ​មិន​ដែល​ឃើញ​បំបែកសំណុំរឿង​ណា​បាន​មួយ​សោះឡើយ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu