Ad Code

ជនសង្ស័យ​ម្នាក់ ​ត្រូវ​បាន​ចាប់ខ្លួន ​ក្រោយពី​ធ្វើ​សកម្មភាព​គាស់​កញ្ចក់​រថយន្ត​ លួច​យក​សម្ភារៈ​​



​តាកែវ ៖ ជនសង្ស័យ​ម្នាក់ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ព្រួត​គ្នា​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​ភ្លាមៗ​ ក្រោយពី​បាន​ធ្វើ​សកម្មភាព​គាស់​កញ្ចក់​រថយន្ត​បំណង​លួច​យក​សម្ភារៈ​ តែ​សំណាងល្អ​ត្រូវ​ម្ចាស់​ឃើញ​ទាន់​ស្រែក​ឆោឡោ​ឡើង​ផ្អើល​អ្នកជិតខាង​។​

ហេតុការណ៍​នេះ​បាន​កើត​ឡើង​ នៅ​ថ្ងៃទី​០៧ ខែ​មករា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៤​និង​០០​នាទី​ទៀបភ្លឺ​នៅ​ចំណុច​ផ្ទះ​ ឈ្មោះ កែវ នី ភេទ​ស្រី អាយុ​៥៨​ឆ្នាំ ​ស្ថិតនៅ​ភូមិ​តា​សូ ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្ត​តាកែវ​។

ប៉ូលិស​ស្រុក​ត្រាំកក់​បាន​ប្រាប់​ថា ករណីនេះ​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ ឈ្មោះ ទួន ម៉ៅ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ស្វាយ ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ដែល​ជនសង្ស័យ​បាន​គាស់​កញ្ចក់​រថយន្ត​បំណង​រក​លួច​សម្ភារៈ​ក្នុង​រថយន្ត​របស់​ ឈ្មោះ ទឹម ចន្ថា ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ​ រស់នៅ​ភូមិ​តា​សូ ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ទាំង​មិនបាន​ដឹងថា ​ម្ចាស់​កំពុង​ដេក​ក្នុង​រថយន្ត​។

ស្របពេល​កំពុង​ធ្វើ​សកម្មភាព​នោះ​ម្ចាស់​រថយន្ត​ក៏​ភ្ញាក់​ដឹងខ្លួន​ទាន់ ​ហើយ​បាន​ស្រែកថា​ចោរៗ និង​បាន​ប្រតាយប្រតប់​គ្នា​ជាមួយ​ជនសង្ស័យ ធ្វើ​ឲ្យ​ជនសង្ស័យ​បាញ់​ជំពាម ​និង​បាន​ដក​កាំបិត​ចាក់ ទៅ​លើ​ជនរងគ្រោះ​បណ្ដាល​ឲ្យ​ត្រូវ​ដៃ​ទាំងសងខាង រងរបួស​ធ្ងន់ ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​តាកែវ​។

ចំណែក​ ជនសង្ស័យ ​ក៏ត្រូវ​ប្រជាពលរដ្ឋ​ចាប់បាន​ប្រគល់ជូន​សមត្ថកិច្ច​យក​ទៅ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាកែវ​ចាត់ការ​តាម​នីតិវិធី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu