Ad Code

រថយន្ត​ម៉ាក​HYUNDAI បើក​បុក​រះ​ម៉ូតូ​២​គ្រឿង និង​PASSAPP០១​គ្រឿង​ ​របួស​ធ្ងន់​២​នាក់ និង​ស្រាល​៤​នាក់​



ភ្នំពេញ ៖ រថយន្ត​ម៉ាក HYUNDAI បើក​បុក​រះ​ម៉ូតូ​២​គ្រឿង និង PASSAPP ០១​គ្រឿង ​បណ្តាល​ឲ្យ​មនុស្ស​រង​របួស​ធ្ងន់​២​នាក់ និង​ស្រាល​៤​នាក់ កាលពី​វេលា​ម៉ោង​១៦និង​៤០​នាទី នា​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​២០១៩ ត្រង់​ចំណុច​មុខ​ការដ្ឋាន​ដី​តា​កៅ លើ​មហាវិថី​ឈ្នះ ឈ្នះ ស្ថិត​ក្នុង​ភូមិ​កប់​ស្រូវ​តូច សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ហេតុនេះ​ ម៉ាក HYUNDAI ពណ៌​ស ពាក់​ស្លាក​លេខ តាកែវ 3A-1677 ធ្វើដំណើរ​លើ​មហាវិថី​ឈ្នះៗ ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច អ្នកបើកបរ​មិន​ស្គាល់​អត្ត​សញ្ញាណ​(​គេចខ្លួន​ពី​កន្លែង​កើតហេតុ​) លុះ​មកដល់​កន្លែង​កើតហេតុ ក៏បាន​បុក​ពីក្រោយ​ម៉ូតូ​០២​គ្រឿង និង​PASSAPP ០១​គ្រឿង ទី​មួយ ម៉ូតូ​មួយ​គ្រឿង​ម៉ាក HONDA C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BE-6285 ធ្វើដំណើរ​ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច (​ទិសដៅ​ស្របគ្នា​) បើកបរ​ដោយ​ ឈ្មោះ ជឹម សីហា ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់នៅ​ភូមិ​អណ្តូង​៣ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ (​របួសស្រាល​)​។​

ទី​ពីរ PASSAPP មួយគ្រឿង​ម៉ាក APE CITY ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1HG-4339 ធ្វើដំណើរ​លើ​មហាវិថី​ឈ្នះៗ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច (​ទិសដៅ​ស្របគ្នា​) បើកបរ​ដោយ​ ឈ្មោះ គង់ រស្មី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ (​របួសធ្ងន់​) រួម​ដំណើរ​ដោយ​មនុស្ស​ពីរ​នាក់ (​កូន​) មិនទាន់​ស្គាល់​ឈ្មោះ (​របួសស្រាល​)​។ ទី​បី ម៉ូតូ​ម៉ាក HONDA C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ធំ 1C-6566 ធ្វើដំណើរ​លើ​មហាវិថី​ឈ្នះៗ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច បើកបរ​ដោយ​ឈ្មោះ អុន គ្រួច ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់នៅ​ភូមិ​កន្តឹប ឃុំ​រុងរឿង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ( របួសធ្ងន់ ) រួម​ដំណើរ​ដោយ​ឈ្មោះ ធូ ឈី​ម ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​កន្តឹប ឃុំ​រុងរឿង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ( របួសស្រាល )។

ក្នុងករណីនេះ​ បណ្តាល​ឲ្យ​មនុស្ស​របួស​ធ្ងន់​០២​នាក់ របួសស្រាល​០៤​នាក់ ខូចខាត​ម៉ូតូ​ធ្ងន់​០២​គ្រឿង រថយន្ត​ស្រាល​០១​គ្រឿង PASSAPP០១​គ្រឿង​។ ហើយ​ក្នុង​ករណី​នេះ ​សមត្ថកិច្ច​ខណ្ឌ​ព្រែក​ព្នៅ​ប្រគល់​ជូន​ជំនាញ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu