ព្រៃវែង ៖ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ លោក ប៉ិច សុង អភិបាល នៃគណៈអភិបាលស្រុកស្វាយអន្ទរ និងមន្ត្រីសាលាស្រុក បាននាំយកអំណោយរបស់គណបក្សប្រជាជនកម្ពុជាស្រុក ទៅចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន៦គ្រួសារ នៅក្នុងឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ។
លោក ប៉ិច សុង អភិបាល នៃគណៈអភិបាលស្រុកស្វាយអន្ទរបានឲ្យដឹងថា ដោយមើលឃើញប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានកំពុងតែជួបភាពក្រីក្រខ្វះខាត លោកបានដឹកនាំមន្ត្រីរបស់លោកចុះនាំយកអំណោយរបស់គណបក្សប្រជាជនកម្ពុជាស្រុកស្វាយអន្ទរ មកចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន៦គ្រួសារ នៅក្នុងភូមិព្រៃខ្លា២ ឃុំព្រៃខ្លាស្រុកស្វាយអន្ទរ។ ហើយអំណោយដែលលោកបានយកមកចែកជូនប្រជាពលរដ្ឋក្រីក្រនាពេលនេះរួមមាន អង្ករចំនួន២៥គីឡូក្រាម ទឹកស៊ីអ៊ីវទឹកត្រី និង សម្ភារៈផ្ទះបាយមួយចំនួន មានមុងមានភួយ រួមនឹងថវិកាចំនួន៣០.០០០រៀល(បីម៉ឺនរៀល)ផងដែរ។
លោកអភិបាលបានបន្តទៀតថា ការចុះជួយបងប្អូនប្រជាពលរដ្ឋក្រីក្រ ក៏បានមានការចូលរួមសហការពីអង្គការមូលនិធិ នៃក្តីសង្ឃឹម បានជួយឧបត្ថម្ភសាងសង់ផ្ទះ២ខ្នង ជូនដល់ប្រជាពលរដ្ឋ២គ្រួសារ នឹងផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រចំនួន៤នាក់ ឲ្យបានរៀនសូត្រចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ផងដែរ។
នៅក្នុងឱកាសនោះដែរ លោកបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានប្រកបដោយខ្លឹមសារថា ទោះជាអំណោយនាពេលនេះ វាតិចតួច ក៏ពិតមែន តែវាអាចជួយជីវភាពរបស់បងប្អូនបានមួយគ្រាដែរ។
ហើយនេះ គឺជាការមើលឃើញ និងយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំស្រុក ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមាន សម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺលោកតែងតែយកចិត្តទុកដាក់បំផុតក្នុងការរស់នៅរបស់បងប្អូនដោយមិនប្រកាន់និន្នាការនយោបាយអ្វីទាំងអស់៕
Source: Kampuchea Thmey Daily
0 Comments