ក្រុមឃ្លាំមើលវិស័យអាកាសចរណ៍បានរាយការណ៍ថា មនុស្សសរុបចំនួន៥៥៦នាក់បានស្លាប់នៅក្នុងការធ្លាក់យន្តហោះចំនួន១៥លើកក្នុងឆ្នាំ២០១៨ដែលចំនួននេះមានច្រើនជាងឆ្នាំមុនប៉ុន្តែនិន្នាការរយៈពេលវែងបានបង្ហាញពីភាពល្អប្រសើរឡើងនៃសុវត្ថិភាព។
បណ្តាញសុវត្ថិភាពអាកាសចរណ៍ (ASN) បាននិយាយថា ឆ្នាំ២០១៧គឺជាឆ្នាំសុវត្ថិភាពបំផុតក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍ដោយមានមនុស្សត្រឹមតែ៤៤នាក់ប៉ុណ្ណោះដែលបានស្លាប់នៅក្នុងឧបទ្ទវហេតុយន្តហោះចំនួន១០លើក។
ឆ្នាំមុនគឺនៅតែជាឆ្នាំមានសុវត្ថិភាពបំផុតទីបីក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍បើគិតពីចំនួនគ្រោះថ្នាក់និងជាឆ្នាំសុវត្ថិភាពបំផុតលំដាប់ទីប្រាំបួនបើគិតពីចំនួនជីវិតមនុស្សដែលបាត់បង់។
នាយកប្រតិបត្តិ ASN លោក Harro Ranter បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា “ប្រសិនបើអត្រាគ្រោះថ្នាក់នៅតែមានដូចកាលពី១០ឆ្នាំមុន វានឹងមានឧបទ្ទវហេតុធ្វើឲ្យមនុស្សស្លាប់ចំនួន៣៩ករណីកាលពីឆ្នាំមុន”។
លោកបានបន្ថែមថា “នេះបង្ហាញពីវឌ្ឍនភាពដ៏ធំសម្បើមក្នុងលក្ខខណ្ឌនៃសុវត្ថិភាព”។
ឧបទ្ទវហេតុសម្លាប់មនុស្ស៣លើកកាលពីឆ្នាំមុនគឺពាក់ព័ន្ធនឹងប្រតិបត្តិករដែលត្រូវបានកត់ក្នុងបញ្ជីខ្មៅដោយសហភាពអឺរ៉ុប។
ASN បានបន្ថែមថា ការពិនិត្យឡើងវិញនៃតួលេខ៥ឆ្នាំចុងក្រោយនេះបានបង្ហាញថា គ្រោះថ្នាក់ដោយសារការបាត់បង់ការគ្រប់គ្រងគឺជាកង្វល់សុវត្ថិភាពដ៏ធំមួយដែលរួមចំណែកក្នុងគ្រោះថ្នាក់សម្លាប់មនុស្សចំនួន១០លើកក្នុងចំណោម២៥លើក។
គួរបញ្ជាក់ថា គ្រោះថ្នាក់សម្លាប់មនុស្សច្រើនបំផុតកាលពីឆ្នាំមុនគឺការធ្លាក់យន្តហោះ Boeing 737 ដែលប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ Lion Air ដែលបានធ្លាក់នៅប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី២៩ខែតុលាដោយបានសម្លាប់មនុស្សទាំងអស់១៨៩នាក់នៅលើយន្តហោះនោះ៕ AFP
Source: Kampuchea Thmey Daily
0 Comments