Ad Code

តារា​សិល្បៈ​ចូលរួម​ចែកទាន​ នា​ឱកាស​ថ្ងៃ​ចម្រើន​ព្រះជន្ម​ព្រះ​តេជគុណ នី សុវណ្ណ​មុនី​រ៉េត នៅ​ជើងភ្នំ​ព្រះ​រាជ្យទ្រព្យ



ភ្នំពេញ ៖ ព្រះព្រហ្ម​វិជ្ជា​នី សុវណ្ណ​ មុនី​រ៉េត នា​ឱកាស​ខួប​ចម្រើន​ព្រះ​ជន្មាយុ​គម្រប់​៤០​ព្រះវស្សា​ បាន​ដឹកនាំ​សិល្បៈ​និមន្ត​ទៅកាន់​តំបន់​ជើងភ្នំ​ព្រះរាជ​ទ្រព្យ​ ដើម្បី​ចែកទាន​ជា​គ្រឿង​ឧបភោគបរិភោគ​ និង​ថវិកា​ជូន​ចំពោះ​ប្រជាពលរដ្ឋ​ខ្វះខាត​ប្រមាណ​ជាង​១០០​គ្រួសារ។ ការចែក​ទាន​នេះ​ ក៏​មាន​ការចូលរួម​ពី​សំណាក់​សប្បុរសជន​ និង​តារា​សិល្បៈ​ចូលរួម​ផង​ដែរ។

នា​ឱកាស​នោះ​ដែរ​ ព្រះគ្រូ​នី សុវណ្ណ មុនី​រ៉េត មាន​សង្ឃដីកា​ថា​ ការ​ ​ដែល​ព្រះអង្គ​បានសម្រេច​ចែក​អំណោយ​ពេលនោះ ​ព្រោះ​ថ្ងៃ​៧​មករា​នេះ​ មិន​ត្រឹមតែ​ជា​ថ្ងៃកំណើត​ទី​២​ របស់​ប្រជាជន​ទាំងអស់​នោះ​ទេ ​ក៏​ត្រូវ​នឹង​ថ្ងៃ​ចម្រើន​ព្រះជន្ម​របស់​ព្រះអង្គ​ផ្ទាល់ ​គម្រប់​៤០​ព្រះវស្សា​ផង​ដែរ។ ចំពោះ​រាល់​ការ​ចំណាយ​ ក៏​មាន​ការជួយ​ឧបត្ថម្ភ​ពី​សប្បុរសជន​មួយ​ចំនួន​ដែល​បាន​ចូលរួម​ដោយ​ផ្ទាល់។

ព្រះអង្គ​មាន​សង្ឃដីកា​បន្តថា ​ព្រះអង្គ​ចង់​រៀបចំ​កម្មវិធី​សប្បុរសធម៌​ខ្លះ ​ដើម្បី​ចែកទាន​ក្នុង​ថ្ងៃ​ចម្រើន​ព្រះជន្ម​ដោយផ្ទាល់​ដៃ នៅ​តំបន់​នេះ និង​រួមគ្នា​ជាមួយ​ញាតិញោម​ជា​សប្បុរសជន​ ដែល​មាន​សទ្ធា បំពេញ​ទាន​កុសល​ដោយ​ចិត្ត​បរិសុទ្ធ​ដែលជា​អានិសង្ស​មួយ​ដ៏​ប្រសើរ​ក្រៃលែង​។​

ទោះ​ទាន​នេះ​មិនជា​ច្រើន​ មិនអាច​បំពេញ​គ្រប់គ្រាន់​សម្រាប់​តម្រូវកា​រ​ប្រចាំថ្ងៃ​បាន​មែន ប៉ុន្តែ​ក៏​អាច​សម្រួល​ជីវភាព និង​ជាការ​ឆ្លុះបញ្ចាំង​ពី​ការរួម​សាមគ្គី វប្បធម៌​នៃ​ការចែករំលែក​ដល់​ជន​ដែល​ទីទ័ល​ក្រីក្រ​។

ព្រះអង្គ ​ក៏មាន​គម្រោង​បន្ត​ចែកទាន​ជូន​បន្ថែម​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​តំបន់​នេះ​ ប្រមាណ​ជិត​១០០​គ្រួសារ​ បន្តទៀត​សម្រាប់​គ្រា​បន្ទាប់​។ ជាមួយនឹង​ការសាកសួរ​សុខទុក្ខ​របស់​ពួកគាត់ ព្រះ​តេជគុណ​បាន​ជួយ​ផ្តល់​ជា​ឱវាទ ការអប់រំ​ចិត្ត និង​ការ​លើកទឹកចិត្ត​ចំពោះ​ពុទ្ធបរិស័ទ​ ដែល​កំពុង​ប្រឈម​នឹង​ជីវភាព​ខ្វះខាត​ឲ្យ​ខិតខំ​បំពេញការងារ តស៊ូ​ប្រឹងប្រែង​ក្នុង​ជីវិត​រស់នៅ ប្រព្រឹត្តិ​អំពើ​ល្អ ជា​បុណ្យ​កុសល វៀរចាក​ការ​លេង​ល្បែងស៊ីសង អំពើ​ពាលា​អាវាសែ និង​ស្រលាញ់​ថែរក្សា​ក្រុម​គ្រួសារ និង​អ្នក​នៅ​ជុំវិញខ្លួន​។​

សូមបញ្ជាក់ថា​ កម្មវិធី​នេះ​ត្រូវបាន​រៀបចំឡើង​នៅ​ចំណុច​ភូមិ​ស្រះ​ពោធិ៍​ឃុំ​ភ្នំ​បាត្រ ស្រុក​ពញាឮ ខេត្ត​កណ្តាល​។​ អំណោយ​ចែកជូន​ប្រជាជនមាន​សរុប​ចំនួន​១៣០​គ្រួសារ​រួមមាន គ្រឿង​ឧបភោគ​បរិភោគ​មាន​ដូចជា ​៖ អង្ករ​, មី ,​ទឹកត្រី​, ទឹកស៊ីអ៊ីវ​, ភេសជ្ជៈ​, ថ្នាំសង្កូវ និង​ថវិកា​មួយចំនួន​ផងដែរ​។ ប្រជាពលរដ្ឋ​ទាំង​១៣០​គ្រួសារ​ភាគច្រើន​ គឺ​មកពី​គ្រួសារ​ក្រីក្រ ​ក្នុង​សហគមន៍​តង់​ខៀវ​។

អម​ដំណើរ​និមន្ត​ចែកទាន​នៅ​កម្មវិធី​នេះ​ គេ​ក៏​ឃើញ​ព្រះ​វត្តមាន​អតីត​សិល្បករ ​គឺ​ព្រះ​តេជគុណ​ អ៊ឹម ជីវ៉ា សប្បុរសជន​ជាច្រើន និង​សិល្បករ​សិល្ប​ការិនី​មួយ​ចំនួន​ដូចជា​ កញ្ញា យេ​យេ លោក ផា​ឌុន អ្នកនាង ស៊ុន ណា​រី​ម៉ូ​នី​កា អ្នកនាង សំ ប៉ូ​លីដា​ជាដើម៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu