ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឲ្យធនាគារចិនយកការប្រាក់ឲ្យបានទាបទៅលើកម្ចីឥណទានចំពោះប្រទេសកម្ពុជា។ ដោយសម្តេចបានគូសបញ្ជាក់ថា កម្ចីរបស់កម្ពុជានាពេលកន្លងទៅ គឺមានគោលដៅសំខាន់បំផុតក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។
នេះបើយោងតាមប្រភពព័ត៌មានដែលផ្តល់ឲ្យដោយអ្នករាយការណ៍ពិសេសទូរទស្សន៍ជាតិកម្ពុជា។
នាព្រឹកថ្ងៃទី២២មករានេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបាន ទទួលជួបពិភាក្សាការងារជាមួយប្រធានក្រុមប្រឹក្សាភិបាលធនាគារចិន លោក ឆេន ស៊ីឈីង (Chen Siqing) នៅទីក្រុងប៉េកាំងប្រទេសចិន។
ប្រភពបានឲ្យដឹងថា នៅក្នុងជំនួបសម្តែងការគួរសមនោះ លោក ឆេន ស៊ីឈីង(Chen Siqing) បានអះអាងប្រាប់ សម្ដេចតេជោ ហ៊ុន សែន ថា លោកនឹងបន្តវិនិយោគនៅក្នុងប្រទេសកម្ពុជាហើយ ជាពិសេស គឺផ្តល់ទុនសម្រាប់ក្រុមហ៊ុននានារបស់ចិនវិនិយោគ នៅក្នុងប្រទេសកម្ពុជា។
លោក ឆេន ស៊ីឈីង បានថ្លែងថា ធនាគាររបស់លោក បានធ្វើការជាច្រើនឆ្នាំមកហើយ នៅក្នុងប្រទេសកម្ពុជា។
លោកបានថ្លែងថា លោកពិតជាអរគុណចំពោះការគាំទ្រកន្លងមករបស់ សម្តេចតេជោ ហ៊ុន សែន ក៏ដូចជារាជរដ្ឋាភិបាល។
លោកនឹងប្រឹងប្រែងធ្វើយ៉ាងណាឲ្យគំនិតផ្ដួចផ្ដើមនយោបាយខ្សែក្រវាត់មួយ ផ្លូវមួយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាមានការស៊ីសង្វាក់ និងប្រទាក់ក្រឡាគ្នា។
លោក ឆេន ស៊ីឈីង បានលើកឡើងថា ក្រោយពេលបានស្តាប់ប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន ហើយលោកវាយតម្លៃកម្ពស់ចំពោះចក្ខុវិស័យដឹកនាំរបស់សម្ដេច ពោល សម្ដេច មានចក្ខុវិស័យដឹកនាំច្បាស់លាស់ក្នុងការធ្វើឲ្យប្រទេសកម្ពុជា មានការអភិវឌ្ឍក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងអំពីតម្រូវការ នៃទុនជាច្រើន ហើយសព្វថ្ងៃនេះ ចិន មានទុនច្រើន ហើយមានសាខាច្រើននៅលើពិភពលោក ដូច្នេះធនាគារចិនអាចជួយសម្រេចនូវតម្រូវការមួយនេះ។
សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញប្រធានធនាគារចិន អញ្ជើញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យគម្រោងវិនិយោគនានា ដែលគាំទ្រដោយធនាគារចិន។
សម្តេចតេជោ ក៏បានមានប្រសាសន៍ដែរថា សម្ដេចចង់ឃើញឲ្យមានការចុះកិច្ចព្រមព្រៀង នៃគម្រោងទាំងឡាយដែលស្ថិតនៅក្រោមគម្រោងនយោបាយខ្សែក្រវាត់ និងផ្លូវ។ ជាពិសេស សម្តេចបានចាត់តាំងឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាស្ថាប័នរបស់រដ្ឋធ្វើការជាមួយធនាគារចិន។
សម្តេចតេជោ ក៏បានមានប្រសាសន៍ដែរថា សម្តេច ចាប់អារម្មណ៍ចំពោះការប្រកាសរបស់ លោកប្រធានាធិបតី ស៊ី ជិនពីង ក្នុងការបង្កើតវិថីសូត្រសតវត្សទី២១នេះឡើង ដែលជាចំណុចដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាសមាជិក។
សម្រាប់កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា អាទិភាពរបស់កម្ពុជាទាំងអស់ ទាំងរដ្ឋ និងឯកជន គឺផ្តោតសំខាន់ទៅលើវិស័យធំៗចំនួន៤ គឺការអភិវឌ្ឍន៍ធនធានមនុស្ស ទឹក ផ្លូវ និងភ្លើង ដែលជាវិស័យសំខាន់ៗសម្រាប់រាជរដ្ឋាភិបាល។
សម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្សនេះ សម្តេចតេជោ ចង់ឲ្យ ចិន ផ្តល់នូវជំនួយឥតសំណង ដើម្បីចូលរួមបណ្ដុះបណ្ដាលធនធានមនុស្ស សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវ ស្ពាន ព្រលានយន្តហោះ និងកំពង់ផែជាដើម ត្រូវការទុនជាច្រើនពីមិត្តចិន។
សម្ដេចតេជោ ស្នើឲ្យធនាគារចិន ផ្តល់ទុនសម្រាប់ក្រុមហ៊ុនទាំងឡាយ ដែលវិនិយោគទៅលើការបណ្ដុះបណ្ដាលធនធានមនុស្ស ,ហេដ្ឋារចនាសម្ព័ន្ធ ,ក៏ដូចជាលើវិស័យកសិកម្មជាដើម ដើម្បីជំរុញការកែច្នៃកសិផលរបស់កម្ពុជា។
សម្តេចតេជោ ក៏បានគូសបញ្ជាក់ដែរថា ថាមពលអគ្គិសនី ក៏ជារឿងសំខាន់ផងដែរសម្រាប់កម្ពុជា។ ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន ស្នើធនាគារចិន បន្តគាំទ្រដល់ការកសាងខ្សែបណ្ដាញចែកចាយអគ្គិសនីនេះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា កម្ចីរបស់កម្ពុជានាពេលកន្លងទៅ គឺមានគោលដៅសំខាន់បំផុតក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដូច្នេះសម្ដេច ស្នើធនាគារចិន ផ្តល់ការប្រាក់ឲ្យបានទាបទៅលើកម្ចីនោះ។
សម្តេចនាយករដ្ឋមន្ត្រី បានបង្ហាញគាំទ្រឲ្យមានការចុះហត្ថលេខារវាងធនាគារចិន ជាមួយស្ថាប័នរបស់កម្ពុជានូវរាល់គម្រោងទាំងឡាយ ដែលស្ថិតក្រោមនយោបាយខ្សែក្រវាត់ និងផ្លូវ ក៏ដូចជាស្ថិតនៅក្នុងគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។
សម្តេចតេជោ ក៏បានគូសបញ្ជាក់ថា បើគម្រោងវិនិយោគស្ថិតនៅក្រោមនយោបាយខ្សែក្រវាត់ និងផ្លូវទទួលបានជោគជ័យ នោះ គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ របស់លោកប្រធានាធិបតីចិន ក៏ជោគជ័យផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានទទួលយកការអញ្ជើញរបស់ប្រធានធនាគារចិន និងរកពេលវេលាសមស្របទៅទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់ធនាគារ។
ប្រធានធនាគាររបស់ចិន បានថ្លែងអំណរគុណ សម្ដេចតេជោ ហ៊ុន សែន ដែលបានផ្តល់អនុសាសន៍នានា។
លោកក៏បានគោរពអញ្ជើញសម្ដេចនាយករដ្ឋមន្ត្រី ទៅទស្សនាទីស្នាក់ការកណ្តាលរបស់ធនាគារពេលសម្តេចអញ្ជើញចូលរួមកិច្ចប្រជុំកំពូល នៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវនាខែមេសាខាងមុខ ដើម្បីសម្តេចបានធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាផ្តល់ឥណទានលើគម្រោងនានា ស្ថិតក្រោមនយោបាយខ្សែក្រវាត់ និងផ្លូវ ក៏ដូចស្ថិតក្រោមនយោបាយចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឆ្នាំនេះ ប្រទេសចិន នឹងរៀបចំកិច្ចប្រជុំកំពូល នៃខ្សែក្រវាត់មួយ ផ្លូវមួយ នាខែមេសាខាងមុខនេះធនាគារចិន នឹងមានការចុះកិច្ចព្រមព្រៀងមួយចំនួន ដើម្បីផ្តល់ឥណទានដល់ក្រុមហ៊ុននានា ដែលស្ថិតនៅក្នុងគម្រោងនយោបាយខ្សែក្រវាត់ និងផ្លូវ៕
Source: Kampuchea Thmey Daily
0 Comments