កំពង់ឆ្នាំង ៖ បុរសវ័យចំណាស់ម្នាក់ បានស្លាប់ភ្លាមៗជាប់ក្រោមរថយន្ត ជាមួយរ៉ឺម៉កម៉ូតូរបស់គាត់ ខណៈដែលមានរថយន្តដឹកកុងតឺន័រមួយគ្រឿង បានបើកបរក្នុងភាពងោកងុយ បុករ៉ឺម៉កម៉ូតូពីក្រោយក្នុងទិសស្របទិសគ្នា ហើយរថយន្តបានក្រឡាប់កិនពីលើរ៉ឺម៉កម៉ូតូ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅម៉ោង៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី២២ខែមករា ឆ្នាំ២០១៩ នៅចន្លោះគីឡូម៉ែត្រលេខ៧០ និង ៧១ លើផ្លូវជាតិលេខ៥ ក្នុងភូមិរនាមទទឹង ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុករលាប្អៀរ បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តធុនធំម៉ាកហ្វ៊ុយស្ស៊ូ ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ ភ្នំពេញ PP , 23 07 បើកបរក្នុងទិសដៅពីប៉ោយប៉ែតតទៅក្រុងភ្នំពេញ។ លុះមកដល់ចំណុចកើតហេតុ ក៏បានបុកម៉ូតូសង់កូរ៉េ សណ្ដោងរ៉ឺម៉ក ដឹកអេតចាយមួយគ្រឿង ទិសដៅស្របគ្នា ហើយបានក្រឡាប់រថយន្តកិនពីលើរ៉ឺម៉ក និងម៉ូតូ បណ្តាលឲ្យជនរងគ្រោះស្លាប់កៀបជាប់នៅក្រោយរថយន្ត។ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបង្ក បានចុះរត់គេចខ្លួនបាត់។
សមត្ថកិច្ចបានបន្តឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ក៏ធ្វើឲ្យមានការកកស្ទះចរាចរណ៍ផងដែរព្រោះតែអ្នកបើកបររថយន្តតាមដងផ្លូវបាននាំគ្នាឈប់មើលនៅចំណុចកើតហេតុ។ រហូតដល់ម៉ោង៩ និង១៥នាទី ព្រឹកថ្ងៃទី២២មករា ទើបសមត្ថកិច្ចទំនាក់ទំនងបានរថយន្តស្ទូចធុនធំមកស្ទូចបង្ហើបរថយន្តបង្ក ដើម្បីអូសយកសពបុរសរងគ្រោះ និងរ៉ឺម៉កម៉ូតូជនរងគ្រោះ ចេញមកក្រៅ។
នៅជាប់ខ្លួនបុរសរងគ្រោះ សមត្ថកិច្ចបានរកឃើញកាបូបដាក់លុយមួយដែលមានលុយចំនួន៣ពាន់ រៀល និងអត្តសញ្ញាណប័ណ្ណសំគាល់ខ្លួនមួយសន្លឹករបស់បុរសរងគ្រោះ មានឈ្មោះ រស់ វុត្ថា អាយុ ៥២ឆ្នាំ មានទីលំនៅក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប និងមានស្រុកកំណើតនៅក្នុងឃុំបឹងជ្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ដោយគាត់គេឃើញដើរទិញអេតចាយរាល់ថ្ងៃ និងស្នាក់នៅក្នុងស្រុករលាប្អៀរ។
តាមការពិនិត្យស្លាកស្នាមនៅកន្លែងកើតហេតុ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ករណីគ្រោះថ្នាក់នេះបណ្តាលមកពីអ្នកបើកបររថយន្តបង្ក បើកក្នុងស្ថានភាពងោកងុយ ព្រោះគេឃើញរថយន្តនេះបើករេចុះរេឡើងមុនពេលកើតហេតុ និងបន្ទាប់មកជិតដល់គល់ស្ពានត្រពាំងត្រីរ៉ស់ ក៏បានបុករ៉ឺម៉កម៉ូតូជនរងគ្រោះតែម្តង។
សមត្ថកិច្ចឲ្យដឹងថា ចំពោះសពបុរសរងគ្រោះ សមត្ថកិច្ច នឹងជូនដំណឹងអំពីអត្តសញ្ញាណរបស់គាត់ទៅកាន់ សមត្ថកិច្ចនគរបាលនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីទំនាក់ទំនងរកក្រុមគ្រួសារឲ្យមកទទួលយកសពទៅធ្វើបុណ្យទានតាមប្រពៃណី។ ចំណែករ៉ឺម៉កម៉ូតូជនរងគ្រោះ និងរថយន្តបង្ក សមត្ថកិច្ច នឹងជួលរថយន្តស្ទូចមកដឹកយកទៅរក្សាទុកនៅក្នុងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments